ព្រះសីហនុៈ នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រាម​ ប្រជា​ការពារ​ភូមិ ​និង​ថៅកែ​ឃ្លាំង​ទិញលក់​ឈើ​សរុប​ចំនួន​ ៦ នាក់ ​នៅ​ថ្ងៃទី ៤ ​មិថុនា​ នេះ ​ត្រូវ​បាន​លោក​ ជួន ណា​រិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​កោះហៅ​ទៅ​សាកសួរ​ជុំវិញ​រឿង​ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​ រួច​ហើយ​​យក​សាកសព​ទៅ​បោះចោល ​កាលពី​ថ្ងៃទី ៣០ ​ឧសភា​ ប៉ុន្តែ​ក្រោយ​ការសាកសួរ​លោក​ស្នងការ​ អះអាងថា​ វា​មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ។

លោក​ ជួន ណារិន្ទ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​កាលពី​ម្សិលមិញ​ថា ​លោក​មិនមែន​ឃាត់ខ្លួន​អ្នក​ទាំង ៦ នាក់​នេះ​ទេ​ ដោយ​គ្រាន់តែ​កោះហៅ​មក​សាកសួរ​ជុំវិញ​ករណី​ការស្លាប់​របស់​បុរស​ម្នាក់​ដែលជា​អ្នក​ចាំចម្ការ​ឲ្យ​គេ ​នៅក្បែរ​ក្បាល​ស្ពាន​ទឹក​សាប​ ស្ថិត​នៅ​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់​នេះ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​កំពុងតែ​ធ្វើការ​ងារ​នេះ ​ព្រោះ​វា​ជា​រឿង​ស្មុគស្មាញ​ពេក​ វា​មិនមែនជា​ករណី​ឃាតកម្ម ​អ៊ីចឹង​បានជា​រឿង​ស្មុគស្មាញ​ ខ្ញុំ​កំពុងតែ​ធ្វើ​នីតិវិធី ​ហើយ​ជនរងគ្រោះ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ដែរ។ យើង​គ្រាន់តែ​ហៅ​មេ​ប៉ុស្តិ៍​មក​សួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​មិនទាន់​ឈានដល់​ការ​ឃាត់ខ្លួន​ទេ ​ពីព្រោះ​ករណីនេះ ​មិន​មែន​ជា​ករណី​ឃាតកម្ម ដោយ​ចេតនា​ទេ​ យើង​កំពុងតែ​សួរនាំ​រឿង​ហ្នឹង»។

លោក​បន្តថា ​ដើមហេតុ​ដំបូង ​គឺ​មាន​​ពលរដ្ឋ​ទូរស័ព្ទ​ទៅប្រាប់​នគរ​បាល​​ប៉ុស្ដិ៍​ថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ហើយ​សមត្ថកិច្ច​ប៉ុស្ដិ៍​បាន​ជិះ​ម៉ូតូ​ទៅ​មើល ​ប៉ុន្ដែ​មិនមាន​ករណី​អ្វី​កើតឡើង​ទេ។​ នៅពេល​នគរបាល​ឃុំ​ជិះម៉ូតូ​ត្រឡប់​ទៅ​វិញ​ ក៏មាន​គេ​ទូរស័ព្ទ​ប្រាប់​ម្ដង​ទៀតថា ​មាន​មនុស្ស​ទៅ​អង្រួន​ទ្វារផ្ទះ​ពលរដ្ឋ ​ហើយ​ម្ចាស់ផ្ទះ​រុញច្រាន​គ្នា​តិចតួច ​ហើយ​ក៏បាន​ប្រាប់​នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រាម​ទៅ​ជួយ​អន្តរាគមន៍។

លោក ​ណា​រិន្ទ​ បន្ថែមថា​ ក្រោយមក​មេ​ប៉ុស្ដិ៍​ បាននាំគ្នា​ដេញ​បុរស​រូបនោះ​ចេញ កុំ​ឲ្យ​ទៅ​រំខាន​គេ​ទៀត​ ស្រាប់តែ​ព្រឹក​ឡើង ​ក៏មាន​គេ​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់។ ​​អ្នកស្លាប់​នោះ​ជា​បុរស​ដែល​ដើរ​គោះ​ទ្វារ​គេ​យប់នោះ​ ទើប​លោក​បាន​បង្កើត​ក្រុម​ជំនាញ​ទៅ​ស៊ើបអង្កេត ​ហើយក៏​កោះ​មន្ត្រី​ទទួលខុសត្រូវ​មូលដ្ឋាន​នោះមក​សួរនាំ ​ប៉ុន្ដែ​មិនមែន​ឃាត់​ខ្លួន​ទេ។

លោក ​ហ៊ួ យ៉ៃ​ អធិការ​នគរបាល​ស្រុក​ព្រៃនប់ ​ពី​ម្សិលមិញ ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ ដោយ​លោក​អះអាងថា​ មិនទាន់​បានដឹង​រឿងនេះ​ច្បាស់លាស់​នៅ​ឡើយ។

ចំណែក ​លោក​គឹម ចាន់​ មេឃុំ​រាម ​​ប្រាប់​ ពីម្សិលមិញថា​ ពិតជា​មានការ​កោះហៅ​មនុស្ស​ចំនួន ៦ នាក់​មែន ជុំវិញ​ការស្លាប់​បុរស​ម្នាក់​ឈ្មោះ​ ឆេង ភាស់ ​អាយុ ២៦ ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ​ ដែលជា​អ្នក​ចាំ​ចម្ការ​ឲ្យ​គេ​នៅក្បែរ​ទីតាំង​កើតហេតុ​នោះ។ ប៉ុន្ដែ​លោកថា ​មិនអាច​រៀបរាប់​ប្រាប់​ពី​ហេតុការណ៍​នេះ​បានទេ ​ហើយក៏​បង្វែរ​សំណួរ​ឲ្យទៅ​សួរ​អធិការ​ស្រុក​ព្រៃនប់​លោក​ហ៊ួ យ៉ៃ ​ដែល​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​រឿង​នោះ។

ទោះជា​យ៉ាងណា ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ថ្ងៃទី ៤ មិថុនា​ បាន​ដកស្រង់​សម្តីពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដោយ​គាត់​បាន​រៀបរាប់​ថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ​ឆេង ភាស់ ​ជា​អ្នក​ចាំ​ដី​ឲ្យ​អ្នក​មាន​​អំណាច​ម្នា​ក់​នៅ​ម្ដុំ​នោះ។ ​ជន​រង​គ្រោះ​ស្រវឹង​ស្រា ​នៅវេលា​ម៉ោង​ប្រហែល​ ៩ យប់​ រូបគេ​បានមក​រុញច្រាន​ទ្វារផ្ទះ​ស្ត្រីម្នាក់ ​ហៅ ​ម៉ែ​អា​គៀត ​(ម្ចាស់​ផ្ទះ​ដេប៉ូ​ទិញ-លក់​ឈើ) ​ដោយ​មិនដឹង​មូលហេតុ​ ព្រមទាំង​មាន​សំឡេង​ស្រែកជេរ​បញ្ចោ​រម្ចាស់​ផ្ទះ ​ហើយ​ម្ចាស់ ផ្ទះ​ក៏​ជេរ​ត្រឡប់​វិញ​ដែរ។

ពលរដ្ឋ​រូបនេះ​បន្តថា​ ភ្លាមៗនោះ​កូនប្រុស​ពៅ​របស់​ម៉ែ​អា​គៀត មិន​ស្គាល់​ឈ្មោះ​ក៏​លី​កាំបិត​ផ្គាក់​ចេញមក​កាប់​ទៅលើ​ជន​រងគ្រោះ​ដាច់​ស្មា​ម្ខាង​ធ្លាក់​តែម្តង​ ប៉ុន្ដែ​មិនទាន់​ស្លាប់​ទេ។ ហេតុការណ៍​បានកើត​ឡើង​បែបនេះ​ ម៉ែ​អាគៀត​បាន​ទូរស័ព្ទ​រាយ​ការ​ណ៍​ទំនាក់ទំនង​ជាមួយ​លោក ​គង់ សា​ម៉ៃ ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម ឲ្យ​មកជួយ​យក​ជនរងគ្រោះ​ឲ្យ​ផុតពី​ផ្ទះ​គាត់ ដោយ​ស​ន្យា​ឲ្យ​ប្រាក់​ឈ្នួល ១ ម៉ឺន​ដុល្លារ។ គ្រាន់តែ​ឮដូចនេះ លោក​មេ​ប៉ុស្តិ៍​ចាត់ការ​ដោយ​ប្រើ​ប្រជា​ការពារ​ម្នាក់ទៀត ដឹក​យក​ទៅ​ផ្លុង​ចោល ​និង​បញ្ចប់​ជីវិត​ជនរងគ្រោះ​នៅ​ក្បែរ​ក្បាល ស្ពាន​ទឹកសាប ​ក្នុង​ឃុំរាម​ ស្រុក​ព្រៃនប់​តែម្តង។

លោក​ស្រី ជៀប ​សុធារី ​មន្ត្រីសម្រ​បសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (អាដហុក)​ ប្រចាំ​ខេត្ត​ព្រះសីហនុ​ ថ្លែង​ថា​ លោក​ស្រី បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ ប៉ុន្តែ​លោកស្រី​មិនទាន់ដឹង​ច្បាស់​លាស់​ពី​មូលហេតុ​នៃការ​ស្លាប់​របស់​ជនរងគ្រោះ​នៅ​ឡើយទេ ​ដោយ​គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

លោក​ស្រីសុធារី បានប​ញ្ជាក់ថា​៖ «សូម​ឲ្យ​ប្រជាពលរដ្ឋ​ ឬជា​សាក្សី ​ដែលបាន​ដឹង​ហេតុការណ៍នេះ​ច្បាស់ ​សូម​ជួយ​ផ្តល់​ព័ត៌មាន​ ដើម្បី​តាម​ចាប់​ឃាតករ​ ដែលបាន​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​នេះ»៕