ភ្នំពេញៈ ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ឯ ៥ នាក់ទៀតរងរបួសធ្ងន់-ស្រាល និងបង្កការខូចខាតលំនៅឋានប្រជាពលរដ្ឋ ១៥៦ ខ្នង ព្រមទាំងអគារសាធារណៈរបស់រដ្ឋមួយចំនួនទៀត។ នេះបើយោងតាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យ។
លោក ទេព ពុំសែន អធិការស្រុកពួកប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លៀងលាយឡំខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃសៅរ៍បានបង្កផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ៣៣ ខ្នង ក្នុងឃុំចំនួន ៣ នៃស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះលំនៅឋានចំនួន ២៧ ខ្នង របស់ពលរដ្ឋនៅឃុំត្រីញ័រ បានរងការខូចខាតដោយប៉ើងរបើកដំបូល និងបាក់សំយាប ខណៈផ្ទះពលរដ្ឋ ៦ ខ្នងទៀតនៅឃុំល្វា និងឃុំសសរស្ដម្ភបានដួលរលំ និងត្រូវភ្លើងឆេះ។
លោក ពុំសែន បញ្ជាក់ថា៖ «នៅល្ងាចថ្ងៃ ២៨ ខែមីនាហ្នឹងមានករណីភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់កើតឡើងបណ្ដាលឲ្យខូចខាត និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋសរុប ៣៣ ខ្នង។ ក្នុងនោះផ្ទះ ៥ ខ្នងបានដួលរលំរាបដល់ដី និង ១ ទៀតត្រូវភ្លើងឆេះ ដែលបង្កមកពីខ្យល់បក់បោកខ្លាំងបណ្ដាលឲ្យខ្សែភ្លើងដែលមានស្នាមដាច់កកិតស្រាប់ ប៉ះគ្នាបង្កជាផ្ទុះឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋ ១ ខ្នងនោះ។ ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់ ស្លាប់ ឬរងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ»។
រីឯស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់នេះកើតឡើងចំនួន ២ ថ្ងៃជាប់ៗគ្នាផងដែរ គឺនៅល្ងាចថ្ងៃ ២៨ និងល្ងាចថ្ងៃ ២៩ មីនា។ ករណីនេះបានបង្កការខូចខាតលំនៅឋានប្រជាពលរដ្ឋនៅឃុំបាសាក់ និងឃុំស្ដុកប្រវឹកសរុប ២២ ខ្នង និងដំបូលអគារស្នាក់នៅរបស់អធិការដ្ឋាននគរបាលស្រុករុក្ខគិរី ១ ខ្នងផងដែរ។ នេះបើតាមការអះអាងរបស់លោក ឆែ ម៉ាប់ អធិការស្រុករុក្ខគិរីកាលពីថ្ងៃទី ២៩ មីនា។
ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី បញ្ជាក់កាលពីថ្ងៃទី ២៩ ខែមីនា ថាករណីភ្លៀង និងខ្យល់កន្ត្រាក់ដែលបានកើតឡើងនៅស្រុកពួកខេត្តសៀមរាប និងស្រុករុក្ខគិរីខេត្តបាត់ដំបងបានធ្វើឲ្យតួលេខលំនៅឋានពលរដ្ឋ ដែលរងការខូចខាតក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះកើនដល់ ១៥៦ ខ្នងផ្ទះ។
លោក កែវ វី បានថ្លែងថា៖ «បាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២០ បានកើតឡើងចំនួន ២៤ លើក។ ចំនួននេះមានការថយចុះចំនួន ១៥ លើកបើធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះ។ ប៉ុន្តែជនរងគ្រោះដែលបានស្លាប់ និងរងរបួសដោយបាតុភូតនេះមានចំនួន ៧ នាក់ គឺប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២០ នេះបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបង្កឲ្យមនុស្ស ២ នាក់ស្លាប់ និង ៥ នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ ក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុនបាតុភូតនេះបានបង្កឲ្យមនុស្ស ៧ នាក់រងរបួស ប៉ុន្តែគ្មានអ្នកស្លាប់នោះទេ»។
លោក កែវ វី ឲ្យដឹងទៀតថា៖ «ដោយឡែកបាតុភូតរន្ទះបាញ់នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះបានសម្លាប់មនុស្សតែម្នាក់ប៉ុណ្ណោះនៅខេត្តតាកែវដែលតួលេខនេះបានថយចុះរហូតដល់ ៣ ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានមនុស្ស ៣ នាក់ស្លាប់ និង ៣ នាក់ទៀតបានរងរបួស»។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីពេលថ្មីៗនេះបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយរងគ្រោះដោយសារបាតុភូតខាងលើនេះបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
ជាមួយគ្នានេះក្រសួងបានប្រកាសថានៅពេលនេះសីតុណ្ហភាពអតិបរមាស្ថិតក្នុងរង្វង់ ៣៤-៣៨ អង្សាសេ ហើយភ្លៀងកក់ខែក៏នឹងកើតមានស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសផងដែរ។ ប៉ុន្តែក្នុងអំឡុងពេលមានភ្លៀងកក់ខែនេះ «ខ្យល់កន្ត្រាក់ និងផ្គររន្ទះនឹងបន្តកើតមានកាន់តែច្រើនឡើងនៅមុន និងក្នុងអំឡុងពេលមេឃកំពុងមានភ្លៀងធ្លាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតគ្រោះធម្មជាតិដែលអាចនឹងកើតមាន»៕