ក្រចេះ យ៉ាងហោចណាស់ពលរដ្ឋចំនួន ៨ នាក់បានស្លាប់ និង ៩៧ នាក់ផ្សេងទៀតកំពុងតែរងការពុលនៅក្នុង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ ដោយសារសង្ស័យថា បានប្រើប្រាស់ទឹកមានជាតិពុលដែលមានប្រភពមកពីខេត្តមណ្ឌលគិរី ។ នេះយោងតាមអាជ្ញាធរខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលកំពុងតែចុះសាកសួរសុខទុក្ខពលរដ្ឋរងគ្រោះបានមានប្រសាសន៍ថា រហូតមកដល់នឹងព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៨នាក់ហើយ និងអ្នកកំពុងតែមានអាការៈពុលមានសរុបចំនួន៩៧នាក់។ អ្នកខ្លះស្លាប់នៅមន្ទីរពេទ្យខេត្ត និងនៅពេលបញ្ជូនទៅសង្រ្គោះនៅពេទ្យក្នុងរាជធានីភ្នំពេញប៉ុន្តែលោកមិនទាន់ថាអ្នកស្លាប់នោះមានប្រុស ប៉ុន្មាននាក់ និងស្រីប៉ុន្មាននោះទេ។
លោកអភិបាលបានបញ្ជាក់ថា៖«ស្លាប់ដល់៨នាក់ហើយ។ ពីមុនបញ្ជូនទៅពេទ្យ៨៧នាក់ និងមកដល់ម៉ោងនេះ យើងបញ្ជូនចេញជិត១០នាក់ទៀត។ ចឹងជិត១០០នាក់ហើយ មិនទាន់គ្រប់គ្រងបាន។ មានបញ្ជូនទៅភ្នំពេញ និងខ្លះពេលដល់ខេត្តកំពុងតែរៀបចំសង្រ្គោះក៏ដាច់ដង្ហើមទៅ»។
លោកបន្តថា៖«ពលរដ្ឋប្រើប្រាស់ទឹកព្រែក ដែលមានប្រភពមកពីខេត្តមណ្ឌលគិរី។ យើងសន្និដ្ឋានថាអាចពុលមកពីទឹកហ្នឹង តែត្រង់ថាដោយប្រភេទណាយើងមិនទាន់ហ៊ានសន្និដ្ឋានបានទេ។ ឥឡូវក្រុមគ្រូពេទ្យថ្នាក់ជាតិបានទៅដល់ខេត្តហើយ ពុងតែរៀបចំចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងប្រមែប្រូលភស្តុតាង និងរុញ[បញ្ជូន]ស្អីៗ ទឹកហ្នឹងទៅទីក្រុងភ្នំពេញ ដាក់ឡាបូមើលហើយ»។
លោកបានបន្ថែមថាអាជ្ញាធរកំពុងតែចុះសាកសួរសុខទុក្ខ និងចែកទឹកសុទ្ធជាង ១ ពាន់យួរដល់ពលរដ្ឋ៕