ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន​ ៩ ​នាក់​ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ជំងឺ​កូវីដ ១៩ ខណៈ​ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​រកឃើញថា មាន​មនុស្ស​ចំនួន​ ១៩ ​នាក់ ​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន ហើយ​ ១៣ ​នាក់​ ត្រូវបាន​ដោះលែង​វិញ​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែល​កំពុង​តែមាន​ការរីក​រាលដាល​ដែល​កំពុងតែ​មានការ​ព្រួយបារម្ភ​នេះ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​មនុស្ស​ចំនួន ៩ នាក់​ ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់ខ្លួន​ ១ ​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ព័ត៌មាន​មិន​ពិត​។

អង្គការ​លីកាដូ​បាន​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៣ ខែមីនា ថា អំឡុង​ពេល​កើនឡើង​នៃ​ការភ័យខ្លាច និង​ភាពមិនច្បាស់លាស់​នៃ​ការរាតត្បាត​របស់​ជំងឺ​កូវីដ​ ១៩ ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​ការចែក​ចាយ​ពាក្យ​ចចាមអារ៉ាម​ក្នុង​បណ្តាញ​សង្គម​បើទោះបី​ជា​ការចែកចាយ​នោះ​តាមរយៈ​សារ​ឯកជន​ក៏ដោយ​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវបាន​យកទៅ​អប់រំ ឬ​ណែនាំ​ដោយ​សន្យាថា​នឹង​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​ដែល​អាជ្ញាធរ​រដ្ឋ​ចាត់ទុក​ជា​ព័ត៌មាន​មិន​ពិត​ ឬ​ក៏​ត្រូវបាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា៖ «​ចាប់ពី​ថ្ងៃទី​ ៣០ ​ខែ​មករា​ដល់​បច្ចុប្បន្ននេះ​យើង​ឃើញ​មាន​ ១៩ ​ករណី​។ នៅក្នុង​ហ្នឹង​មានការ​ឃុំខ្លួន​ ៦ ​ករណី និង​ធ្វើ​កិច្ចសន្យា​ហើយ​ដោះលែង​វិញ​ហ្នឹង​គឺ​ ១៣ ​ករណី​។ ចាប់ខ្លួន និង​ការឃុំខ្លួន​កន្លងមក​ហ្នឹង​គឺ​ទាក់ទង​នឹង​បញ្ហា​កូវីដ​ ១៩ ដែល​បាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក​»​។

លោក​បន្តថា នៅ​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​មិនទាន់បាន​យល់ដឹង​ច្បាស់​អំពី​ជំងឺ​កូវីដ​ ១៩ ​នោះ​ទេ​។ ពួកគាត់​តែងតែ​មាន​ការភិតភ័យ​ហើយ​បារម្ភ​ពី​ជំងឺ​នេះ​ដែល​ធ្វើឱ្យ​ការបញ្ចេញមតិ​មាន​ភាពខុសៗ​គ្នា​។ ភាពមិន​យល់ដឹង និង​ការបញ្ចេញមតិ​មួយចំនួន​អាច​មាន​ភាពលើសលស់ ដែល​អាច​នាំ​ឱ្យ​មាន​ការចោទប្រកាន់​ថា ជា​ព័ត៌មាន​មិន​ពិត ហើយ​បង្កឱ្យមាន​ភាពវឹកវរ​ដល់​សង្គម​។ មនុស្ស​ ៦ ​នាក់​ដែល​ត្រូវបាន​ឃុំ​ខ្លួន​ភាគច្រើន​ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក អំ សំអាត បញ្ជាក់ថា​៖ «​ហើយ​ដល់ពេល​អ៊ីចឹង វា​អាច​នឹង​គេ​រិះគន់ថា ការចាប់​ឃុំខ្លួន​កន្លង​មក​ហ្នឹង​អាច​ជាការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។ ជម្រើស​ហ្នឹង​វា​មិនមែន​ជា​ជម្រើស​ដែល​ល្អ​ទេ​។ ជម្រើស​ល្អ​គួរណា​តែ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ថា រឿងនេះ​ជា​រឿង​ពិភពលោក​កុំឱ្យ​ចែកចាយ​ព័ត៌មាន​ដែល​មិន​ប្រាកដប្រជា ឬ​ក៏​មិន​ពិត​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​គាត់​យល់ ហើយ​គាត់​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​ ឬ​ក៏​ទប់ស្កាត់​កូវីដ​ ១៩ ​នេះ​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយសារ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​រោគរាតត្បាត ពួកគាត់​បាន​យក​ឱកាស​នេះ​ធ្វើការ​ឃោសនា​ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស ឬក៏​ក្រុម​របស់​ពួកគាត់ ហើយ​ធ្វើការ​បន្តុះបង្អាប់​ដល់​រដ្ឋាភិបាល​។

លោក​ ខៀវ សុភ័គ ថ្លែងថា​៖ «​គេ​កំពុង​ព្រួយបារម្ភ សាមគ្គី​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ គាត់​ទៅ​យក​ឱកាស​នេះ ដើម្បី​ធ្វើការ​ឃោសនា​ទៅវិញ​។ ដូច្នេះ​គឺ​ត្រូវ​ប្រគល់​ឱ្យ​ច្បាប់​លោក​សម្រេច​។ ដោះលែង​មិន​ដោះលែង​អាស្រ័យ​លើ​ស្ថាប័ន​តុលាការ​គាត់​ធ្វើការ​វិនិច្ឆ័យ​ចុះ​»៕