ព្រះសីហនុ៖ កងរាជ​អាវុធហត្ថ​ខេត្ត​​ព្រះសីហនុ​កំពុង​​ស្រាវជ្រាវ​រក​អង្គភាព ​និង​កំណត់​អត្តសញ្ញាណ​មន្រ្តី​យោធា​​ពាក់​សក្តិ ៤ ​កន្លះ​ម្នាក់ ​ឲ្យ​ចូល​ឆ្លើយ​​បំភ្លឺ​ករណី​ប្រើ​អាវុធ​ខ្លី​​ផ្ទុះ​ ​២ គ្រាប់​ឡើង​លើ​ ខណៈ​កំពុង​ចូលរួម​ពិធី​បុណ្យ​សព ​៧ ​ថ្ងៃ​ជីដូន​ខ្លួន​ នៅ​ភូមិ​ព្រៃ​នប់ ​២ ​ឃុំ​-​ស្រុក​ ព្រៃ​នប់​ ខេត្ត​ ព្រះសីហនុ​កាល​ពី​យប់​ថ្ងៃ​ទី ​២៨​ កញ្ញា​។​

លោក​ សេក​ សូនី​ នា​យការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​ករណី​មន្រ្តី​យោធា​ម្នាក់​ដែល​បាញ់​បោះ​ក្នុង​ពីធី​បុណ្យ ​គឺ​សមត្ថកិច្ច​របស់​លោក​មិន​ទាន់​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ​ទេ​ ហើយ​ក៏​កំពុង​ស្រាវជ្រាវ​​រក​មន្រ្តី​យោធា​នោះ​​​ឲ្យ​ចូល​ខ្លួន ​ដើម្បី​ឆ្លើយ​បំភ្លឺ​ផង​ដែរ​​។​

លោក​ប្រាប់​ថា​៖ «រឿង​នេះ​ខាង​មន្រ្តី​ជំនាញ​​របស់​ខ្ញុំ​ កំពុង​ចាត់​ការ​​តាម​នីតិ​វិធី​ហើយ​។ យើង​ហៅ​គាត់​ឲ្យ​ចូល​បំភ្លឺ​ពី​មូលហេតុ​ពិត​អំពី​រឿង​នេះ​​»។

ពាក់​ព័ន្ធ​ករណី​នេះ​ លោក ​ណុប ​សុខា ​នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ព្រៃនប់​បានឲ្យ​ដឹង​ពី​ម្សិល​មិ​ញដែរ​ថា​ មុនកើត​ហេតុ​ ១ ថ្ងៃ​ នៅ​ភូមិ​ព្រៃ​នប់​ ២ ​ឃុំ​-​ស្រុក​ព្រៃនប់​ មាន​អ្នក​ភូមិ​ម្នាក់​បាន​ប្រារព្ធ​ពី​ធិបុ​ណ្យ​សព​គម្រប់ ​៧ ថ្ងៃ​របស់​សព​ជីដូន​រប​ស់ខ្លួន​។ លុះ​នៅ​យប់​ថ្ងៃ​ទី​ ២៨​ កញ្ញានោះ​ ក៏​មាន​ពិធីនិ​មន្ត​​ព្រះសង្ឃ​សូត្រធម៌​ ដោយមា​ន​ភ្ញៀវអ្នក​ភូមិ​និង​ញាតិ​មិត្ត​​ខាង​គ្រួសារ​សព​ចូល​រួមច្រើន​។បន្ទាប់​ពី​ចប់​ពិធី​សូត្រធម៌​ ក៏មាន​ការ​ផឹក​ស៊ី​តាម​ទម្លាប់​របស់​អ្នក​ភូមិ​។​

លោក​បន្ត​តាម​សម្តី​របស់​ម្ចាស់​ផ្ទះ​បុណ្យ​ថា​ ក្នុង​ពេល​កំពុង​ផឹក​ស៊ី​នោះ​​ក៏​មាន​យោធា​ម្នាក់​ ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​ម្ចាស់​ដើម​បុណ្យ​ និង​ត្រូវ​ជា​ចៅ​របស់​សព​ផង​ដែរ​។ នៅពេល​មនុស្ស​ម្នា​កំពុង​ហូប​ចុក​សប្បាយ​ស្រាប់​តែ​មន្រ្តី​យោធា​​ម្នាក់​នោះ​ទាស់​ពាក្យ​សម្តី​ជា​មួយ​​ម្ចាស់​បុណ្យ​ត្រូវ​ជា​​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា​ ហើយ​បាន​ដក​កាំភ្លើ​ងខ្លី​​មិន​ស្គាល់ម៉ា​ក​ពី​ចង្កេះ​បាញ់​គំរាម​ឡើង​លើ​ចំនួន ​២ គ្រា​ប់​ រួចក៏​ឡើង​ជិះ​​រថយន្ត​ចេញ​បាត់​ទៅ។​​

លោកប​ន្ត​ថា ​ក្រោយ​កើត​ហេតុ​ពលរដ្ឋ​​បា​នរា​យកា​រណ៍​​ប្រាប់​មក​សម​ត្ថកិ​ច្ចរ​បស់លោ​ក ​ទើប​នគ​របាល​បាន​ចុះ​ដល់​ផ្ទះ​កើតហេតុ​ ដើម្បីសាក​សួរ​មន្រ្តី​យោធានោះ​ ​តែ​គាត់​បានគេច​ខ្លួន​បាត់​។​ ករណី​នេះ​សមត្ថ​កិច្ច​លោក​គ្រាន់​តែ​បាន​ធ្វើ​កំណត់​ហេតុ​ប៉ុណ្ណោះ​។

លោក​​ថ្លែងថា​៖ ​«រឿងនេះ​ខាង​ម្ចាស់​​ផ្ទះ​បុណ្យ​អត់បាន​ដាក់​បណ្តឹង​មក​ប៉ុស្តិ៍​នគរបាល​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​បាន​ធ្វើ​របាយ​ការណ៍​ទៅ​ស្រុក​ហើយ​​។ ម​ន្រ្តីយោ​ធា​នោះ​ជាប​ង​ប្អូន​គ្នាទេ​​»។

ដោយ​ឡែក​ លោក​ ហួរ​ យ៉ៃ​ អធិការ​នគរ​បាល ​ស្រុក​ព្រៃនប់​ឲ្យដឹង​ពីម្សិលមិ​ញដែរ​ថា​ ករណី​បាញ់បោះ​​នេះ​គឺ​ពិត​ជា​កើត​មាន​មែន​ ប៉ុន្តែស​មត្ថកិច្ច​របស់​លោក​មិនមាន​​ចំណាត់​ការ​ក្នុង​​រឿងនេះ​ទេ ​ព្រោះ​បទ​ល្មើស​បាញ់​បោះ​ដែល​បង្ក​ឡើង​ដោយ​យោធា​បែប​នេះ​ គឺ​ខាង​កម្លាំង​កង​រាជអាវុ​ធ​ហត្ថជា​​អ្នក​អនុវ​ត្ត​៕