ពោធិ៍សាត់ៈ លោក សូ សុវណ្ណឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលាក់ឈើមួយកន្លែង ហើយរឹបអូសបានឈើប្រភេទ រាជកុល ១៥០ កំណាត់ និងបានដឹកយកទៅរក្សាទុកនៅអង្គការ ស៊ី.អាយ (CI) ដើម្បីបន្តការស៊ើបអង្កេតរកម្ចាស់ក្នុងការឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក សុវណ្ណឌី ថ្លែងថា ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ នៅទីតាំងមួយកន្លែងជិតភ្នំក្រវាញ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ បន្ទាប់ពីមានអ្នកថតបង្ហោះឈើហើយផ្ញើមកឱ្យខាងកងរាជអាវុធហត្ថ បញ្ជាក់ពីទីតាំងលាក់ទុកឈើនោះ ស្ថិតនៅលើដីគ្រប់គ្រងដោយក្រសួងបរិស្ថានតាមជួរភ្នំក្រវាញ។
ឈើរាជកុលទាំងនោះ គឺមានទំហំនិងប្រវែងខុសៗគ្នា ខ្លះមានប្រវែងចាប់ពី ៥ ទៅដល់ ៦ ម៉ែត្រ និងត្រូវជនល្មើសអារធ្វើជាក្ដារបន្ទះខ្លះ និងធ្វើជាសសរជ្រុងខ្លះ។
លោក ថ្លែងថា៖ «អាឈើហ្នឹង វាកាត់មកគរទុក អត់ (ចាប់បានជនល្មើស) វារត់អស់ហើយ។ ឈើទាំងនោះយើងកំពុងដឹកដាក់នៅ (អង្គការ) ស៊ី.អាយ យើងប្រគល់ឱ្យ ស៊ី.អាយ ហើយស្រាវជ្រាវរកម្ចាស់ដើម្បីបញ្ជូនទៅតុលាការ»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃអង្គការអាដហុក (Adhoc) ដែលជាអ្នកតាមដានអំពីបទល្មើសព្រៃឈើបានថ្លែងកាលពីម្សិលមិញថា តំបន់ភ្នំក្រវាញ គឺជាទីតាំងមួយដែលគេសង្កេតឃើញថា មានការកាប់បំផ្លាញព្រៃឈើដ៏សកម្ម ប៉ុន្តែកន្លងមកអាជ្ញាធរចុះបង្ក្រាបបានតែឈើដែលកាប់ហើយប៉ុណ្ណោះ និងកម្រអាចចាប់បានជនប្រព្រឹត្តណាស់។
លោក ប៊ុណ្ណារ៍ បានថ្លែងថា៖ «តាមសកម្មជនយើងរាយការណ៍មកថា មានចេញ (ដឹកឈើ) ច្រើន មានទាំងចេញតាមឡានយីឌុប រហូតដល់មានប្រធានអង្គការមួយគាត់ចុះទៅតំបន់ហ្នឹង (ភ្នំក្រវាញ) រហូតដល់មានការហាមឃាត់កុំឱ្យគាត់ចូល ហើយគាត់ក៏បញ្ជាក់យ៉ាងច្បាស់ថា មានការកាប់ឈើក៏ច្រើនដែរនៅតាមតំបន់អស់ហ្នឹង។ វាជាចំណែកតូចដែលកងរាជអាវុធហត្ថបង្ក្រាបបានទេ បើនិយាយអំពីបរិមាណនៃឈើចេញផុត គឺវាលើសហ្នឹងប្រហែល ៦០ ដង»។
លោកបន្តថា មិនមែនតែកងរាជអាវុធហត្ថនៅក្នុងខេត្តពោធិ៍សាត់តែមួយនោះទេ ដែលកម្រចាប់បានអ្នកកាប់បំផ្លាញព្រៃឈើ ប៉ុន្តែរូបភាពនេះបានក្លាយជាវប្បធម៌មួយរបស់មន្ត្រីមួយចំនួននៅគ្រប់ខេត្តក្រុងទាំងអស់ទៅហើយ៕