តាកែវៈ ​អាជ្ញាធរ​ខេត្តតាកែវ​បាននិង​កំពុង​សម្របសម្រួល​ជាមួយ​វៀតណាម​ដើម្បីឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​ដឹកស្រូវ​ចេញ​តាម​ច្រក​បាក់ដៃ ស្ថិត​នៅ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ ចូល​ទៅ​វៀតណាម​បាន បន្ទាប់ពី​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១០ ​នាក់​បាន​ឃាត់​ទូក​ដឹកទំនិញ​របស់​វៀតណាម​ ២ ​គ្រឿង​ដែល​បាន​ឆ្លង​ចូលមក​កម្ពុជា​។

លោក​ ព្រហ្ម ប៊ុនថន ប្រធាន​ច្រក​បាក់ដៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​រដ្ឋបាលខេត្ត អាជ្ញាធរ​ស្រុក​អង្គរបុរី​ និង​មន្ត្រី​ច្រកទ្វារ​បាក់ដៃ​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម​ដើម្បីឱ្យ​ភាគី វៀតណាម​អនុញ្ញាតឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​នាំចេញ​ស្រូវ​ពួកគេ​ទៅ​វៀតណាម​តាម​ច្រក​បាក់ដៃ​បាន​។

លោក​ ព្រហ្ម ប៊ុនថន ឱ្យ​ដឹងថា កន្លងមក​ខាង​ភាគី​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កម្ពុជា​នាំ​ស្រូវ​ចេញ​តាម​ច្រក​នេះ​ទេ ដោយ​ឱ្យ​នាំចូល​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដិន​ និង​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​កំពង់​ក្រសាំង​។ ប៉ុន្តែ​យ៉ាងណាក្ដី ភាគី​កម្ពុជា​នឹង​ខិតខំ​សម្រួល​ជាមួយ​ភាគី​វៀតណាម​ដើម្បីឱ្យ​មានការ​យោគយល់​លើ​ការនាំ​ទំនិញ​កម្ពុជា​ដូចជា​ស្រូវ​ជាដើម​ទៅ​វៀតណាម​តាម​ច្រក​បាក់ដៃ​នេះ​ដោយ​អនុវត្ត​​តាម​វិធាន​ក្រសួង​សុខាភិបាល​។

លោក​ថា​៖ «​ក្នុង​ខេត្តតាកែវ​មាន​ច្រក​អន្តរជាតិ​ភ្នំ​ដិន និង​ច្រក​ទ្វេភាគី​កំពង់ក្រសាំង​ដែល​អាច​ដឹកស្រូវ​នាំចេញ​បាន ប៉ុន្តែ​សម្រាប់​ច្រក​បាក់ដៃ​ជា​ច្រកទ្វារ​តំបន់​វៀតណាម​មិនឱ្យ​ដឹកទំនិញ​ទូទៅ​បាន​ច្រើន​ទេ មានតែ​ប្រភេទ​មុខទំនិញ​មួយចំនួន​ដែល​ត្រូវ​បាន​កំណត់​ប៉ុណ្ណោះ ហើយ​ចំពោះ​ស្រូវ​គេ​ឱ្យ​នាំចេញ​ទៅកាន់​ច្រក​អន្តរជាតិ និង​ទ្វេភាគី​អន្តរជាតិ​»​។

ទោះបី​ជា​យ៉ាងណា ពលរដ្ឋ​កម្ពុជា​​បាន​ទាមទារ​ឱ្យ​ភាគី​វៀតណាម​បើក​ច្រក​បាក់ដៃ​នេះ​ថែម​ ១ ​ទៀត​ក៏​នាំគ្នា​ចុះ​ឃាត់​ទូក​ដឹកទំនិញ​របស់​វៀតណាម​ ២ ​គ្រឿង​ពីថ្ងៃ​ទី​ ២៤ មីនា​។ ការឃាត់​ទូក​វៀតណាម​នេះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​របស់​ជាតិ​ផងដែរ បើ​មិនមាន​ការដោះស្រាយ​សមស្រប​នោះ​។

បើតាម​លោក​ ប៊ុនថន ភាគី​វៀតណាម បើក​ ឬ​មិន​បើក​ច្រក​នេះ វា​ជា​សិទ្ធិ​របស់គេ ប៉ុន្តែ​គេ​ក៏បាន​ប្រាប់​ដែរ​ថា គេ​កំពុង​ស្នើសុំ​ទៅ​មន្ត្រី​ថ្នាក់លើ​ដើម្បី​សម្រេច តែ​រហូត​មក​ទល់​ពេលនេះ​គឺ​មិនទាន់​​មាន​លទ្ធផល​ទេ​។

លោក ឌឹម គឹមសាន អភិបាលស្រុក​អង្គរបុរី​ថ្លែង​ថា ករណីនេះ​លោក​បាន​​ចរចា​ជាមួយ​ភាគី​វៀតណាត​ជាច្រើន​លើក​​មកហើយ ដើម្បី​ឱ្យ​បើក​ច្រក​នេះ ដែល​​អាច​ឱ្យ​ពលរដ្ឋ​កម្ពុជា​នាំ​ស្រូវ​ចេញ​តាម​រដូវ​ប្រមូលផល​បាន ប៉ុន្តែ​ភាគី​វៀតណាម​តម្រូវ​ឱ្យ​មាន​ឯកសារ​គ្រប់គ្រាន់​។

លោក​ថ្លែងថា​៖ «​ទំនិញ​វៀតណាម​​ដែល​ពលរដ្ឋ​ខ្មែរ​ឃាត់​នោះ​គឺ​គេ​មាន​​ច្បាប់​បង់ពន្ធ​អី​ត្រឹមត្រូវ ប៉ុន្តែ​ស្រូវ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បម្រុង​នាំចេញ​នេះ​គឺ​វា​ខ្វះ​បែបបទ​ (CO) ​ដូច្នេះ​គេ​តម្រូវ​ឱ្យ​​មាន​គ្រប់គ្រាន់​ហើយ​ខាង​វៀតណាម​ក៏​គេ​ត្រៀម​ទទួល​យក​ស្រូវ​នេះដែរ​»​។

លោក​បាន​បន្ថែមថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​យល់​ពី​នីតិវិធី​នៃ​ច្បាប់​នាំចេញ​ហើយ​ពួកគាត់​ក៏​ចង់​នាំចេញ​ស្រូវ​ចេញ​ឱ្យបាន​លឿន​ក៏​នាំគ្នា​ឃាត់​ទូក​ទំនិញ​វៀតណាម​ដែល​ស្របច្បាប់​ទៅ​។

យ៉ាងណាក្ដី ភ្នំពេញ ប៉ុស្ដិ៍ មិនអាច​ទាក់ទង​ទៅ​តំណាង​ពលរដ្ឋ​ទាំង​ ១០ នាក់​ដើម្បី​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។ ក៏ប៉ុន្តែ​ពីថ្ងៃ​ទី​ ២៤ ខែមីនា ពលរដ្ឋ​ទាំង​នោះបាន​អះអាងថា ការឃាត់​ទូក​វៀតណាម​ ២ ​គ្រឿង​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​ការហាមឃាត់​ទូក​ដឹកស្រូវ​ពួកគាត់​ចូលទៅ​វៀតណាម​៕