បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យបានជួបពិភាក្សាជាមួយមន្ត្រីខេត្តស្រះកែវរបស់ថៃកាលពីថ្ងៃម្សិលមិញ ដើម្បីចរចាសុំបើកច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតឡើងវិញ ខណៈដែលកម្ពុជាប្រកាសអនុញ្ញាតឱ្យពលរដ្ឋវៀតណាមអាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាឡើងវិញ។
លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្ដិ៍ថា នៅថ្ងៃទី ២២ មិថុនា លោក អ៊ុំ រាត្រី អភិបាលខេត្តបានជួបប្រជុំជាមួយមន្ត្រីខេត្តស្រះកែវនៅទីស្នាក់ការគយដែលស្ថិតនៅច្រកខាងប្រទេសថៃដើម្បីពិភាក្សាអំពីការស្នើសុំបើកច្រកទ្វារព្រំដែនប៉ោយប៉ែតខ្លងលឹករវាងប្រទេសទាំង ២ ឡើងវិញ ក្រោយពីត្រូវបានបិទតាំងពីខែមីនាមកដោយសារជំងឺកូវីដ ១៩។
លោកបន្តថា មូលហេតុសូមបើកច្រកព្រំដែនឡើងវិញនេះ គឺធ្វើឡើងក្រោយពីមានសំណូមពររបស់ពលរដ្ឋកម្ពុជាដែលតែងចេញចូលប្រទេសថៃជាពិសេសអាជីវករខ្មែរដែលមានតូបលក់ដូរនៅផ្សាររុងក្លឿ។ លោកថា៖ «បងប្អូនពលរដ្ឋយើងនៅផ្សាររុងក្លឿ មធ្យមមានប្រហែល ១ ម៉ឺន ២ ពាន់នាក់ បានចេញចូលប្រកបរបររកស៊ី។ (ការបិទព្រំដែន) ធ្វើឱ្យបងប្អូនជួបបញ្ហាជីវភាព»។ លោកថា លទ្ធផលនៃការជួបពិភាក្សានេះ គឺខេត្តនឹងប្រកាសជាផ្លូវការនៅក្រោយមានលទ្ធផលពីកិច្ចប្រជុំ។
ការស្នើសុំដើម្បីឱ្យប្រទេសថៃបើកច្រកទ្វារព្រំដែនប៉ោយប៉ែតនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសបានផ្ញើលិខិតមួយចុះថ្ងៃទី ១៩ មិថុនា ទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពនៅថ្ងៃទី ១៧ មិថុនា អនុញ្ញាតឱ្យពលរដ្ឋវៀតណាមអាចធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលមកកម្ពុជាវិញ។
លិខិតដែលចុះហត្ថលេខាដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសសរសេរថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិរាករណ៍សេចក្ដីប្រកាសព័ត៌មាន និងកំណត់ទូតចុះថ្ងៃទី ១៨ មីនាឆ្នាំ ២០២០ របស់ក្រសួងការបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោកផ្លូវទឹក និងផ្លូវអាកាស»។
លិខិតបន្តថា កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី ២០ ឧសភាដូចដែលបានអនុវត្តកន្លងមករួចមកហើយ ជាមួយប្រទេសដទៃទៀតដោយអនុញ្ញាតឱ្យពលរដ្ឋវៀតណាមចូល-ចេញពីកម្ពុជា ដោយអនុវត្តតាមវិធានសុខាភិបាល។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។
រដ្ឋាភិបាលវៀតណាមបានសម្រេចបិទព្រំដែនទាំងអស់ជាមួយកម្ពុជាតាំងពីថ្ងៃទី ១៨ ខែមីនា ដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមិនបានជូនដំណឹងជាមុនមករដ្ឋាភិបាលកម្ពុជាឡើយ។
លោក អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិតប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកបានឃើញសេចក្ដីប្រកាសរបស់ក្រសួងការបរទេសផ្ញើទៅកាន់ក្រសួងមហាផ្ទៃអំពីការសម្រេចអនុញ្ញាតឱ្យពលរដ្ឋវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែនចូលកម្ពុជា។ ប៉ុន្តែលោកមិនទាន់ទទួលបានគោលការណ៍ជាផ្លូវការពីថ្នាក់ដឹកនាំជុំវិញការសម្រេចនេះនៅឡើយទេ។
លោកបញ្ជាក់ថា ពលរដ្ឋខ្មែរនៅតាមព្រំដែនតែងសួរលោកអំពីថ្ងៃដែលភាគីវៀតណាមអាចបើកព្រំដែន ដើម្បីអនុញ្ញាតឱ្យពួកគាត់បានធ្វើដំណើរចូលទៅវៀតណាមដើម្បីព្យាបាលជំងឺ៕