ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែងថា លិខិត​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​រិះគន់​ពី​បញ្ហា​នៅ​​កម្ពុជា​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន ហើយ​រំពឹងថា អាមេរិក​គោរព​គោលការណ៍​ឯករាជភាព​​ និង​អធិបតេយ្យ​ទៅវិញ​ទៅមក​ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ ខណៈ​​អ្នកវិភាគ​មើលឃើញ​ថា មាន​បញ្ហា​​បន្តិចបន្តួច​ត្រូវគេ​បំប៉ោង​។

សមាជិកសភា និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ ៨ ​រូប​ កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ស្នើឱ្យ​លោក​ដោះស្រាយ​ការធ្លាក់ចុះ​ការការពារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លិខិត​ ៣ ​ទំព័រ​របស់​សមាជិក​សភា​អាមេរិក ​៤ ​រូប និង​សមាជិក​ព្រឹទ្ធសភា​ ៤ ​រូប​បាន​រៀបរាប់​ពី​ការ​កាន់អំណាច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថា​មាន​អំពើហិង្សា ការគំរាមកំហែង និង​រឹតត្បិត និង​មាន​អំពើពុករលួយ​។

ពួកគេ​បន្តថា បន្ទាប់ពី​គណបក្ស​ប្រឆាំង​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ​ ២០១៧ សមាជិក​អតីតបក្ស​នេះ​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន ហើយ​រដ្ឋាភិបាល​បាននិង​កំពុង​ធ្វើ​ច្បាប់​រឹតត្បិត​សេរីភាព​​នានា​។ ពួកគេ​ក៏បាន​យោង​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​ចុះផ្សាយ​ថា អ្នកទោសនយោបាយ​ ៥៥ ​នាក់​រួមមាន សកម្មជន​បរិស្ថាន សកម្មជន​បក្សប្រឆាំង និង​អ្នកសារព័ត៌មាន​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន ដោយសារ​ការអនុវត្ត​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ជួបជុំ​ដោយ​សន្តិវិធី​។

ក្រុម​សមាជិកសភា និង​ព្រឹទ្ធសភា​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បញ្ជូន​សារ​ទៅ​លោក ហ៊ុន សែន ថា «​ការបង្ក្រាប​លើ​បក្សប្រឆាំង និង​សេរីភាព​នៃ​ការបញ្ចេញមតិ​មិន​អាច​ទទួល​យក​បាន​ទេ​...​វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវតែមាន​ជំហរ​ច្បាស់លាស់ និង​ស្របគ្នា​ក្នុងការ​ថ្កោលទោស​លោក ហ៊ុន សែន និង​ការបង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​...​ទោះបី​ជា​រដ្ឋាភិបាល​របស់​យើង​កំពុង​ស្ថិត​ក្នុង​អន្តរកាល​ឆ្ពោះ​ទៅ​កាន់​រដ្ឋបាល​ថ្មី​ក៏ដោយ​»​។

ក្រុមមន្ត្រី​ដដែល​ស្នើឱ្យ​លោក Pompeo ធ្វើការ​ជាមួយ​ក្រសួង​រតនាគារ​អាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាក់លាក់​នៃ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​ដែល​រ៉ាប់រង​ក្នុង​ការចាប់ខ្លួន​នានា​ដោយ​ប្រើប្រាស់​ច្បាប់ Global Magnitsky Act និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្សេងទៀត​ធ្វើ​ដូចគ្នា​ដែរ​។

លើសពី​នេះ​ទៀត ពួកគេ​ស្នើឱ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ពាក់ព័ន្ធ​​នឹង​ស្ថានភាព​របស់​សហជីព​​ហើយ​ថា មានតែ​សម្ពាធ​ដ៏ធ្ងន់ធ្ងរ​ទេ ទើប​អាច​ប្ដូរ​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​។

ស្រដៀង​គ្នា​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៧ វិច្ឆិកា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ខ្លួន​កំពុង​តាមដាន​លើ​ករណី​បណ្តឹង​តុលាការ​ទៅលើ​សកម្មជន​ក្នុងសង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​។

ស្ថានទូត​សរសេរ​ថា​៖ «​យើង​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ការពារ​សេរីភាព​ទាំងនេះ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ហើយ​ប្រកាន់​ជំហាន​ប្រកប​ដោយ​អត្ថន័យ​ក្នុង​​ការបើក​ឡើងវិញ​នូវ​លម្ហនយោបាយ និង​លំហ​សម្រាប់​ពលរដ្ឋ​នៅក្នុង​អំឡុងពេល​ឈានទៅរក​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​ ២០២២ និង​ការបោះឆ្នោត​ជាតិ ឆ្នាំ​ ២០២៣»​។

ពេល​សួរ​ពី​មូលហេតុ​នៃ​ការចេញ​សេចក្ដី​ថ្លែងការណ៍​លើ​ហ្វេសប៊ុក​នេះ​លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ថ្លែងថា​៖ «​មន្ត្រី​សហរដ្ឋអាមេរិក​​បាន​លើកឡើង​ពី​ក្ដីបារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាមួយ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​។ ​យើង​គាំទ្រ​ប្រជាជន​កម្ពុជា សិទ្ធិ​ដូច​មានចែង​ក្នុង​​រដ្ឋធម្មនុញ្ញ​ក្នុង​ការទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ជា​មូលដ្ឋាន​»​។

ចំពោះ​លិខិត​របស់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​លោក Roedemeier ថ្លែងថា លិខិត​នោះ​បង្ហាញ​ពី​ទស្សនៈ​នៃ​សមាជិក​សភា​អាមេរិក​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ ២​។ ប៉ុន្តែ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​ដាច់ និង​ឯករាជ្យ​ពី​ស្ថាប័ន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បដិសេធ​អត្ថាធិប្បាយ​អំពី​ករណី​ទាំង​ ២ ​នេះ និង​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការបរទេស​។ ប៉ុន្តែ​ ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​សំណាក់​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​​បានទេ​។

លោក ជីន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ ថ្លែង​ថា ទិដ្ឋភាព​ច្បាប់​ទាំង​នៅ​កម្ពុជា នៅ​អាមេរិក និង​សង្គម​ប្រជាធិបតេយ្យ​ដទៃទៀត​មិន​មាន​អ្វី​ខុសគ្នា​ទេ គឺថា​បើ​មាន​បទល្មើស​កើតឡើង សំណុំ​រឿង​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ និង​បន្ត​តាម​នីតិវិធី​។ លោក​ថា​ លិខិត​របស់​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន​ដែល​ពួកគាត់​អាច​មាន​ផលប្រយោជន៍ ឬ​ទំនាក់ទំនង​ពិសេស​ជាមួយ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជា​គោលការណ៍​កម្ពុជា​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​ហើយ​យើង​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​នឹង​គោរព​គោលការណ៍​​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ជាពិសេស​លើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក ការគោរព​ឯករាជភាព និង​អធិបតេយ្យ​ទៅវិញទៅមក និង​ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​»​។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការស្នើ​សុំឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ឬ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​នោះ​មាន​ជា​យូរ​មកហើយ​។ ប្រសិន​បើ​មាន​ការដាក់ទណ្ឌកម្ម ឬ​ដក GSP វា​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ តែ​វា​ប៉ះពាល់​ដល់​កម្មករ​និយោជិត និង​អ្នក​ពឹង​អាស្រ័យ​លើ​កម្មករនិយោជិត ហើយ​អ្នក​ទទួលខុសត្រូវ​គឺ​សហរដ្ឋ​អាមេរិក​ទៅវិញ​ទេ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង អ្នកណា​អ្នក​រំលោភ​សិទ្ធិមនុស្ស​? ចោទ​កម្ពុជា​ថា រំលោភ​សិទ្ធិមនុស្ស បិទ​សិទ្ធិសេរីភាព ប៉ុន្តែ​អ្នក​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​កម្មករ​និយោជិត និង​ក្រុមគ្រួសារ​កម្មករនិយោជិត​ទេ ដែល​ជា​អ្នករំលោភ​សិទ្ធិមនុស្ស​ជាក់ស្ដែង​។ ឥឡូវ​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ប៉ុន្មាន​ដណ្ដប់​នាក់​ហើយ សួរថា តើ​វា​មាន​ប៉ះពាល់​ដល់​មន្ត្រី​ទាំង​នោះទេ ?​វា​អត់​សោះ​! គ្រាន់តែ​គេ​មិនបាន​ទៅ​អាមេរិក​វា​មាន​ងាប់​អី គេ​រស់នៅ​ស្រុក​ខ្មែរ​សម្បូរ​សប្បាយ​ចង់​ងាប់​ហឹ្នង​»​។

លោក James Sok អ្នកវិភាគ​នយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថ្លែងថា ក្នុង​ពេល​ដ៏ខ្លី​មុន​នឹង​អាមេរិក​មាន​រដ្ឋាភិបាល​ថ្មី គ្មាន​សកម្មភាព​អ្វី​កើតមាន​ទេ​ចំពោះ​​ការស្នើសុំ​របស់​សមាជិក​សភា​ទាំងនោះ បើទោះបី​ជា​លោក Pompeo មាន​ជំហរ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​មកលើ​ប្រទេស​នៅ​អាស៊ី ជាពិសេស​នៅ​កម្ពុជា​ក៏ដោយ​។ លោក​បន្តថា អ្វីៗ​អាស្រ័យ​លើ​គោលនយោបាយ​ការបរទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ប្រធានាធិបតី​អាណត្តិ​ថ្មី ដែល​នឹង​ចូលកាន់​អាណត្តិ​ថ្មី​នៅ​ខែមករា​។

លោក​ថ្លែងថា​៖ «​បញ្ហា​បន្តិចបន្តួច​រឿង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវបាន​គេ​បំប៉ោង រិះគន់ ដាក់​ការគាបសង្កត់ តែ​ធាតុពិត​នៃ​​ការគាបសង្កត់​នេះ​មិនមែន​រឿង​សិទ្ធិមនុស្ស​ទេ វា​ពាក់ព័ន្ធ​នឹង​មហាអំណាច​ដែល​ប្រកួត​ប្រជែង​លើ​ភូមិសាស្ត្រ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែងថា កិច្ចប្រឹងប្រែង​របស់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ក្នុង​ការការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា គួរតែ​ទទួល​បាន​ការកោតសរសើរ​យ៉ាងខ្លាំង​។ ប៉ុន្តែ​លោក​ថា វា​នៅតែ​ជា​ចម្ងល់​ថា​តើ​លោក Pompeo អាច​ធ្វើ​តាម​ការស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​​នេះ​នៅក្នុង​អំឡុង​អន្តរកាល​នេះដែរ​ឬ​ទេ​?

វីដេអូ៖