ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារជាតិ​ និង​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ស្វាគមន៍​និង​ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក ​Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកថា​ បាន​ផ្តល់​យុត្តិ​ធម៌​ដល់​រាជ​រដ្ឋា​ភិ​បាល​ក​ម្ពុជា​ពាក់ព័​ន្ធ​ទៅ​នឹង​របាយ​ការណ៍​នៃ​ការ​តាំង​មូល​ដ្ឋាន​កង​ទ័ព​ចិន ​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ។

ការ​ស្វា​គមន៍​របស់​លោក​ ឈុំ សុ​ជាត អ្នក​នាំពា​ក្យ​ក្រសួង​ការ​ពារជាតិ​និងលោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ធ្វើ​ឡើ​ង ​បន្ទាប់​ពី​លោក​ Mike Pompeo ​បាន​ស្វា​គមន៍​ចំពោះ​ការ​បដិ​សេធ​របស់​កម្ពុជាពី​ព័ត៌​មាន​ទាក់​ទង​នឹង​មូល​ដ្ឋាន​យោធា​ចិន​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សី​ហនុ​ និង​បាន​សរសើរ​ពី​ការ​ប្តេជ្ញា​ការ​ពារ​បូរ​ណ​ភាព​ដែន​ដី​របស់​កម្ពុជា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក​ Mike Pompeo ​បាន​ថ្លែង​ក្នុង​ស​ន្និ​សីទ​សារ​ព័ត៌​មាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​នៅ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ​ថា៖​«ប្រទេស​កម្ពុជា​បាន​បដិ​សេធ​របាយ​ការណ៍​ដែល​ថា​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋាន​យោ​ធា​ចិន​នៅលើ​ទឹកដី​របស់​ខ្លួន។​ សហ​រដ្ឋអា​មេរិក​ស្វា​គមន៍​ការ​ការ​ពារ​អធិ​បតេយ្យ ​បូរណភាព​ដែន​ដី​ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា ហើយ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ឲ្យ​ធ្វើ​តាម​លំនាំ​របស់​កម្ពុជា»។

លោក​ ឈុំ សុ​ជាត ​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា​ ការ​ប្រកាស​របស់​លោក ​Mike Pompeo ​បែប​នេះ​គឺជា​សញ្ញា​នៃ​ការ​ទទួល​ស្គាល់​ការ​ពិត​ និង​ផ្តល់​យុត្តិ​ធម៌​ដល់​កម្ពុជា​។

លោក​ថា៖​ «នេះ​គឺជា​ការ​ឆ្លើយ​តប​ដោយ​វិជ្ជ​មាន​របស់​លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​ប​រទេស​អា​មេរិក​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ បណ្តា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​របស់​សហ​រដ្ឋ​អា​មេរិក​និង​អន្តរ​ជាតិ​ផ្សេង​ទៀត​នឹង​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌​មាន​ពិត​ និង​បញ្ឈប់​ការផ្សាយ​​ព័ត៌មាន​ Fake​ News»​។

​ទន្ទឹម​នឹង​នេះដែ​រ លោក​ផៃ ស៊ី​ផាន អ្នក​នាំពា​ក្យ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​បាន​សម្ដែង​ការ​អរ​គុ​ណ​ដល់​លោក​ Mike Pompeo ដោយ​ចាត់ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ថា​ ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​រាជរ​ដ្ឋាភិបា​ល​កម្ពុជា។

លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាល​ពី​ថ្ងៃទី​ ២ ខែ សីហា​ ថា៖ ​«សេចក្ដី​ថ្លែងកា​រណ៍​រប​ស់​ឯក​ឧត្តម Mike Pompeo គឺជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ​បន្ថែម​ទៀត នៃ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជានិងសហ​រដ្ឋអាមេរិក។ ជា​សារ​មួយដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​បញ្ចប់​យុទ្ធ​នា​ការ​អមិត្ត និង​ញុះ​ញង់​របស់​ជន​ក្រុម​ឬ​អង្គ​ការ​ណា​មួយ​ដែល​យក​ផល​ប្រយោ​ជន៍​នយោ​បាយរ​បស់​ខ្លួនគេ​ជា​អាទិភាព ​ហើយ​បង្កើត​អរិ​ភាព​រវាងប្រជា​ជាតិ​យើង​ទាំង​ ​២​ ខ្មែរ​អាមេរិក​ ដែល​បង្កើត​បាន​នូវ​កា​រយល់​ច្រ​ឡំ​ដ៏​អា​ក្រក់​បំផុត»​។

លោក​បាន​បន្ថែម​ថា​ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ Mike ​Pompe​o គឺជា​ការ​ទទួល​ស្គាល់​ចំពោះ​កិច្ច​ប្រឹង​ប្រែងរបស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​កិច្ច​ការពារ​អព្យា​ក្រឹត ​និង​អធិប​តេយ្យភា​ពក​ម្ពុជា​ក៏​ដូច​ជា​ប្រ​ឆាំង​នឹង ព័​ត៌មាន​ប្រឌិត​ ។

លោក​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណ​រគុណ​ចំពោះ​លោក Mike Pompeo ក៏​ដូច​ជា ​ប្រជា​ពលរដ្ឋ​អា​មេរិកដែល​ឱ្យ​តម្លៃ​ដល់​សច្ច​ភាព និង​សន្ដិភាព​រួម​ជា​មួយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រជា​ជាតិ​យើង​ទាំង ​២» ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថា​ន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ហៅ​សេចក្តី​ថ្លែង​កាណ៍​របស់លោក Mike Pompeo ថា​ជាកា​រ​លាង​ជម្រះ ​និង​បញ្ចប់​ការ​ចោទ​​កម្ពុជាពី​ការ​អនុញ្ញាត​ឲ្យមា​នកា​រតាំង​មូល​ដ្ឋានទ័ព​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ​និង​ថា​សារ​នេះ​អាច​ជួយ​ស្តា​រទំនាក់​ទំ​នង​រវាង​ប្រ​ទេស​ប្រ​ទេស​ទាំង ២។

លោក​បញ្ជាក់​ថា៖​ «នេះ​គឺជា​ការ​រុញ​ទូក​បណ្តោយ​ទឹក ​ប្រសិន​បើថ្ងៃ​ក្រោយ​ប្រទេស​កម្ពុជា​ មាន​មូល​ដ្ឋាន​យោ​ធា​ចិន​ដូច​ការ​ចោទ​ប្រកាន់​ វា​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​ផ្ទាល់ប្រសិន​បើ​សេច​ក្តី​ថ្លែង​ការ​ណ៍នេះ​សុទ្ធ​ចិត្ត​ និង​ស្មោះ​ត្រង់​គឺ​ជា​ចំណុច​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំ​នង​ល្អ​ តែ​បើ​វា​គ្រាន់​តែ​ជា​កា​របិទ​បាំង​ វា​ពិបាក​ក្នុង​ ការ​ស្វាគមន៍»។

លោក​ ឡៅ​ ម៉ុង​ហៃ ​អ្នក​វិភាគ​នយោ​បាយ​បាន​ថ្លែងថា​សម្ដី​សំដៅ​របស់​រដ្ឋ​​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេ​រិក គ្រាន់តែ​ថា​ បាន​ទទួល​ពត៌មាន​ថា​កម្ពុជា​បាន​បដិ​សេធ​របាយ​ការណ៍​ពី​ទី​តាំង​យោធា​ចិន​មួយ​ត្រូវ​បាន​អនុញ្ញា​ត​​ឲ្យ​សាងសង់​នៅ​លើ​ទឹ​ក​ដី​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​ថា៖​ «គឺ​ដូច​ជា​ថា (គាត់) បាន​ទទួល​សារ​មួយ​ដែល​គេ​បាន​ផ្ញើ​ជូន​គាត់។​ វាមិន​ច្បាស់​ទេ​ដែល​ថា​គាត់​បាន​យល់​ស្រប​ទៅ​លើ​ខ្លឹម​សារ​នោះ ​ហើយ​ក្នុង​ករណី​នេះ​ ខ្លឹម​សារ​នោះ​គឺ​ការ​អះ​អាង​របស់​កម្ពុជា​ ដែលផ្ទុ​យ​នឹង​របាយ​ការណ៍​ទាំងនោះ។ដូច្នេះ​បញ្ហា​ដែល​គេ​អះ​អាង​ថា មាន​ទីតាំង​យោ​ធា​ចិន​នៅ​លើ​ទឹកដី​ខ្មែ​រអត់ត្រូ​វបាន​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ»។

លោក​ ឡៅ​ ម៉ុងហៃ​ បាន​បន្ត​ថា តាម​ពិត​ទៅ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិ​ក បាន​ឲ្យ​តម្លៃ​ដល់​កម្ពុជា​ដែល​កា​រពារ​អធិ​បតេយ្យ​​របស់ខ្លួន​យ៉ាង​ខ្លាំង​ក្លា​ក្នុង​បរិ​បទ​នៃ​យុទ្ធ​សាស្ត្រ​របស់​គាត់ដែ​លជំ​រុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ការ​ពារ​អធិ​បតេ​យ្យ​រៀ​ងៗ​ខ្លួន ប្រ​ឆាំងនឹ​ង​ការ​បង្កើន​កម្លាំង​យោ​ធា​​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន។

លោក​ស្រី​ Emily Zeeberg អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​ មិន​មាន​កា​រឆ្លើយ​តប​ទេ នៅ​ពេល​​ភ្នំពេញ​ប៉ុស្តិ៍​ទាក់​ទង​សុំ​អត្ថា​ធិប្បា​យ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

កាល​ពី​ចុងខែ​កក្កដា​ឆ្នាំ ២០១៩ កាសែត The Wall Street Journal បាន​ដកស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់ និង​មន្ត្រី​ដែល​ធ្វើ​កិច្ចការ​នេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ​មក​ផ្សព្វ​ផ្សាយ​ថា​ប្រទេស​ ចិន​ និង​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន​ប្រើ​មូល​ដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ រយៈពេល ៣០ ឆ្នាំ។ ប៉ុន្តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​បដិសេធ​ដោយ​ចាត់​ទុក​ថា​ជា «ព័ត៌មាន​ដ៏​អាក្រក់​បំផុត​» ប្រឆាំង​នឹង​កម្ពុជា៕