បាត់ដំបង មន្ទីរកសិកម្មខេត្តបាត់ដំបង និង អាជ្ញាធរពាក់ព័ន្ធកំពុងចុះជួយអន្តរាគមន៍ស្ដារប្រព័ន្ធប្រឡាយនិងបូមទឹកជួយសង្គ្រោះស្រូវប្រជាកសិករក្នុងស្រុកថ្មគោលជាង ៨.០០០ ហិកតា ខណៈកំពុងប៉ះពាល់ពីភាពរាំងស្ងួត ។
លោក ឈឹម សេរីវិចរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ មិថុនា នេះថា កាលពីដើមរដូវវស្សាកន្លងទៅនេះភ្លៀងបានធ្លាក់ជោកជាំគ្រប់ទីកន្លែងធ្វើឲ្យប្រជាកសិករក្នុងស្រុកថ្មគោល ក៏ដូចជា នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងបាននាំគ្នាភ្ជររាស់ដីនិងបានដាំដុះស្រូវដើមរដូវវស្សា។ប៉ុន្តែក្រោយពីស្រូវបានដុះលូតលាស់បានជាងមួយសប្ដាហ៍នៅស្រុកថ្មគោលក៏ស្រាប់តែរាំងភ្លៀងអស់រយៈពេលជាង ១ ខែមកហើយ។
លោក សេរីវិចរ៉ា បានថ្លែងថា៖«ភាពរាំងស្ងួត និងកង្វះប្រព័ន្ធស្រោចស្រពបានធ្វើឲ្យស្រូវកសិករក្នុងស្រុកថ្មគោលចំនួន ៨ ១២៤ ហិកតា ត្រូវស្រពោនក្រៀមស្វិតជាបន្តបន្ទាប់ ហេតុនេះហើយទើបមន្ត្រីជំនាញ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីចុះជួយអន្តរាគមន៍ ជីកស្ដារប្រឡាយនិងបូមទឹកសង្គ្រោះស្រូវរបស់ប្រជាកសិករទាំងនោះ»។
បើតាមលោក សេរីវិចរ៉ា នៅពេលនេះក្រុមមន្ត្រីជំនាញនៃមន្ទីរកសិកម្ម និង មន្ទីរធនធានទឹក រួមទាំងអាជ្ញាធរស្រុកថ្មគោល បាននាំជីកស្ដារប្រឡាយមេចំនួន ២ ខ្សែដែលមួយខ្សែសម្រាប់នាំទឹកពីប្រឡាយទំនប់ស្ទាក់ទឹកស្រុកបវេលមកជួយសង្គ្រោះស្រូវនៅក្នុងឃុំចំនួន ៤ រួមមានឃុំរូងជ្រៃ ឃុំជ្រោយស្ដៅឃុំបឹងព្រីង និងឃុំរុន្ធ។ ចំណែកមួយខ្សែទៀត សម្រាប់នាំទឹកពីទំនប់អាងកំពីងពួយក្នុងស្រុកបាណន់ មកជួយសង្គ្រោះស្រូវនៅក្នុងឃុំចំនួន៣រួមមាន ឃុំបន្សាយត្រែង ឃុំគោកឃ្មុំ និង ឃុំអូរតាគី។
អភិបាលស្រុកថ្មគោល លោក គឹម វណ្ណៈ នៅថ្ងៃទី២១មិថុនានេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះ ឃុំដែលប្រឈមភាពរាំងស្ងួតខ្លាំងជាងគេគឺឃុំគោកឃ្មុំ។ ស្រូវដើមរដូវវស្សារបស់ប្រជាកសិករនៅក្នុងឃុំនេះចំនួន១.១៤១ហិកតាកំពុងប្រឈមផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលអាចនឹងរងការខូចខាតទាំងស្រុង ប្រសិនបើការនាំទឹកពីអាងកំពីងពួយទៅស្រោចស្រពមិនទាន់ពេលទេនោះ។
លោក វណ្ណៈ បានបញ្ជាក់ថា៖«នៅពេលនេះ យើងកំពុងបន្ថែមគ្រឿងចក្រ ដើម្បីពន្លឿនការជីកស្ដារប្រឡាយមេ ដើម្បីនាំទឹកពីអាងកំពីងពួយបញ្ជូនទៅសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងរងគ្រោះទាំងនោះឲ្យទាន់ពេលវេលាព្រោះបើគ្មានទឹកស្រោចស្រពក្នុងរយៈពេលមួយសប្តាហ៍ទៀតនោះស្រូវទាំងនោះនឹងត្រូវខូចបង់ទាំងស្រុង»។
យ៉ាងណាក៏ដោយនៅថ្ងៃនេះទាំងប្រជាកសិករនិងក្រុមមន្ត្រីដែលចូលរួមក្នុងការងារនេះបានសម្ដែងក្ដីរីករាយ ខណៈការបូមទឹកបញ្ជូនពីអាងស្ទាក់ទឹកស្រុកបវេលនិងពីអាងកំពីងពួយស្រុកបាណន់បានទៅដល់និងកំពុងជួយសង្គ្រោះស្រូវប្រជាកសិករមួយចំនួន ក្នុងតំបន់ដែលកំពុងប្រឈមនឹងភាពរាំងស្ងួតនេះ។
លោក លី ឈីង អាយុ ៤៥ ឆ្នាំ រស់នៅភូមិគោកឃ្មុំខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជួយអន្តរាគមន៍នេះស្រូវដើមរដូវវស្សារបស់គាត់១០ហិកតាដែលកំពុងស្រពោនអាចនឹងស្រស់បំព្រងឡើងវិញឆាប់ៗនេះ។
លោក ឈីង បានថ្លែងថា៖«ឥឡូវនេះ ទឹកបានមកដល់ និង កំពុងជួយសង្គ្រោះស្រូវប្រជាកសិករក្នុងឃុំគោកឃ្មុំយើងខ្ញុំ នៅភាគខាងជើងបានប្រមាណ២០ភាគរយហើយ ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃស្អែក ឬ ខានស្អែក ទឹកនឹងអាចបញ្ជូនទៅដល់ដីស្រែរបស់យើងខ្ញុំ ដែលស្ថិតនៅភាគខាងត្បូងឃុំគោកឃ្មុំនេះជាមិនខាន»។
ទោះជាបែបណាក្ដី លោក ឈីង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឲ្យជួយអន្តរាគមន៍សាងសង់សំណង់អាងស្ទាក់ទឹក ដើម្បីរក្សាទឹកទុកស្រោចស្រព នៅពេលជួបប្រឈមគ្រោះរាំងស្ងួត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឆ្នាំ ២០១៥ គ្រោះរាំងស្ងួតរយៈពេលយូរ ដោយបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករសរុប ២៣៤ ៦៩៥ ហិកតា ហើយក្នុងនោះដំណាំស្រូវ ១៥ ៩៥៤ ហិកតា បានរងការខូចខាតទាំងស្រុង៕