ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ លោក ​Masahiro Mikami ​និង​មន្ត្រី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​(WFP) ​ពី​ម្សិល​មិញ​បាន​ចុះទៅ​ពិនិត្យ​មជ្ឈមណ្ឌល​សុវត្ថិភាព​ដែល​សាងសង់​ថ្មី ​និង​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​មួយចំនួន​ដែល​ងាយ​រងគ្រោះ​នៅ​ខេត្ត​កំពង់ធំ ​ដើម្បី​គាំទ្រ​ដល់​វិស័យ​សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ ​និង​ការត្រៀម​ខ្លួន​មុន​គ្រា​មាន​អាសន្ន។

កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ដែល​បង្ហាញ​ភាពជា​ដៃគូ​យូរអង្វែង​រវាង​រដ្ឋាភិបាល​ជប៉ុន ​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ក្នុងការ​គាំទ្រ​ដល់​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ ​ក៏ដូចជា​ការត្រៀម​រៀបចំខ្លួន​ឱ្យបាន​មុន​គ្រា​មាន​អាសន្ន​នៅ​កម្ពុជា។

លោក ​Masahiro Mikami ​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ថា ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​និង​រដ្ឋាភិបាល​ជប៉ុន ​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដើម្បី​លុបបំបាត់​ភាព​អត់ឃ្លាន ​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។​ បន្ទាប់​ពី​មាន​គម្រោង​នេះ ​លោក​បាន​ទន្ទឹង​រង់ចាំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង។

ចាប់​តាំងពី​ឆ្នាំ ១៩៩៨ មក​រដ្ឋាភិបាល​ជប៉ុន​ គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​សម្រាប់​ការងារ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​នៅ​កម្ពុជា ​ដោយ​បាន​ចូលរួម​វិភាគទាន​ចំនួន​២២លាន​ដុល្លា​អាមេរិក​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ចុង​ក្រោយនេះ​តាម​រយៈ​ជំនួយ ​(អង្ករ​ ត្រីខ​កំប៉ុង)។ រីឯ​វិភាគទាន​ជា​សាច់ប្រាក់​ក្នុងការ​គាំទ្រ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ រួមមាន​ ការផ្តល់​ចំណី​អាហារ​នៅ​សាលារៀន ​ក៏ដូចជា​ការត្រៀម ​និង​ការឆ្លើយតប​បញ្ហា​បន្ទាន់ៗ​មួយ​ចំនួន។ នេះ​ជាការបញ្ជាក់​ពី​មន្ត្រី​ការទូត​ជាន់​ខ្ពស់​រូប​នេះ។

លោក​ថ្លែងថា​៖ «ការផ្តល់​អាហារ​នៅតាម​សាលារៀន ​គឺជា​ការផ្តល់​អាហារ​ប្រកប​ដោយ​សុវត្ថិភាព ​និង​ជីវជាតិ​ដល់​កុមារ​ថ្នាក់​ត្រៀម​ចូល​បឋមសិក្សា​និង​បឋមសិក្សា​នៅក្នុង​សហគមន៍​ដែល​ងាយ​រងគ្រោះ។ វា​លើក​ទឹកចិត្ត​កុមារ​ឱ្យ​ចុះឈ្មោះ​ចូល​រៀន​និង​ចូលរៀន​ជាប្រចាំ​រួមទាំង​កាត់បន្ថយ​ភាពអត់ឃ្លាន​រយៈពេល​ខ្លី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តោត​អារម្មណ៍​ក្នុង​អំឡុង​ពេល​សិក្សា»។

លោក​បញ្ជាក់ថា​៖​ «ដូច្នេះ​វា​រួមចំណែក​ដល់​លទ្ធផល​នៃ​ការអប់រំ ​និង​អាហារូបត្ថម្ភ ​ខណៈដែល​វា​ដើរតួ​ជា​បណ្តាញ ​សុវត្ថិភាព​ដ៏​សំខាន់​សម្រាប់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត»។

បើ​តាម​លោក​ Masahiro Mikami សម្រាប់​នៅ​ឆ្នាំ ២០១៩ ​ជប៉ុន​បាន​ចូលរួម​វិភាគទាន​ចំនួន​ ២.៧ លាន​ដុល្លារ​អាមេរិក​ ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ដើម្បី​លើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​កម្ពុជា​ដែល​ងាយ​រងគ្រោះ ​និង​កសាង​សមត្ថភាព​ស្ថាប័ន​ក្នុងការ​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់។ ដូច្នេះ​ការគាំទ្រ​នេះ​បាន​ជួយ​ឱ្យមាន​ការសាងសង់​មជ្ឈមណ្ឌល​ជម្លៀស​ដែល​មាន​សុវត្ថិភាព​ចំនួន ៦ ​នៅក្នុង​ខេត្ត​ចំនួន ៣ ​ដែលជា​ខេត្ត​ងាយ​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ពង្រឹង​ការគ្រប់គ្រង​ផែនការ​ គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ថ្នាក់ជាតិ ​ថ្នាក់ក្រោម​ជាតិ ​និង​សហគមន៍​មូលដ្ឋាន ​និង​ពង្រឹង​សកម្មភាព​មុនពេល​តាម​រយៈ​ប្រព័ន្ធ​ប្រកាស​អាសន្ន។

លោកស្រី​ Claire Conan ​តំណាង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ថ្លែងថា ​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង​ ៨០ ម៉ឺន​នាក់ ​នៅ​ទូទាំង​ខេត្ត​ ចំនួន​ ១៩ ​នៅ​កម្ពុជា​កាលពី​អំឡុង​ខែតុលា ​គឺជា​ការកត់​សម្គាល់​ដ៏​សំខាន់​មួយ​អំពី​សារៈសំខាន់​នៃ​ការខិតខំ​រួមគ្នា​ក្នុងការ​រៀបចំ​និង​ឆ្លើយតប​ចំពោះ​គ្រោះ​មហន្តរាយ។

លោកស្រី​បញ្ជាក់ថា​៖ «ការគាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការកសាង​មជ្ឈមណ្ឌល​ជម្លៀស​ដែល​មាន​សុវត្ថិភាព​ចំនួន​ ៦ ​និងបង្កើន​ការត្រៀម​រៀបចំ​ជាបន្ទាន់​នៅ​កម្រិត​សហគមន៍ ​គឺជា​ចំណុច​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ និង​ការរស់នៅ​របស់​ពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា»។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ឱ្យដឹង​ពី​ម្សិលមិញ​ថា ​បេសកកម្ម​នេះ​ត្រូវបាន​ធ្វើ​ដំណើរ​ទៅកាន់​សាលា​បឋមសិក្សា​ជី​មាក​ ខេត្ត​កំពង់ធំ​ ដើម្បី​សង្កេត​មើល​កម្មវិធី​ផ្តល់​អាហារ​ដល់​សាលារៀន​និង​បន្តដំណើរ​ទៅ​កាន់​ឃុំ​ដែល​ងាយ​លិច​ទឹក​ក្នុង​ឃុំ​ខ្សាច់​ជី​រួស ​ដើម្បី​ពិនិត្យ​មើល​មជ្ឈមណ្ឌល​ជម្លៀស​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​ជម្លៀស​ទាំង​ ៦ ​ដែល​កំពុង​សាងសង់​ក្នុង​ខេត្ត​ចំនួន​៣ផ្សេង​ទៀត៕