ភ្នំពេញៈ ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph H.Felter បានជួបជាមួយនាយឧត្តមសេនីយ៍ នាង ផាត កាលពីព្រឹកម្សិលមិញដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកម្ពុជា នាពេលខាងមុខ គឺនៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿន ក្នុងការអនុវត្តការធ្វើកំណែទម្រង់ ក្នុងនោះក៏មានការទម្លាក់ចោលបទចោទប្រឆាំងនឹងលោក កឹម សុខា ផងដែរ ជាអ្វីដែលកម្ពុជាបានបដិសេធ។
លោក Joseph H. Felter ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមករានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលចេញកាលពីម្សិលមិញ បានឲ្យដឹងថា លោក Felter នឹងជួបជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយដែល «អាចជួយកម្ពុជា ក្នុងការរក្សាអធិបតេយ្យភាព របស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ»។
សេចក្តីប្រកាសព័ត៌មាននោះ បានបន្ថែមថា៖ «បន្ទាប់មក លោក (Felter) នឹងពិភាក្សា ពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជា មានភាពជឿនលឿន ក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ដែលរួមមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដំណើរការដោយសេរី»។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិក បានបដិសេធធ្វើអត្ថាធិប្បាយ លើបញ្ហានេះ ដោយសារតែរដ្ឋាភិបាលអាមេរិកបានបិទផ្នែកខ្លះ។
ចំណែកឯលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
ប៉ុន្តែ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា លោកមិនទាន់បានទទួលរបាយការណ៍នៃការពិភាក្សានោះនៅឡើយទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ។ លោកបានលើកឡើងថា ការទាមទារឱ្យដោះលែងលោក កឹម សុខា ដើម្បីកិច្ចសហប្រតិបត្តិការយោធា គឺជារឿងរបស់សហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «លក្ខខណ្ឌនេះ គឺមិនអាចទៅរួចទេ ពីព្រោះនេះ គឺជាអធិបតេយ្យភាពរបស់យើង ដូច្នេះហើយ វាមិនអាចទៅរួចទេ សម្រាប់អ្នកនេះ ឬអ្នកនោះ មកដាក់លក្ខខណ្ឌឬមកប្រាប់ឲ្យធ្វើនេះឬធ្វើនោះ.។ យើងមិនអាចប្តូរអធិបតេយ្យភាព សិទ្ធិ និងច្បាប់ របស់យើង ជាមួយរឿងនោះទេ»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា អាចរស់បានដោយគ្មានជំនួយរបស់ពួកគេ។ លោកបន្ថែមថា៖ «ធម្មជាតិរបស់ប្រទេសមហាអំណាច ក៏មានរឿងនេះដែរ (ដាក់សម្ពាធនិងដាក់លក្ខខណ្ឌ) ហើយនេះមិនមែនជារឿងថ្មីនោះទេ។ រឿងដូចនេះ វាមានជាយូរមកហើយ ហើយមិនដែលផ្តល់ឱកាសដល់ប្រទេសក្រីក្រ ឱ្យធ្វើរឿងអ្វីមួយបានងាយស្រួលនោះទេ។ និយាយឱ្យខ្លី ពួកគេ ព្យាយាមរារាំងដល់ការអភិវឌ្ឍរបស់យើងនៅគ្រប់វិស័យ តាមរយៈការដាក់សម្ពាធនេះសម្ពាធនោះដែលនេះ គឺជាវិធានការរបស់ពួកគេដែលពួកគេបានអនុវត្តជារហូតមក»។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងដែរថា ប្រទេសកម្ពុជា នឹងមិនទទួលយកកិច្ចសហការដែលភ្ជាប់ជាមួយលក្ខខណ្ឌបែបនេះទេ។ លោកបន្ថែមថា កងកម្លាំងប្រដាប់អាវុធកម្ពុជាទទួលខុសត្រូវ ក្នុងការប្រយុទ្ធប្រឆាំង និងអនុវត្តភារកិច្ច ដែលដាក់ចេញដោយរដ្ឋាភិបាលមិនពាក់ព័ន្ធនឹងនយោបាយទេ។
លោកលើកឡើងថា៖ «ប្រសិនបើបរទេស ជាពិសេសយោធាមកប្រាប់កងយោធពលខេមរភូមិន្ទ ដែលទាក់ទងនឹងករណីរបស់ កឹម សុខា យើងមិនអាចទទួលយកបានទេ។ នេះគឺជាការជ្រៀតជ្រែកកិច្ចការរបស់កងយោធពលខេមរភូមិន្ទ។ កងយោធពលខេមរភូមិន្ទ មិនមែនជាស្ថាប័ននយោបាយទេ។ ករណីរបស់លោក កឹម សុខា ត្រូវតែដោះស្រាយដោយតុលាការ មិនមែនដោយរដ្ឋាភិបាល ឬដោយកងយោធពលខេមរភូមិន្ទនោះទេ។ ដូច្នេះហើយយើងមិនអាចទទួលយកការពិភាក្សាឬការជជែកណាមួយ ដើម្បីឲ្យដោះលែងគាត់បានទេ»។
លោក ស៊ីផាន បានលើកឡើងថា ការលើកយករឿងរបស់លោក កឹម សុខា ចូលទៅក្នុងការពិភាក្សាកិច្ចការយោធា គឺមានន័យថា ជាការញុះញង់កងយោធពលខេមរភូមិន្ទឲ្យចូលជ្រៀតជ្រែកកិច្ចការតុលាការ។ លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កងយោធពលខេមរភូមិន្ទអនុវត្តតាមតែការបញ្ជាពីនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកបានយកអធិបតេយ្យភាពរបស់ប្រទេសតូចតាចទៅដោះដូរជាមួយទំនាក់ទំនងការទូត ឬបច្ចេកទេស។ លោកបានចោទសួរថា តើតម្លៃអធិបតេយ្យភាពរបស់ប្រទេសមួយអាចប្តូរជាមួយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានទេ។
លោកថ្លែងថា៖ «ហេតុអ្វី បានជាសហរដ្ឋអាមេរិក យករឿងរបស់លោក កឹម សុខា ដាក់ចូលក្នុងការពិភាក្សាជាមួយកម្ពុជា? តើលោក កឹម សុខា ជាពលរដ្ឋអាមេរិក ឬជាអាយ៉ងរបស់អាមេរិក ដែលកំពុងអនុវត្តគោលនយោបាយរបស់អាមេរិកនៅកម្ពុជា? សហរដ្ឋអាមេរិក គួរបញ្ជាក់ថា តើកឹម សុខាជាអ្នកណា?»។
លោកបន្ថែមថា លោក កឹម សុខា គឺជាពលរដ្ឋកម្ពុជា និងជាអ្នកនយោបាយ ហើយគាត់មានបញ្ហាជាមួយច្បាប់កម្ពុជា។ លោកបន្ថែមថា ការលើកយករឿងលោក កឹម សុខា ដាក់ចូលទៅក្នុងការពិភាក្សាយោធា គឺវាបានឆ្លុះបញ្ចាំងថា ប្រទេសមហាអំណាចនេះ បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចតាច៕