ភ្នំពេញៈ ​សមាជិក​កំណែ​វិញ្ញាសា​រូបវិទ្យា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វិញ្ញាសា​រូបវិទ្យា​ប្រឡង​​ (​បាក់ឌុប​) ​នៅ​ឆ្នាំនេះ​​គឺ​មាន​កំហុស​ត្រង់​បាត់​លេខ​សម្មតិកម្ម​ក្នុង​លំហាត់​ទី​ ៣ ដែល​មិនអាច​ឲ្យ​​សិស្ស​រក​ចម្លើយ​តាម​ការ​ចោទសួរ​បាន​។

លោក​ថា​៖ «​ព្រោះ​នេះ​ឧបមា​ថា ដូចជា​លំហាត់​វា​អត់​មាន​លេខ​អ៊ីចឹង​។ លេខ​សម្មតិកម្ម​អត់​គ្រប់គ្រាន់​អ៊ីចឹង​។ សិស្ស​មិន​អាច​ធ្វើ​ដោយ​ (​មាន​) ​ចម្លើយ​បាន​ទេ​។ ​និយាយ​ចំ​អត់​លេខ​...​ប្រសិន​បើ​រក​ចម្លើយ​ក៏​អត់​ចេញ​លេខ​ដូច​លំហាត់​ផ្សេង​ទៀត​ដែរ​»​។

យ៉ាងណា​ក្ដី​លោក​ថា សិស្ស​ធ្វើ​លំហាត់​ធម្មតា ប៉ុន្តែ​ការឱ្យ​ពិន្ទុ​មាន​ ៣ ​ប្រភេទ​ គឺ​ប្រសិន​បើ​សិស្ស​មិន​ធ្វើ​ ឬ​មិន​សរសេរ​សោះ​គឺ​ទទួល​បាន​ ៥ ​ពិន្ទុ​។

តែ​បើ​សរសេរ​លេខ​ប្រធាន​លំហាត់​ហើយ​គណនា​បន្តិច​គឺ​បាន​ ៧ ​ពិន្ទុ ហើយ​បើ​សិស្ស​បាន​សរសេរ​ហើយ​មាន​រូបមន្ត​ទៀត​គឺ​ទទួល​បាន​ ១០ ​ពិន្ទុ​ពេញ​។ តែ​សិស្ស​ភាគច្រើន​ទទួល​បាន​ ៧ ​ពិន្ទុ​។

លោក​បន្ត​ថា​ការចេញ​វិញ្ញាសា​លំហាត់​ធ្វើឱ្យ​សិស្ស​មិន​អាច​រក​ចម្លើយ​ឃើញ​បែប​នេះ​មិនមែន​ល្អ​ទេ​។ លោក​​ថា​៖ «​ប្រសិន​បើ​លំហាត់​ហ្នឹង​ដាក់​លេខ​ឱ្យ​សិស្ស​ធ្វើ​ទៅ​វា​អត់​ពិបាក​ទេ​។

សិស្ស​អាច​ធ្វើ​បាន​។ តែ​សិស្ស​ទូទៅ​ទាក់​ត្រង់​ថា អត់​មាន​លេខ​។ អ៊ីចឹង​សិស្ស​អត់​ហ៊ាន​ដោះស្រាយ​។ សិស្ស​ (​មិនដឹង​) ​ធ្វើ​តាម​ណា​? ​សិស្ស​ធ្លាប់​តែ​​រៀន​ជាទូទៅ​គឺ​វា​មាន​លេខ​។​ ប៉ុន្តែ​លំហាត់​ខ្លះ​ក៏​វា​អត់​សម្មតិកម្ម​អ៊ីចឹង​ដែរ​។ ប៉ុន្តែ​គ្រាន់តែ​លក្ខណៈ​សួរ​សំណួរ​ជា​អនុគមន៍​។ ប៉ុន្តែ​លំហាត់​នេះ​អត់​សួរ​សំណួរ​បែបនេះ​ផង​។ សួរ​លក្ខណៈ​ចង់ឱ្យ​សិស្ស​រកឃើញ​ចម្លើយ​។ ប៉ុន្តែ​ខ្លួនឯង អត់​ដាក់​លេខ​ឱ្យ​គ្នា​»​។

លោក​ថ្លែង​ថា​៖ «​ក្រសួង​គួរតែ​បន្តឹង​វិញ្ញាសា ហើយ​ចៀសវាង​កំហុសឆ្គង ហើយ​សុំ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​នឹង​ចេញ​ប្រធាន​ (​វិញ្ញាសា​) ​ឱ្យ​សិស្ស​ប្រឡង​»​។

លោក​បញ្ជាក់​ថា សិស្ស​ដែល​មាន​សមត្ថភាព​ក៏​អាច​មើល​ដឹងថា​លំហាត់​ក្នុង​វិញ្ញាសា​នេះ​មាន​បញ្ហា​ដែរ​ព្រោះ​សម្មតិកម្ម​លំហាត់​មិនអាច​បាត់​បាន​នោះទេ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រសួង​អប់រំ កំពុង​តែ​ស្រង់​យក​មតិយោបល់​ពី​សាធារណជន​ដើម្បី​ទុក​ពិចារណា​ថា​តើ អាច​នឹង​មាន​ទម្ងន់​បើក​ឱ្យ​មាន​ការពិនិត្យ​ស្រាវជ្រាវ​ករណី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កម្រិតណា​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាពបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា នេះ​ជា​រឿង​មួយ​ដែល​គួរឱ្យ​សោកស្តាយ​។ ប្រសិន​បើ​វិញ្ញាសា​ត្រឹមត្រូវ ប្រហែល​ជា​សិស្ស​មួយចំនួន​ដោះស្រាយ​លំហាត់​បាន​ល្អ​។ តែបើ​​ប្រធាន​វិញ្ញាសា​មិន​ត្រឹមត្រូវ មិន​ដឹង​ឱ្យ​សិស្ស​ដោះស្រាយ​យ៉ាង​ម៉េច​?

លោក​ថា​៖ «​បើ​តាម​ខ្ញុំ​យល់ ក្រសួង​គួរឱ្យ​ពិន្ទុ​គេ​ ១០ ​ទៅ ព្រោះ​អី​អាហ្នឹង​ជា​កំហុស​របស់​ក្រសួង ត្រូវ​តែ​ទទួល​ខុសត្រូវ​។ កាលណា​ក្រសួង​មាន​ការ​ថ្លោះ​ធ្លោយ​ក្នុង​ការដាក់​វិញ្ញាសា ក្រសួង​ត្រូវ​តែ​មាន​ការទទួល​ខុសត្រូវ​។ មិនមែន​ឱ្យ​គេ​ពាក់កណ្តាល​។ មិនមែន​ថា​គេ​អត់​ធ្វើ​សោះ​ឱ្យ​គេ​ពាក់កណ្តាល​។ អត់​ធ្វើ​សោះ​ក៏​ឱ្យ​ ១០ ​ដែរ​។ អ្នកណា​ធ្វើ​ក៏ដោយ​ត្រូវ​ឱ្យ​ ១០ ​ទាំងអស់​គ្នា​»​។

លោក​ថា​ការឱ្យ​ពិន្ទុ​ ១០ ​ដូច្នេះ​គឺ​ដើម្បី​លើក​ក្រោយ​ឱ្យ​ក្រសួង​មាន​ការទទួល​ខុសត្រូវ​កាន់តែ​ធំ​ទៀត​៕