កោះកុងៈ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ថា ក្រុមការងារ​បច្ចេកទេស​កំពុង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​មួយចំនួន​នៅ​ឃុំ​ជ្រោយ​ស្វាយ និង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ដែល​សង្ស័យ​មាន​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​របៀង​ជីវចម្រុះ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​។

លោក​ សុខ សុទ្ធី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​សង្ស័យ​មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នេះ​ក្នុង​គោលបំណង​ធ្វើការ​វាស់វែង និង​កំណត់​និយាមកា​ទីតាំង​ដី​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ឲ្យ​ឃើញ​នូវ​អត្តសញ្ញាណ​ជនសង្ស័យ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ទីតាំង​ដី​រដ្ឋ ដែល​សង្ស័យ​មាន​ការចូល​ទន្ទ្រាន កាន់កាប់​ដោយ​ខុសច្បាប់​ទាំងនោះ​មាន​ស្ថិតនៅក្នុង​ឃុំ​ជ្រោយស្វាយ និង​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល​ដែល​ស្ថិត​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង​ និង​តំបន់ សហគមន៍​ត្រពាំង​ប្រើស​ដែល​ជា​របៀង​ជីវចម្រុះ​ដ៏សំខាន់​»​។

បើតាម​លោក​ សុទ្ធី ទីតាំង​ដី​មួយចំនួន​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ​នេះ​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នោះ​។ ហេតុដូច្នេះ​ទើប​ក្រុមការងារ បច្ចេកទេស​បាន​ចាត់ទុក​ទីតាំង​ដែលមាន​ការកាប់​រាន​ថ្មី​មួយចំនួន​ក្នុង​តំបន់​នោះ​ជា​ករណី​សង្ស័យ​មាន​ការចូល​បំពាន​កាន់កាប់​ដោយ​ខុសច្បាប់ ព្រោះ​កន្លងមក​ក៏មាន​ពលរដ្ឋ​មួយចំនួន​បាន​ឆ្លៀត​ឱកាស​ពេល​អាជ្ញាធរខេត្ត​កំពុង​ជាប់រវល់​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​បាន​នាំគ្នា​លួច​ទន្ទ្រាន​ចូលកាន់​កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​តាមរយៈ​ការចាក់ដី​លុប​ចូល​ដី​ចំណី​ព្រែក ព្រៃ​កោងកាង និង​កាប់រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ជីវចម្រុះ​។

លោក​បញ្ជាក់ថា​៖ «​ទោះ​យ៉ាងណា​នៅពេល​នេះ​ក្រុម​ការងារ​របស់​យើង កំពុង​សិក្សា​បន្ថែម​ទៀត​ទៅលើ​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ និង​អាស្រ័យផល​ថា តើ​មានការ​គ្របដណ្ដប់​លើ​ផ្ទៃដី​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង និង​សហគមន៍​ត្រពាំង​ប្រើស​ប៉ុនណា ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​»​។

លោក​បន្តថា ការងារ​ចុះ​ត្រួតពិនិត្យ វាស់វែង​ និង​កំណត់​និយាមកា​ទីតាំង​ដី​ទាំងនោះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ៣ មេសា ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង សុរិយោដី រដ្ឋបាល​ស្រុកស្រែ​អំបិល មេឃុំ មេភូមិ និង​មាន​ការចូល​រួមសហការ​ពី​តំណាង​អយ្យការ​អមសាលាដំបូង​ខេត្តកោះកុង​ផងដែរ​។

លោក​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ទប់ស្កាត់ តាមដាន និង​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ការទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​៕