
អាជ្ញាធរ ពិនិត្យការលេចធ្លាយសារធាតុអាស៊ីតចូលក្នុងទឹកស្ទឹងសង្កែបណ្ដាលឲ្យងាប់ត្រី។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបងៈ មន្ត្រីជំនាញក្រសួងបរិស្ថានបាននិងកំពុងពិនិត្យលើវិធានការដាក់វិន័យលើក្រុមហ៊ុន ដែលបង្កឱ្យមានការលេចធ្លាយសារធាតុអាស៊ីតចូលក្នុងទឹកស្ទឹងសង្កែបណ្តាលឱ្យងាប់ត្រីក្នុងតំបន់រមណីយដ្ឋានធម្មជាតិថ្វាក ស្ថិតក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាននឹងពិនិត្យលើវិធានការនៅថ្ងៃទី ៣១ ខែឧសភា ក្រោយពីបានព័ត៌មានពេញលេញ និងទទួលបានលទ្ធផលពីមន្ទីរពិសោធន៍ថា ក្រៅពីសារធាតុអាស៊ីតនឹងមានសមាសភាពសារធាតុអ្វីផ្សេងទៀត។
បើតាមលោក នេត្រ ភក្ត្រា មន្ត្រីជំនាញក្រសួងបរិស្ថាន មន្ត្រីអធិការកិច្ច សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្តបានចុះពិនិត្យភ្លាមៗ ក្រោយពីទទួលព័ត៌មានថា មានបំពុលទឹកក្នុងដងស្ទឹងសង្កែ ១ ផ្នែក ធ្វើឱ្យមានត្រីងាប់។
លោកថ្លែងថា៖ «យោងតាមការពិនិត្យទៅលើសំណាកទឹកស្ទឹងសង្កែដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន រកឃើញថា មានសារធាតុអាស៊ីតនៅក្នុងទឹកដែលតាមការស្រាវជ្រាវ គឺសង្ស័យមានការលេចធ្លាយ ហូរចេញពីក្រុមហ៊ុនហ្វីនិក អ៊ីនដាស្ទ្រៀល (Phoenix Industrial) ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ»។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ឱ្យដឹងពីម្សិលមិញថា ការលេចធ្លាយនេះកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នានៅតំបន់នោះមានទឹកជំនន់ ធ្វើឱ្យមានការលេចធ្លាយ សារធាតុអាស៊ីតហូរចូលក្នុងទឹកស្ទឹង។
លោកថា មកដល់ថ្ងៃទី ៣០ ឧសភា មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានទប់ស្កាត់ និងគ្រប់គ្រងបានទាំងស្រុងនូវផលប៉ះពាល់នេះ។ ចំណែកកម្រិត សារធាតុអាស៊ីតនៅក្នុងទឹកក៏ត្រូវបានបន្សាបរួចរាល់ ហើយស្ថានភាពបច្ចុប្បន្ន ទឹកនៅតាមដងស្ទឹងសង្កែ ដែលរងការបំពុលមានពណ៌លឿងត្នោត។ ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវចម្រុះទៀតទេ។
លោកថ្លែងថា៖ «យើងនឹងឱ្យរោងចក្រហ្នឹងកែសម្រួលឡើងវិញ ហើយនឹងមានការពិន័យដោយក្រសួងបរិស្ថាន។ យើងមិនអាចឱ្យគាត់ធ្វើអ្វីផ្តេសផ្តាសខុសបច្ចេកទេសបានទេ ប៉ុន្តែការដែលយើងបានពិនិត្យ ជាក់ស្តែងឃើញថា អាកាសធាតុជាចម្បង វាមានភ្លៀងធ្លាក់ច្រើនមេជាប់គ្នាទៅ ធ្វើឱ្យទឹកកខ្វក់ជ្រាបចេញពីក្នុងអាងបណ្តោះអាសន្នរបស់ក្រុមហ៊ុនចិន»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ពីម្សិលមិញថា អាជ្ញាធរខេត្តតម្រូវឱ្យក្រុមហ៊ុន ធ្វើយ៉ាងណាធានាឱ្យបាននូវការគ្រប់គ្រងមិនឱ្យមានការធ្លាយចេញសារធាតុគីមីបែបនេះជាលើកទី ២ ទៀត។
លោកថ្លែងថា៖ «ចំណាត់ការជាមួយក្រុមហ៊ុន គឺធ្វើម៉េចកុំឱ្យក្រុមហ៊ុនហ្នឹងបន្តមានការលេចធ្លាយទៀត។ អាហ្នឹងឱ្យក្រុមហ៊ុនធានាកិច្ចការហ្នឹងឱ្យខាងតែបាន ហើយទី ២ ឱ្យពន្លឿនការរៀបចំស្ថានីយសម្រាប់ចម្រោះទឹកកខ្វក់ពីរោងចក្រឱ្យបានលឿន»។
លោក គុយ វណ្ណូ អភិបាលស្តីទីនៃគណៈអភិបាលស្រុករតនមណ្ឌលឱ្យដឹងថាអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះទៅប្រាប់ឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាការពារឱ្យបានល្អកុំឱ្យមានការជ្រាបចេញជាលើកទី ២ ទៀត។ ការធ្លាយចេញទឹកកខ្វក់ ដោយសារអាងស្តុកទឹកថ្មីក្រុមហ៊ុនធ្វើមិនបានមាំល្អ។
លោកថ្លែងថា៖ «មានអាងធ្វើពីស៊ីម៉ងត៍ចំនួន ៤ គេធ្វើសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការរបស់គេដោយមានដាក់បំពង់ ដាក់អីខ្វាត់ខ្វែងអស់ហើយ ប៉ុន្តែធ្វើមិនទាន់ហើយ។ អ៊ីចឹងគេមានអាងបណ្តោះអាសន្នចំនួន ២ ធ្វើពីដីផ្សេងទៀត ដែលក្នុងនោះមាន ១ ទឹកពេញ ហើយ ១ ទៀតមិនទាន់មានទឹកទេ។ អ៊ីចឹងពេលគេបើកបង្ហូរចូលអាង ១ ទៀតនោះ ក៏មានការជ្រាបចេញទៅ»៕
វីដេអូ៖