ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៨ ខែមេសា បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ២៧៣ នាក់ ដើម្បីដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយទៅព្រះមហាក្សត្រ សូមព្រះរាជទានលើកលែងទោសក្នុងឱកាសពិធីបុណ្យពិសាខបូជាថ្ងៃពុធទី ៦ ខែឧសភា។
ក្រសួងយុត្ដិធម៌បានបង្ហាញរបាយការណ៍នៃកិច្ចប្រជុំពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនេះថាក្នុងឱកាសពិធីបុណ្យពិសាខបូជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធទី ៦ ខែ ឧសភា ឆ្នាំ ២០២០ មានទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្តចំនួន ២០ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ក្នុងនោះមានទណ្ឌិតសរុប ២៧៣ នាក់ ស្រី ២៤ នាក់។
កាលពីឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីពាក់កណ្ដាលខែមេសា ទណ្ឌិតចំនួន ១៥៥ នាក់ (ស្រី ១៨ នាក់) ក្នុងចំណោមទណ្ឌិត ៣៩៩ នាក់ ត្រូវបានគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃនៃក្រសួងយុត្ដិធម៌សម្រេចធ្វើសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចមុនពេលទូលថ្វាយព្រះមហាក្សត្រ ដើម្បីទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសផងដែរ។
លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញប៉ុន្តែលោកបានថ្លែងកាលពីពាក់កណ្តាលខែមេសាថា ការផ្ដល់ភាពអនុគ្រោះទោសដល់ទណ្ឌិតនេះ គឺធ្វើទៅលើប្រភេទបទល្មើសស្រាលប្រភេទទណ្ឌិតដែលទទួលអនុវត្ដទោសបានតាមលក្ខខណ្ឌហើយសល់រយៈពេលតិចតួចសល់រយៈពេលខ្លី ឬមួយក៏ជាទណ្ឌិតដែលមានវ័យចាស់ជរានៅក្នុងពន្ធនាគារមានជំងឺរ៉ាំរ៉ៃ ឬក៏ជាទណ្ឌិតដែលមានពិការភាពជាដើម។
លោកបានថ្លែងទៀតថា៖ «ដូច្នេះហើយយើងបានធ្វើការពិនិត្យល្អិតល្អន់ណាស់ ចំពោះចំនួនទណ្ឌិតដែលត្រូវស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះ»។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៧ ខែមីនាថា បច្ចុប្បន្នទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសមានចំនួនជិត ៤ ម៉ឺននាក់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានស្នើឲ្យមានការបន្ថែមចំនួននៃការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យជាតិធំៗ ខណៈដែលស្ថានភាពទណ្ឌិតក្នុងពន្ធនាគារក្នុងពេលបច្ចុប្បន្នកំពុងមានភាពចង្អៀតណែន។
លោកថា៖ «បើយើងពិនិត្យមើលនីតិវិធីច្បាប់ចាប់តាំងពីមន្ដ្រីនគរបាលយុត្ដិធម៌អនុវត្ដច្បាប់ យើងឃើញថា បទល្មើសស្រាលៗមិនគួរណាជ្រើសយកមធ្យោបាយឃុំខ្លួននោះទេ ក្នុងខណៈពន្ធនាគារកំពុងតែចង្អៀតណែន»។
លោក សែនករុណា បានលើកឡើងថា រដ្ឋាភិបាលគួរតែធ្វើការពិនិត្យចំពោះទណ្ឌិតដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំពោះឥរិយាបថរបស់ពួកគាត់ហើយបើសិនជាពួកគាត់មានការកែប្រែខ្លួន មានឆន្ទៈយល់ពីកំហុសឆ្គងរបស់ខ្លួនដែលបានធ្វើកន្លងមក នោះគួរតែមានការពិចារណាគិតគូរដល់ពួកគាត់ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការលើកលែងទោសផងដែរ៕