ភ្នំពេញៈ ​មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​បាននិង​កំពុង​ពិនិត្យ​លើ​លិខិត​ស្នើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ​របស់​​លោក ប៉ុល ហំម អតីតមន្ត្រី​ជាន់ខ្ពស់ និង​លោក ផាន់ ច័ន្ទសាក់ សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក​​ទាំង​ ២ ​បានស្នើ​ទៅ​ក្រសួង​នេះ​កាលពី ២ ​ថ្ងៃមុន​។

លោក ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​បាន​ទទួល​រួចហើយ​នូវ​សំណើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ​របស់​លោក ប៉ុល ហំម និង លោក ផាន់ ច័ន្ទសាក់ កាលពី​ថ្ងៃទី​ ១៧ ខែឧសភា​។

លោក​បាន​បន្តថា មន្ត្រី​ជំនាញ​របស់​ក្រសួង​បាននិង​កំពុង​ពិនិត្យមើល​ទៅលើ​សំណើ​របស់​បុគ្គលទាំង​ ២ ​នេះ ហើយ​ប្រសិនបើ​គ្មាន​បញ្ហា​អ្វី​ទេ ក្រសួង​នឹងដាក់​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា​នយោបាយ​ជូន​ពួកគាត់​វិញ​។

លោក ឈឹម កាន បាន​បញ្ជាក់ថា​៖ «​បើ​គាត់​អត់​មាន​អនុវត្ត​ខុសឆ្គង​ទេ នៅក្នុង​ដំណាក់កាល​នៃ​ការបិទ​សិទ្ធិ​ហ្នឹង និង​មិនមាន​សកម្មភាព​ល្មើស​របស់​តុលាការ យើង​ប្រគល់​ជូន​គាត់​ហើយ​»​។

បើតាមលោក ឈឹម កាន រហូត​មក​ទល់​ពេលនេះ​មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២២ ​រូប​ហើយ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​តិសម្បទា​នយោបាយ​ឡើងវិញ ហើយ​បើ​ថែមទាំង​បុគ្គល​ ២ ​រូប​ចុងក្រោយ​នេះ​នឹង​កើន​ដល់ ២៤ ​រូប​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ប៉ុល ហំម ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ កាលពី​ម្សិលមិញ​។ ក៏ប៉ុន្តែ​លោក ផាន់ ច័ន្ទសាក់ ឱ្យ​ដឹងថា ការដាក់​ពាក្យស្នើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ​នេះ​គឺ​ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​សិទ្ធិ​នយោបាយ​របស់លោក​ត្រូវបាន​ព្យួរ​អស់​ ៣ ​ឆ្នាំ​កន្លះ​មក​។

លោក ច័ន្ទសាក់ បាន​បន្តថា នៅពេល​ទទួលបាន​នីតិសម្បទា​នយោបាយ​ឡើងវិញ រូបលោក​នឹង​ទៅ​ចូលរួម​អាជីព​នយោបាយ​ជាមួយ​លោក អ៊ូ ច័ន្ទរ័ត្ន ដែល​បាន​បង្កើត​គណបក្ស​ថ្មី​រួចហើយ គឺ​គណបក្ស​កែទម្រង់​កម្ពុជា និង​បាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​មហាផ្ទៃ​​រួចហើយ​ដែរ​។

លោក​បាន​បន្តថា គណបក្ស​​ដែល​បង្កើត​ថ្មី​នេះ​គឺជា​ការប្រមូល​ផ្ដុំគ្នា​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ថ្មីៗ​នេះ​​ និង​ជា​ប៉ូល​នយោបាយ​ថ្មី​មួយ​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ ​ខាងមុខ​​នេះ ដើម្បី​កុំឱ្យ​គណបក្ស​កាន់អំណាច​ជិះសេះ​លែងដៃ​ម្នាក់ឯង ដូច​ពី​ការបោះឆ្នោតជាតិ​កាលពី​អាណត្តិ​មុន​។

ទោះជា​យ៉ាងណា លោក ផាន់ ច័ន្ទសាក់ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ លោក ប៉ុល ហំម ជុំវិញ​ការចូលរួម​អាជីព​នយោបាយ​ជាមួយ​លោក អ៊ូ ច័ន្ទរ័ត្ន ឬ​យ៉ាងណាទេ ព្រោះនេះ​ជា​សិទ្ធិ​របស់លោក​ផ្ទាល់​។ ប៉ុន្តែ​​ថ្នាក់ដឹកនាំ​ដែល​បាន​ស្នើសុំ​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើងវិញ​ចុងក្រោយ​នេះ​គឺជា​ការបង្កើត​ប៉ូល​គណបក្សនយោបាយ​ថ្មី​មួយ​​ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នៅ​​ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​គាត់​ចូលរួម​ជាមួយ​នឹង​គណបក្ស​នយោបាយ​ណាមួយ​នោះ នៅពេល​ដែល​ធ្វើ​សមាជ​នៅពេល​ខាងមុខ​នឹង​បានឃើញ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា បាន​ថ្លែង​ពី​​ម្សិលមិញ​ដែរ​ថា រហូត​មក​ទល់​ពេលនេះ មិនមាន​អ្វីដែល​ធ្វើឱ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​រង់ចាំ​ដំណោះស្រាយ​បន្តទៀត​នោះទេ​។ ​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ក៏ត្រូវ​បាន​កាត់ផ្តាច់ និង​ជំហរ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏ដូចជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនមាន​ការចុះ​សម្រុង​ក្នុង​ក្របខ័ណ្ឌ​ណាមួយ​នោះទេ​។​

ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​រូបនេះ​បាន​បន្តថា បន្ទាប់ពី​មាន​ការផ្តាច់​ EBA ​និង​សម្ពាធ​​របស់​សហគមន៍​អន្តរជាតិ​​ផ្សេងៗ​ហាក់​មិន​សូវ​មាន បើ​​ទោះបី​មាន​ក៏​ប្រើប្រាស់​ពេល​យូរ​ផងដែរ​។ ប្រសិនបើ​រង់ចាំ រហូតដល់​ឆ្នាំ​ ២០២២ ឬ​ឆ្នាំ​ ២០២៣ នឹង​អាចធ្វើឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​មាន​ការប្រែប្រួល​ច្រើន​ពាក់ព័ន្ធ​នឹង​ការមិន​ចេញ​ទៅ​បោះឆ្នោត​។ ​នៅពេល​ពលរដ្ឋ​មិន​ចេញទៅ​បោះឆ្នោត វា​នឹងធ្វើ​ឱ្យមាន​គ្រោះថ្នាក់ ដែល​ធ្វើឱ្យ​គណបក្ស​កាន់អំណាច​នឹង​ជិះសេះ​លែងដៃ​បន្ត​កាន់អំណាច​​តកូន តចៅ​បន្តទៀត​។

លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់​បន្ថែមថា​៖ «​ដូច្នេះ អ្នកនយោបាយ​យល់ថា មិនអាច​រង់ចាំ​តទៅ​​មុខ​ទៀត​ទេ ហើយក៏​មិនមាន​ច្រក​អ្វី​ចេញ​ក្រៅ​តែ​អំពី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ចូល​ប្រកួតប្រជែង​បោះឆ្នោត​ឡើងវិញ​ទេ​»​។

ចំពោះ​លោក ប៉ុល ហំម ចូលរួម​អាជីព​នយោបាយ​ជាមួយ​លោក​ឬ​យ៉ាងណា​នោះ លោក អ៊ូ ច័ន្ទរ័ត្ន ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​ក៏​មិនបាន​បដិសេធថា មិនឱ្យ​លោក​ ប៉ុល ​ហំម ចូលរួម​ជាមួយ​ដែរ ។ លោក​​ថា រឿងនេះ​ក៏​មិនយូរ​ដែរ លោក ប៉ុល ហំម នឹង​ប្រកាស​ជា​សាធារណៈ​នូវ​ជំហរ​របស់លោក​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​កម្ពុជា បានបង្ហាញ​ការយល់​ឃើញ​ថា ទាំង​លោក ប៉ុល ហំម និង​លោក ផាន់ ច័ន្ទសាក់ ដែល​បាន​ស្នើសុំ​នីតិសម្បទា​នយោបាយ​នេះ​គឺ​ក្នុង​បំណង​ចូលរួម​ជាមួយ​គណបក្ស​ថ្មី ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក អ៊ូ ច័ន្ទរ័ត្ន​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​នេះ​​គឺ​នៅ​មិនទាន់​មាន​ការគាំទ្រ​ពេញលេញ​ពី​ពលរដ្ឋ​នោះទេ ព្រោះ​គណបក្ស​ថ្មី​នេះ មិនទាន់មាន​ចំណុច​​ណាមួយ​ដែល​ពលរដ្ឋ​បានផ្តល់​តម្លៃ​ឱ្យ​នោះទេ​។

បើតាម លោក ឯម សុវណ្ណារ៉ា ដើម្បី​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ពលរដ្ឋ​ចំពោះ​គណបក្ស​ថ្មី​នេះ លុះត្រាតែ​មន្ត្រី​អតីតគណបក្ស​សង្គ្រោះ​ជាតិ​មាន​ការរួបរួម​គ្នា ដោយ​ប្រមូល​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងអស់ និង​មាន​ការគាំទ្រ​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា ជំរុញ​ឱ្យ​មាន​ការបោះឆ្នោត​ជ្រើសរើស ឃុំ​សង្កាត់ នោះ​ទើប​ទទួលបាន​សំឡេង​ខ្លះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មើល​យន្តការ​កន្លងមក ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មិនមាន​ការគាំទ្រ​ឱ្យមាន​ការស្នើសុំ​​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​។ ទោះបី​លោក កឹម សុខា ស្ថិត​ក្នុង​បទចោទ​ក៏ដោយ ក៏​មិនមាន​ឃើញ​ជំរុញ​ឱ្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ដែល​នេះ ធ្វើឱ្យ​ពលរដ្ឋ​មិនទាន់​ឱ្យ​តម្លៃ​ចំពោះ​គណបក្ស​តូច​នោះ​»៕