ព្រៃវែងៈ ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​កំពុង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក​សត្វស្លាប​ព្រៃ ដែល​ងាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី ដើម្បី​យកទៅ​ពិសោធ​ស្វែងរក​ការពិត​ បន្ទាប់ពី​មានការ​រាយការណ៍​ថា មាន​សត្វស្លាប​ជាច្រើន​រយក្បាល​ក្នុង​តំបន់​នោះបាន​ងាប់​ជា​បន្តបន្ទាប់​។

លោក តូច វ៉ារដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ​មីនា​ថា តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ករណី​សត្វ​ស្លាប​ព្រៃ​ងាប់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​បាន​កើតឡើង​ជិត​ ១ ​សប្ដាហ៍​មកហើយ ដោយ​ខ្លះ​ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅតាម​ដងព្រៃ​ក្បែរ​មាត់ទឹក និង​ខ្លះទៀត​ងាប់​នៅតាម​វាលស្រែ​របស់​ប្រជាកសិករ ដែល​ស្ថិត​នៅជាប់​តំបន់​អភិរក្ស​នោះ​។

លោក វ៉ារដ្ឋា ​បញ្ជាក់ថា​៖ «​ផ្អែក​តាម​ការចុះពិនិត្យ​ភាពជាក់ស្ដែង​នៅក្នុង​តំបន់​នោះ​នា​ព្រឹក​ថ្ងៃទី​ ២២ ​មីនា ក្រុមការងារ​យើង​សនិ្នដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា ការស្លាប់​របស់​សត្វ​ទាំងនោះ​អាច​បណ្ដាល​មកពី​អាកាសធាតុ​ក្ដៅ​ខ្លាំងពេក​ ឬ​ដោយសារ​វ័យ​ចំណាស់​របស់​វា​ ឬ​អាច​បណ្ដាលមកពី​ការបំពុល​ដោយ​មនុស្ស​»​។

លោក​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​បាន​ប្រមូលយក​សំណាក​សត្វ​ស្លាប​ដែល​ងាប់ និង​ទឹក​នៅក្នុង​វាលស្រែ​ដែល​អ្នកភូមិ​អះអាងថា វា​បាន​ចុះមក​ផឹក​ហើយ​ប្រកាច់​ងាប់​នោះ​យក​ទៅ​ពិសោធ ដើម្បី​ស្វែងរក​ការពិត​»​។ ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​សូមកុំ​ប្រមូល​សត្វ​ស្លាប​ដែល​ងាប់​ទាំងនោះ​យក​ទៅ​បរិភោគ ដែល​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ប្រសិនបើ​ពួកវា​ងាប់​ដោយ​ជំងឺ ឬ​ការបំពុល​ដោយ​ថ្នាំ​គីមី​ពុល​កសិកម្ម​។

ក្នុង​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក​សត្វ​ដែល​ងាប់​នៅក្នុង​តំបន់​នោះ ក្រុមមន្ត្រី​បរិស្ថាន ប្រជាសហគមន៍ និង អាជ្ញាធរ​មូលដ្ឋាន​បាន​រកឃើញ​សត្វ​ងាប់​ ៨៥ ​ក្បាល​ដែល​ភាគច្រើន​ជា​សត្វ​ចង្កៀលខ្យង​។

លោក ពុទ្ធ បូ ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ទួលពាន់តាឡី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​ ២០២១ ​មក ប្រជាកសិករ​នៅក្នុង​សហគមន៍​របស់លោក​បាន​ប្រមូល​សត្វ​ដែល​ងាប់​យកមក​ដុត​បំផ្លាញចោល​អស់​ចំនួន​ជាង​ ៣០០ ​ក្បាល​មកហើយ​។

លោក​ថ្លែងថា​៖ «​នៅ​ថ្ងៃ​ដំបូង គឺ​ប្រជាសហគមន៍​យើង​បាន​ប្រទះឃើញ​ពួកវា​ងាប់​នៅ​តាម​ដងអូរ វាលស្រែ​មាត់បឹង និង​តាម​ដងព្រៃ​របោះ​។ ប៉ុន្តែ​មាន​ចំនួន​មិន​ច្រើន​នោះទេ ប៉ុន្តែ​ ២ ​ថ្ងៃ​ចុង​ក្រោយនេះ យើង​បាន​ប្រទះ​ឃើញ​មាន​ងាប់​កាន់តែ​ច្រើនឡើង ដែល​គួរឱ្យ​បារម្ភ​»​។

បើតាម​លោក ពុទ្ធ បូ ប្រជាកសិករ​នៅក្នុង​សហគមន៍​របស់​លោក​ពុំមាន​គ្រួសារ​ណាមួយ​ប្រើ​ថ្នាំ​គីមី​ពុល​កសិកម្ម នៅ​ដីស្រែ​ ឬ​ចម្ការ​របស់ខ្លួន​ឡើយ បើទោះ​ជា​ដីស្រែ​នៅក្នុង​ភូមិ​សម្បូរ​ទៅដោយ​ប្រភេទ​ខ្យង​សៀម ដែល​អាច​កាត់​បំផ្លាញ​ដំណាំស្រូវ​ក៏ដោយ ព្រោះ​ពួកគាត់​ជឿជាក់​ទៅលើ​ប្រភេទ​សត្វ​ចង្កៀលខ្យង​ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​ការពារ​សុវត្ថិភាព​ដល់​ដំណាំ​ស្រូវ​របស់​ពួកគាត់​។ ប៉ុន្តែ​ប្រជាកសិករ​នៅក្នុង​ភូមិ​ផ្សេងទៀត ពួកគេ​អាច​ប្រើប្រាស់​ថ្នាំ​គីមី​ពុល​កសិកម្ម សម្រាប់​បំផ្លាញ​សត្វ​ខ្យង​សៀម​ទាំងនោះ​។

ជាមួយ​គ្នា​នេះ​លោក​ កង ធឿន អាយុ ៥២ ​ឆ្នាំ​ ជា​ប្រជាកសិករ​នៅ​ភូមិ​ទួលតាឡី ឃុំ​ធាយ ស្រុក​បាភ្នំ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​ពី​សត្វ​ដល់​មនុស្ស​។

លោក​ថ្លែងថា​៖ «​បើ​សត្វ​ស្លាប​ព្រៃ​ទាំងនោះ ងាប់​ដោយ​ថ្នាំ​គីមី​ពុល​កសិកម្ម ឬ​ពី​អាកាសធាតុ វា​នឹង​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ទេ តែបើ​ពួកវា​បាន​ឆ្លង​ជំងឺ​ផ្ដាសាយបក្សី​ប្រភេទ​ថ្មី​ពី​តំបន់​ណាមួយ​ហើយ​ហើរ​មក​ងាប់​នៅក្នុង​តំបន់​នេះ នោះ​វា​នឹង​បង្ក​ការឆ្លង​រីក​រាលដាល​ដល់​មនុស្ស​យើង​ទៀត​»​។

បើតាម​លោក កង ធឿន សត្វស្លាប​ព្រៃ​នៅក្នុង​តំបន់​នោះ​បាន​ស៊ាំ​ទៅនឹង​មនុស្ស វា​មិន​ផ្អើល​ទេ ព្រោះ​អ្នកភូមិ​នៅក្នុង​តំបន់​នោះ គ្មាន​នរណា​ម្នាក់​ធ្វើ​សកម្មភាព​យាយី​ដល់​ពួកវា​ឡើយ ហើយ​ពួកវា​ក៏​មិន​បំផ្លាញ​ផលដំណាំ​របស់​អ្នកភូមិ​ដែរ​។ ក្រៅពី​ការដាំដុះ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ប្រជាកសិករ​នៅក្នុង​តំបន់​នោះ​បាន​រកប្រាក់​ចំណូល​បន្ថែម​ទៀត​តាមរយៈ​ការនាំ​ភ្ញៀវ​ទស្សនា​សត្វ​ស្លាប​ព្រៃ​ក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​ទួលពាន់តាឡី​នេះ​ផងដែរ​ពិសេស​នៅក្នុង​រដូវវស្សា​។

តំបន់​អភិរក្ស​សត្វ​ស្លាប​បឹងស្នេហ៍​ទួលពាន់តាឡី​មាន​ទំហំ​ ៨៣ ​ហិកតា ​ស្ថិតនៅ​ភូមិ​បឹងស្នេហ៍​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ តំបន់​នេះ​មាន​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​រស់នៅ​ដូចជា សត្វ​កុក ខ្វែក ក្អែកទឹក ចង្កៀលខ្យង ទុង និង​សត្វ​ក្រសារ ផងដែរ​។

លោក​ កង ធឿន ​បានឱ្យដឹងថា កាលពីមុន​តំបន់​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​នេះ​មាន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ជា​ហូរហែ ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ឆ្លង​ចូល​សហគមន៍​ ២០​ កុម្ភ:​មក ភ្ញៀវទេសចរ​ក៏បាន​អាក់​ខាន​ទៅ​ទស្សនា​សត្វ​ស្លាប​ក្នុង​តំបន់​នោះ​ដែរ​៕