អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​សាងសង់​ឈាបនដ្ឋាន​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៤ ​សម្រាប់​បូជា​អ្នកស្លាប់​ដោយ​ជំងឺ​កូវិដ ១៩ ​នៅលើ​ផ្ទៃដី​ ១០ ហិកតា ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​តាសាល ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។ នេះ​បើ​តាម​ការអះអាង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ។

លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា ​នៅពេល​នេះ ​ក្រុម​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានចាប់​ផ្ដើម​ដំណើរការ​ឈូសឆាយ​ពង្រាប​ទីតាំង​ដី​នៅ​ក្បែរ​តំបន់​ជើង​ភ្នំ​ឱរ៉ាល់ ​ដើម្បី​សាងសង់​ឈាបនដ្ឋាន​ សម្រាប់​បូជា​សព​អ្នកដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩ ​បន្ទាប់ពី​ទទួលបាន​ការឯកភាព​ពី​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ ។

លោក​ថ្លែងថា​៖ «យើង​មិនអាច​សាងសង់​ឈាបនដ្ឋាន​សម្រាប់​បូជា​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ ១៩​ នៅក្នុង​តំបន់​ទីប្រជុំ​ជន​បាន​ទេ ​ព្រោះ​វា​ងាយ​នឹង​ឆ្លង ​ហើយ​ការធ្វើ​ឈាបនដ្ឋាន ​ក៏​មិនមែន​ចេះតែ​ធ្វើឲ្យ​រួច​ពី​ដៃ​ ដោយ​គ្មាន​បទដ្ឋាន​បច្ចេក​ទេស​នោះ​ដែរ។ ហេតុ​នេះ​ខ្ញុំក៏បាន​សម្រេច​បញ្ជា​ទិញ​ឧបករណ៍ ​បច្ចេកទេស​មួយចំនួន​ពី​ប្រទេស​ថៃ ​ដើម្បី​សាងសង់​ឈាបដ្ឋាន​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៤ ​នៅលើ​ទីតាំង​ដី​ ១០ ហិកតា ​ជាប់​តំបន់​ជើង​ភ្នំ​ឱរ៉ាល់​ ក្នុង​ខេត្ត​កំពង់​ស្ពឺ»។

បើ​តាម​លោក​ ឃួង ស្រេង ​ការចាប់​ផ្ដើម​សាងសង់​ឈាបនដ្ឋាន ​សម្រាប់​បូជា​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ ១៩ ​នាពេល​នេះ​ មិនមែន​ជាការប្រមាថ​ដល់​អាយុ​ជីវិត ​អ្នក​ដែល​បានឆ្លង​ជំងឺ​កូវីដ​ ១៩ ​នោះ​ទេ​ តែ​ជា​ការគិតគូរ​ដ៏ធំ​ និង​ប្រកប​ដោយ​ទឹកចិត្ត​ និង​ស្មារតី​មនុស្ស​ធម៌​ជា​សកល។

ទន្ទឹម​នឹងនេះ​ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការរាយការណ៍​អំពី​ជន​សង្ស័យ​មាន​ការប៉ះពាល់​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​នឹង​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍​នាំពួក​គាត់​មក​ពិនិត្យ​ព្យាបាល ​និង​ធ្វើ​ចត្តាឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ ​និង​ទាន់​ពេល​វេលា។

ជុំវិញ​ករណី​នេះ ​លោក ​វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា ​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ ​បានត្រៀម​ផ្ទៃដី​ទំហំ ​៤៩ ហិកតា ​នៅក្នុង​ឃុំ​តាសាល ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ ​សម្រាប់​សាងសង់​ទីបញ្ចុះ​សព ​និង​ឈាបនដ្ឋាន ​សម្រាប់​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «ស្ថានភាព​ដី​ក្នុង​តំបន់​នោះ ​ជាតំបន់​ទីទួល​មិន​លិច​ទឹក ​គ្មាន​បឹង ​អូរ​ ឬ​ប្រឡាយ​ នោះ​ទេ។ ការជ្រើស​យក​តំបន់​នេះ ​ធ្វើ​ជា​ឈាបនដ្ឋាន ​និង​ទីបញ្ចុះ​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ ​គឺ​ពិតជា​ល្អ​ និង​មិនចម្លង​ដល់​អ្នក​ដទៃ ​ព្រោះ​ទីតាំង​នោះ ​មាន​ចម្ងាយ​ ២ ៩០០ម៉ែត្រ​ ពី​តំបន់​ទី​ប្រជុំ​ជន»។

លោក​អភិបាល​ខេត្ត​បានបន្ត​ថា ​ក្នុង​ជំហាន​ដំបូង​នេះ ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ​បានសហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ធ្វើការ​សាងសង់​ឈាបនដ្ឋាន​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៤ ​នៅលើ​ទីតាំង​ដី​ ១០ ហិកតា​ជាបណ្ដោះ​អាសន្ន ​ក្នុង​ករណី​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ។ ប៉ុន្តែ​ជាអ្នក​កាន់​សាសនា​ម៉ូស្លីម ​ឬសាសនា​គ្រីស្ត៍ ​ដែល​និយម​បញ្ចុះ​សព​នោះ ​គឺ​ រដ្ឋបាល​ខេត្ត​ នឹង​រៀបចំ​ឲ្យ​មាន​ទីលាន​បញ្ចុះ​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ។

លោក​ សេង សុមុនី ​រដ្ឋ​លេខា​ធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា ​កាលពី​ថ្ងៃទី ១៥ ​មីនា ​ក៏បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ផង​ដែរ​ថា ​នៅពេល​នេះ​អាជ្ញាធរ​ រាជធានី​-ខេត្ត ​ទាំងអស់​កំពុង​រៀបចំ​សាងសង់​ឈាបនដ្ឋាន ​សម្រាប់​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ ​នៅក្នុង​ទីតាំង​សមស្រប ​ដែលអាច​ការពារ​ ពី​ការឆ្លង​នៃ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

លោក​ថ្លែងថា​៖ «នៅ​ពេល​នេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កំពង់​ស្ពឺ ​បានឯកភាព​គ្នា​ជ្រើស​យក​ទីតាំង​ក្នុង​តំបន់​ជើងភ្នំ​ឱរាល់​ សម្រាប់​ធ្វើ​ឈាបនដ្ឋាន ​និង​ទីលាន​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ ​ចំណែក​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ ដែល​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល ​គឺបាន​យក​វត្ត​អារាម ​ដែល​មាន​ទីធ្លា​ធំ ​សម្រាប់​ធ្វើ​ឈាបនដ្ឋាន​ថ្មី​មួយ ​សម្រាប់​បូជា​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវិដ»។

លោក​បានបន្តថា​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩ ​មិនអាច​យក​មក​បូជា​ក្នុង​ឈាបនដ្ឋាន​រួម​ជាមួយ​សព​មនុស្ស​ទូទៅ​នោះ​ទេ។ ទោះ​យ៉ាង​ណា​នេះ​មិនមែន​ជាការ​មើល​ងាយ​ឬ​រើសអើង​នោះ​ទេ ​តែ​ជាការប្រុង​ប្រយ័ត្ន ​និង​បង្ការ​ទប់​ស្កាត់​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

ជាមួយ​គ្នានេះ ​លោក​បានអំពាវ​នាវ​ដល់​ពលរដ្ឋ ​ឲ្យ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​នូវ​វិធាន​សុវត្ថិភាព ​អនាម័យ ​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​និង​ត្រូវ​អនុវត្ត​គោលការណ៍​៣កុំ ​៣ការពារ​ឲ្យបាន​គ្រប់​គ្នា។

សកម្មភាព​នៃ​ការរៀបចំ​សាងសង់​ឈាបនដ្ឋាន ​សម្រាប់​បូជា​សព​អ្នកស្លាប់​ដោយ​ជំងឺ​កូវីដ ​បានធ្វើ​ឡើង​ភ្លាមៗ ​បន្ទាប់ពី​ស្ថាន​ភាព​នៃ​ការឆ្លង​ជំងឺ​កូវីដ ​ជាសហគមន៍​ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ ​កាន់​តែ​ខ្លាំ​ឡើងៗ។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​រៀបចំ​សាងសង់​នូវ​ឈាបនដ្ឋាន​នេះ ​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់​ កាលពី​ថ្ងៃទី ៩ ​ខែមីនា៕