ភ្នំពេញៈ យ៉ាងហោចណាស់​ជនសង្ស័យ​ ៣ ​នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ដែល​បាន​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ធ្វើការ​រុះរើ​ខ្ទម​នៅក្នុង​តំបន់​ការពារធម្មជាតិ​ឧទ្យាន​ជាតិ​ព្រះសីហនុរាម ហើយ​បាន​បង្ក​ឲ្យ​មានការ​រងរបួស​ដល់​សមត្ថកិច្ច អាច​នឹង​ប្រឈម​ក្នុងការ​បញ្ជូនទៅ​តុលាការ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​មន្ត្រី​អធិការ​ស្រុក​ព្រៃនប់​កំពុង​រៀបចំ​បែបបទ​នីតិវិធី​បន្តទៅ​តុលាការ​»​។

កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ធ្វើការ​រុះរើ​ខ្ទម​អនាធិបតេយ្យ​ដែល​បាន​សង់​រំលោភ​យក​ដី​នៅក្នុង​តំបន់​ការពារធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុរាម​ត្រង់​ចំណុច​ខាងលិច​ក្បាលកោះខ្យង ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅពេល​ដែល​ក្រុមការងារ​ធ្វើការ​រុះរើ​ខ្ទម​បាន​ចំនួន​ ៣ ​ខ្នង ស្រាប់តែ​មាន​ក្រុម​អនាធិបតេយ្យ​ប្រមូលផ្តុំ​គ្នា​ប្រមាណ​ជាង​ ១០០ ​នាក់​ប្រើ​ហិង្សា​តដៃ​មកលើ​កម្លាំង​សមត្ថកិច្ច ដោយ​ប្រើ​ដប​សាំង ដំបង ដុត​ភ្លើង កាំបិត ពូថៅ និង​ចម្ពាមកៅស៊ូ ធ្វើការ​វាយប្រហារ​មកលើ​កម្លាំង​សមត្ថកិច្ច បណ្តាល​ឱ្យ​ប្រជាការពារ​ចំនួន​ ២ ​នាក់​រងរបួស​ធ្ងន់ និង​កម្លាំង​នគរបាល​ ៣ ​នាក់​រងរបួស​ស្រាល​។

ជាមួយ​នឹង​ហេតុការណ៍​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ព្រមាន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ដែល​បំផុស​ចលនា​នេះ​ឱ្យមក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​។ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ព្រមាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ជនខិលខូច​ចូល​ទៅ​កាប់​គាស់ ​រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹងថា​យោងតាម​ច្បាប់​ស្តីពី​ការការពារ​ធនធាន​ធម្មជាតិ​ត្រង់​មាត្រា ៦២ និង​មាត្រា​ ៥៦ បាន​ចែងថា​ការកាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​បទល្មើស​ធនធាន​ធម្មជាតិ និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ​ ១០ ​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ចាប់ពី​ ១៥ ​លាន​រៀល​ដល់​ ១៥០ ​លាន​រៀល​ផង​ដែរ​។

លោក ឃាង ភារម្យ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ការប៉ះទង្គិច​អាជ្ញាធរ​ស្រុក​ព្រៃនប់​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ចំនួន​ ១៧ ​នាក់ ដើម្បី​សាកសួរ​។ ក្រោយមក​ប្រជាពលរដ្ឋ​ចំនួន​ ១៤ ​នាក់​ក៏​ត្រូវ​បាន​ដោះលែង​វិញ ចំណែក​ ៣ នាក់​ទៀត​កំពុង​បន្ត​នីតិវិធី​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។

លោក​ថ្លែង​ថា​៖ «​យើង​អញ្ជើញ​ពួកគាត់​មក​សាកសួរ ហើយ​អ្នក​ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​នៅ​តែ ៣ នាក់​ប៉ុណ្ណោះ​»​។

ទោះយ៉ាងណា​ក៏ដោយ លោក ឃាង ភារម្យ បាន​អះអាង​ថា​អាជ្ញាធរ​ស្រុក​នៅតែ​មាន​វិធានការ និង​ចុះទៅ​រុះរើ​សំណង់​អនាធិបតេយ្យ​ទាំងនោះ​បន្តទៀត ដើម្បី​ការពារ​តំបន់​អភិរក្ស​។

លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃនប់​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ចំណាត់​ការបន្ត​លើ​ពលរដ្ឋ​ទាំង​ ៣ ​នាក់​នេះ​បាន​នៅឡើយ​ទេ​កាលពី​ម្សិលមិញ ព្រោះតែ​មិនមាន​ប្រភព​ដើម្បី​ទាក់ទង​។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួល​សមាគម​អាដហុក​ (Adhoc) ​ប្រចាំខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ក្នុង​ករណី​នេះ​បើទោះ​ជា​ប្រជាពលរដ្ឋ​បាន​សាងសង់​ផ្ទះ និង​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ក៏ដោយ ក៏​អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី មិន​គួរណា​ប្រើ​យន្តការ​បែបនេះ​នោះទេ​។ ​ការប៉ះទង្គិច​បែបនេះ​គឺជា​រូបភាព​មួយ​ដែល​បង្ហាញ​ពី​គំរូ​អាក្រក់​បំផុត ដែល​មិន​គួរ​ឲ្យ​កើតមាន​នោះទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​មិន​ចង់ឱ្យ​មាន​ការប្រឈម​ដាក់​គ្នា​អ៊ីចឹង​ទេ​។ បើទោះជា​ប្រជាពលរដ្ឋ ទើបតែ​សាងសង់​ផ្ទះ​នេះ​ក៏ដោយ ក៏​គួរណា​ធ្វើការ​ជូនដំណឹង និង​កោះហៅ​ពួកគាត់​ដោយ​សន្តិវិធី ព្រោះ​ផ្ទះ​ពួកគាត់​ដែល​បាន​សាងសង់​រួចហើយ​នោះ​ចំណាយលុយ​កាក់​អស់​ច្រើន​ដែរ​»​។

លោកស្រី ជៀប សុធារី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូលទៅ​រស់នៅ​លើដី​ជម្លោះ​នោះ​ប្រហែល​ជា​នៅក្នុង​អំឡុង​ឆ្នាំ​ ២០០០ និង​មាន​អ្នកខ្លះ​បាន​មក​តាំង​ទីលំនៅ​ក្នុងអំឡុង​ឆ្នាំ​ ២០១៨ ដែល​រហូតមកដល់​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​កំពុង​តាំងទី​លំនៅ​លើ​ទីតាំង​ខាងលើ​ដែល​ជា​ដី​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ប៉ុន្តែ​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​៕