កោះកុងៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឃាត់ខ្លួន និងកំពុងបន្តការសាកសួរជនជាតិវៀតណាមចំនួន ៤៩ នាក់ ក្នុងនោះមានស្រី ៣ នាក់ ដែលបានចូលមកធ្វើការងារដោយខុសច្បាប់ក្នុងខេត្ដកោះកុង។
លោក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញ ក្រោយពីការសាកសួរពួកគេចប់ និងកសាងសំណុំរឿងបណ្ដេញចេញពីប្រទេសកម្ពុជាវិញ។
លោក កែម សារិន ថ្លែងថាកាលពីថ្ងៃទី ៨ ខែកក្កដា កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយសមត្ថកិច្ចខេត្តកោះកុងបានចុះស្រាវជ្រាវរកឃើញ ក្រុមជនអន្តោប្រវេសន៍ជនជាតិវៀតណាមចំនួន ៤៩ នាក់ក្នុងនោះមានស្រី ៣ នាក់កំពុងស្នាក់នៅធ្វើការខុសច្បាប់នៅលើសាង់បូមខ្សាច់ ស្ថិតនៅភូមិបាក់អង្រុត ភូមិឈើទាលភ្នាស់ ស្រុកស្រែអំបិល ខេត្ដកោះកុង។
លោក សារិន បានថ្លែងថា៖ «យើងកំពុងតែបន្តការសាកសួរពួកគាត់ ដើម្បីធ្វើរបាយការណ៍តាមនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ តាមច្បាប់ពួកគាត់គឺត្រូវបណ្ដេញចេញពីកម្ពុជា ព្រោះពួកគាត់ស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់»។
លោក សារិន ថ្លែងថាជនអន្តោប្រវេសន៍វៀតណាមទាំងនោះស្នាក់នៅ និងធ្វើការលួចលាក់ខុសច្បាប់នៅលើសាឡង់បូមខ្សាច់ចំនួន ១៨ គ្រឿង។ ក្រោយសមត្ថកិច្ចស្រាវជ្រាវពិនិត្យឃើញថា ពួកគេមិនមានឯកសារសម្គាល់ ឬលិខិតឆ្លងដែនឡើយ។
លោកថ្លែងថា៖ «ក្រោយបញ្ចប់ការសាកសួរតាមនីតិវិធីយើងនឹងធ្វើរបាយការណ៍ស្នើទៅថ្នាក់ដឹកនាំ ដើម្បីបណ្ដេញពួកគាត់ចេញពីកម្ពុជា»។
លោក សំ ឃិតវៀន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានថ្លែងកាលពីម្សិលមិញដែរថាស្នងការដ្ឋាននគរបាលខេត្តកោះកុងបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការបង្ក្រាប ឃាត់ខ្លួនជនអន្ដោប្រវេសន៍វៀតណាមទាំងនោះ។
លោកថ្លែងថា៖ «ជនអន្ដោប្រវេសន៍វៀតណាមទាំងនេះ ពួកគាត់មកធ្វើការងារជាកម្មករស៊ីឈ្នួលបូមខ្សាច់។ កន្លងមកធ្លាប់មានជនអន្ដោប្រវេសន៍វៀតណាមលួចចូលមកធ្វើការងារបែបនេះដែរ ប៉ុន្ដែមិនច្រើនទេមានតែ ១ នាក់ ២ នាក់ប៉ុណ្ណោះហើយយើងបានធ្វើការតាមនីតិវិធីបញ្ជូនពួកគាត់ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍»។
លោកថ្លែងថា សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវបន្តទៀត ចំពោះនីតិវិធីបន្ទាប់លើម្ចាស់អាជីវកម្មបូមខ្សាច់គឺជាភារកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជាអ្នកធ្វើការស្រាវជ្រាវបន្ថែម៕