ស្ទឹងត្រែងៈ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កំពុងស្រាវជ្រាវរកម្ចាស់ឈើប្រណីត ដែលបានយកឈើប្រមាណជាង ១០០ ម៉ែត្រគុប មករក្សាទុកដោយគ្មានច្បាប់ នៅក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ។
នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង លោក អន ច័ន្ទសុជាតិ បានឲ្យដឹងថា មកដល់រសៀលថ្ងៃទី២៧ ខែមេសានេះ ឈើប្រណីតទាំងអស់ត្រូវបានមន្ត្រីជំនាញដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងរួចអស់ហើយ បន្ទាប់ពីធ្វើការរឹបអូសពីម្សិលមិញ។
ប៉ុន្តែ លោកថ្លែងថា៖«អត់ទាន់ដឹងថា ឈើទាំងអស់ហ្នឹងមានចំនួនប៉ុន្មាន ហើយជាប្រភេទឈើអីខ្លះទេ ដោយសារតែ ខាងនាយផ្នែកនៅមិនទាន់បានផ្តល់ទិន្នន័យមកខ្ញុំទេ»។
បើតាមលោក ច័ន្ទសុជាតិ ការចុះទៅបង្ក្រាបនិងរឹបអូសឈើប្រណីតនេះ មន្ត្រីជំនាញរកមិនឃើញម្ចាស់ឈើប្រណីតទាំងនោះឡើយ។
លោកថា៖«យ៉ាងណាជំហានបន្ទាប់ យើងនឹងធ្វើសេចក្តីជូនដំណឹងដើម្បីឲ្យម្ចាស់ឈើចូលខ្លួនមកសារភាព ហើយបើសិនជាគាត់នៅតែមិនចូលមកសារភាពអីទេ យើងនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការ»។
លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលសហការក្នុងការចុះបង្ក្រាបនេះ បានឲ្យដឹងថា លោកបានចាត់តាំងកម្លាំងចុះពិនិត្យ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឃើញថា ពុំមានឯកសារច្បាប់ត្រឹមត្រូវឡើយ។
លោកថ្លែងថា៖ «ក្រោយពិនិត្យដឹងថា គ្មានច្បាប់ និងក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងបានសម្រេចធ្វើការដកហូត នាំឈើទាំងនោះ ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ ឈើទាំងនោះ ត្រូវដឹកចំនួន ៤ រថយន្តយីឌុប និងរថយន្តវ៉េអង ទើបអស់»។
បើតាមលោក ដួង វិចិត្រ ឈើទាំងនោះមិនទាន់វាស់វែងនៅឡើយទេ ប៉ុន្តែតាមការប៉ាន់ស្មាន ឈើទាំងនោះមានប្រមាណជាង ១០០ម៉ែត្រគុបត្រីគុណ ដែលមានឈើគ្រឿង និងឈើក្តារ រាប់ពាន់សន្លឹក៕