ភ្នំពេញៈ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ទីតាំង និង​អត្តសញ្ញាណ​ពលការិនី​ខ្មែរ​ម្នាក់​នៅ​ប្រទេស​ចិន បន្ទាប់ពី​នាង​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​យក​នាង​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយពី​នាង​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើការ​ខុស​ច្បាប់​។

លោក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ ស៊ើបអង្កេត​រក​សាច់ញាតិ​នាង​នៅ​កម្ពុជា​។ មន្ត្រី​ជំនាញ​ក៏​កំពុង​សហការ​ជាមួយ​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ប៉ុន្ដែ​រហូត​មកដល់​ថ្ងៃទី​ ១២ ខែតុលា មិនទាន់​មាន​សញ្ញា​វិជ្ជមាន​ណាមួយ​នៅឡើយ​។

លោក​ថា ស្រី្ត​ជនរងគ្រោះ​គ្រាន់តែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្ដែ​នាង​មិនបាន​បង្ហាញ​ពី​ឈ្មោះ​នាង​ផ្ទាល់ ឈ្មោះ​ទីតាំង​ដែល​នាង​កំពុង​ស្នាក់អាស្រ័យ ឬ​ឈ្មោះ​កន្លែងធ្វើការ​។ នាង​ក៏​មិនបាន​បង្ហាញ​ឈ្មោះ​ទីតាំង​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​ដែរ​។ ដូច្នេះ​បញ្ហា​នេះ ធ្វើឱ្យ​សមត្ថកិច្ច​មានការ​ពិបាក​ក្នុង​ការស្រាវជ្រាវ​រក​ស្ត្រី​ជនរងគ្រោះ​។

លោក ជីវ ផល្លី បញ្ជាក់​ថា​៖ «​យើង​បាន​ទាក់ទង​ទៅ​គណនី​ហ្វេសប៊ុក​ដែល​គាត់​បាន​បង្ហោះ​មក​ហ្នឹង​ជា​រៀងរាល់ថ្ងៃ ប៉ុន្ដែ​គាត់​មិនបាន​ឆ្លើយតប​មក​យើង​វិញ​ទេ​។ កិច្ចការ​បន្តទៀត គឺ​ខ្ញុំ​កំពុង​ស្នើឱ្យ​មន្ត្រី​ជំនាញ​ខាង​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជួយ​កំណត់​ទីតាំង​គាត់​ហ្នឹង ប៉ុន្ដែ​មិនមាន​លទ្ធផល​អ្វី​ទេ ហើយ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ចិន ដើម្បី​ស្រាវជ្រាវ​បន្តទៀត​»​។

តាម​គណនី​ហេ្វសប៊ុក​មួយ​ឈ្មោះ​ «​រីណា រីណា​» ​បាន​បង្ហោះ​វីដេអូ​កាលពី​ចុង​សប្ដាហ៍​មុន បង្ហាញ​ពី​ស្ត្រី​ខ្មែរ​ម្នាក់​លើកដៃ​សំពះ​សុំ​អង្វរ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អន្តរាគមន៍​ជួយ​នាង​ឱ្យបាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

ស្ត្រី​រូបនេះ​បាន​អះអាង​ថា នាង​ចាញ់បោក​មេខ្យល់​មក​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ចិន​អស់​រយៈពេល​ ២ ​ឆ្នាំ​ហើយ​។ ថៅកែ​បានធ្វើ​ទារុណកម្ម​មកលើ​នាង​ស្ទើរ​រាល់ថ្ងៃ​។

ស្ត្រី​រងគ្រោះ​និយាយ​លើ​គណនី​ហេ្វសប៊ុក​នោះ​ថា​៖ «​ខ្ញុំ​ចាញ់បោក​គេ​មកដល់​ប្រទេស​ចិន​រយៈពេល​ ២ ​ឆ្នាំ​ហើយ​។ ខ្ញុំ​វេទនា ខ្ញុំ​អត់​មាន​ទូរស័ព្ទ​ទាក់ទង​ម៉ែឪ​ខ្ញុំ​ទេ ទើបតែ​ឥឡូវ​ទេ ខ្ញុំ​សុំ​ទូរស័ព្ទ​គេ​បាន​វិញ ហើយ​ខ្ញុំ​ចង់ទៅ​ស្រុក​ខ្មែរ​វិញ​។ ខ្ញុំ​អត់​ចង់​នៅ​កន្លែង​ហ្នឹង​ទៀត​ទេ គេ​ធ្វើបាប​ខ្ញុំ​ឆ្អែត​ហើយ​»​។

តាម​ហ្វេសប៊ុក​ដដែល​នាង​បន្ថែម​ថា​៖ «​ខ្ញុំ​សំណូមពរ​ដល់​លោកអ៊ំ ហ៊ុន សែន ជួយ​ខ្ញុំ​ផង និង​ឯកឧត្តម​ណាក៏ដោយ​ឱ្យតែ​ជួយ​ខ្ញុំ​បាន​។ ខ្ញុំ​មាន​ជំងឺ​ក្នុង​ខ្លួន គេ​អត់​យក​ខ្ញុំ​ទៅ​ពេទ្យ​ទេ គេ​ទុក​ខ្ញុំ​ចោល ខ្ញុំ​សង្ឃឹម​ថា លោកអ៊ំ​ជួយ​ខ្ញុំ​ឱ្យបាន​ទៅ​ស្រុកកំណើត​ជួប​ម៉ែឪ​ខ្ញុំ​វិញ​។ យ៉ាង​ហោចណាស់​ខ្ញុំ​បាន​ជួប​ម៉ែឪ​ខ្ញុំ ខ្ញុំ​ស្លាប់ទៅ​ក៏​បិទ​ភ្នែក​ជិត​ដែរ​។ បងប្អូន​ទាំងអស់​គ្នា​ជួយ​ស៊ែរ​ឱ្យ​លោកអ៊ំ ហ៊ុន សែន បានឃើញ​ជួយ​ខ្ញុំ​ផង​»​។

លោកស្រី ខែក កែមាលីស៊ីសីសូដា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ​ពោល​គឺមាន​ច្រើន​ករណី​រួចមកហើយ​។ ប៉ុន្ដែ​អាជ្ញាធរ​ក៏​ធ្លាប់បាន​ជួយសង្គ្រោះ​ពួកគាត់​ឱ្យមក​ជួបជុំ​គ្រួសារ​វិញ​ដែរ​។

លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយ​សង្គ្រោះ​នាង​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន ព្រោះ​នាង​កំពុង​តែមាន​បញ្ហា​សុខភាព​។ កន្លងមក​អាជ្ញាធរ និង​សង្គម​ស៊ីវិល​ធ្លាប់​បាន​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​បង្ហាញ​ពី​កលល្បិច​របស់​ជនខិលខូច​មួយចំនួន​ដែល​នាំ​ពលករ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​បរទេស ប៉ុន្ដែ​បញ្ហា​នេះ​ថមថយ​តិចតួច ពោល​គឺ​នៅតែ​បន្ត​កើតមានឡើង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​កុំ​ចាត់ទុក​ពួកគាត់​ជា​ពលករ​ខុសច្បាប់ គឺ​យើង​ត្រូវតែ​ចាត់ទុក​គាត់​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម​ពួកគាត់ ហើយ​ត្រូវតែ​ជួយ​សង្គ្រោះ​ពួកគាត់​ជាបន្ទាន់​។ ខ្ញុំ​សង្កេត​ឃើញ​បទល្មើស​មួយរយៈ​ចុងក្រោយ​នេះ គឺ​ជនល្មើស​បាន​នាំ​ជនរងគ្រោះ​ចូល​ទៅតាម​ប្រទេស​វៀតណាម ហើយ​នាំ​ពី​វៀតណាម​ទៅ​កាន់​ចិន​តែម្ដង​។ ដូច្នេះ​អាជ្ញាធរ​ទាំង​ ៣ ​ប្រទេស​ត្រូវតែ​ពង្រឹង​ច្បាប់​ជួញដូរ​មនុស្ស​បន្ថែម​ទៀត​»៕