The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

កំពង់ឆ្នាំងៈ ក្រុមមន្ត្រី​ជំនាញ​នៃមន្ទី​រក​សិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេ​សាទខេត្ត​កំពង់​ឆ្នាំង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ​ក្រុម​ជន​សង្ស័យ​​មួយ​ក្រុម​ដែល​បាន​លួច​ចល័ត​គ្រឿង​ចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិចទឹ​ក​ខុស​ច្បាប់​ក្នុង​តំប​ន់អូ​រក្របី​ងាប់​ និង​អូរ​ខ្លុង​ក្នុង​ឃុំ​ជៀប ស្រុក​ទឹក​ផុស កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិ​កម្ម រុក្ខាប្រ​មាញ់ និងនេ​សាទ ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កាល​ពី​ថ្ងៃ​ចន្ទ កម្លាំង​សមត្ថ​កិច្ច​របស់​លោក​បាន​​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុង​ស្រុក​ទឹក​ផុស​ចុះ​ប្រតិ​បត្តិ​ការ​ស្រាវ​ជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខា​ងលើដោយ​បាន​ចាប់​រឹប​អូស​បាន​ត្រាក់​ទ័រ​ឈូស​ឆាយ​ចំនួន​២​គ្រឿង​ យក​មក​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​កសិ​កម្ម​ខេត្ត​។ ​​

លោក​ថា៖​«យ៉ាង​ហោច​ណាស់​ព្រៃ​លិច​ទឹក​ប្រមាណ​ជិត​១០​ហិក​តា​នៅ​ក្នុង​តំបន់​នោះ​ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​លួច​ឈូស​ឆាយ​ ​ដោយ​ខុស​ច្បាប់»​។

លោក​បាន​បន្ត​ថា៖​«ក្រុម​ជន​ល្មើស​ហាក់​ដូច​ជា​បាន​ដឹង​ព័ត៌​មាន​ស្ដីពី​ការ​ចុះ​បង្ក្រាប​របស់​សមត្ថ​កិច្ច​យើង​ជា​មុន​ហើយ​បាន​នាំ​គ្នា​រត់​គេច​ខ្លួន​អស់​ដោយ​បន្សល់​ទុក​គ្រឿង​ចក្រ​នៅ​កន្លែង​កើត​ហេតុ​។ យ៉ាង​ណា​ក៏​ដោយ​សមត្ថ​កិច្ច​យើង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ករ​ណី​នេះ ដើម្បី​ស្វែង​រក​អត្ត​សញ្ញាណ​ជន​ប្រព្រឹត្ត​ល្មើស​ យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​»។

ប៉ុន្តែ​បើ​តាម​អ្នក​ភូមិ​ថា ​បទ​ល្មើស​​នៅ​ចំណុច​ខាង​លើ​កើត​ឡើង​ដោយ​មាន​ការ​ញុះញង់ពីមន្ត្រី​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួនក្នុង​នោះ​ក៏មាន​មេភូមិ​ម្នាក់​ផង​ដែរ។

លោក កែវ ហុង អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ-​ឃុំ​ជៀប ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា ដីព្រៃ​លិច​ទឹក​រាប់​សិប​ហិកតា នៅ​ចំណុច​អូរក្របីងាប់ និង អូរខ្លុង ត្រូវ​បាន​ក្រុមឈ្មួញមួយក្រុម​ឃុបឃិត​ជាមួយអាជ្ញាធរមូល​ដ្ឋាន ញុះញង់​ និងកេណ្ឌអ្នកភូមិ​ចូលទៅ​កាប់​រាន​ ដោយ​សន្យាផ្ដល់​លុយ​កក់​ក្នុង​ម្នាក់ៗ ១០០ ដុល្លារជាមុន ហើយ​ក្រុមឈ្មួញ​កណ្ដាល​​បាន​នាំយក​គ្រឿង​ចក្រ​ចូលទៅ​ឈូស​ឆាយ​ផង​ដែរ។

លោក ហុង បាន​បញ្ជាក់​ថា៖«គ្មាន​អ្នក​ណា​ឆ្ងាយ​ទេដែល​មក​ញុះ​ញុង់​អ្នក​ភូមិ​យើង​ឲ្យ​ទៅ​ធ្វើ​បែប​ហ្នឹងគឺ​មេភូមិ​កោះ​ក្ទម្ព​និង មន្ត្រី​​ឃុំ​អភិ​វឌ្ឍន៍​តែ​ម្ដង។ ​ប៉ុន្តែ​ពួក​គាត់​ [មេ​ភូមិ និង​មន្ត្រីឃុំ] បាន​ហាម​មិ​នឲ្យ​អ្នក​ភូមិ​ប្រាប់​អ្នក​ផ្សេង​ទៀត​ឡើយ​ បើ​មាន​​គេ​សួរ​ពីរឿង​នេះ​ហើយ​ពួក​គាត់​ឲ្យ​លុយ​អ្នក​ភូមិ​ដែល​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​កាប់​ម្នាក់​ ១០០​ ដុល្លារ​ ជា​មុន​ដើម្បី​ទិញ​សម្ភារ​និង​ស្បៀង​សម្រាប់​ចុះ​ទៅ​កាប់​រាន​ព្រៃ​ក្នុង​តំបន់​នោះ»​។

បើ​តាម​លោក​ហុង លុយ​ដែល​មេ​ភូមិ​កោះ​ខ្ទុមនិង​មន្ត្រី​ឃុំ​អភិវ​ឌ្ឍន៍ម្នា​ក់យក​ទៅ​ជួល​អ្នក​ភូមិ​នោះ​ជា​របស់​ក្រុម​ឈ្មួញ​កណ្ដាល​៦​នាក់​ទៀត​ជា​ម្ចាស់​គ្រឿង​ចក្រ​ដែល​ត្រូវ​បាន​សមត្ថកិ​ច្ច​ចុះ​បង្ក្រាប​ចាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទោះ​ជា​បែប​ណា​ក្ដី ​លោក ហុង មិន​បាន​ប្រាប់​ថា​តើ​ក្រុម​ឈ្មួញ​ទាំង​នោះ​ឈ្មោះ​អ្វី​ខ្លះ​ទេ​គ្រាន់​តែ​ដឹង​ថា​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក្ដី មេ​ភូមិ​កោះ​ក្ទម្ព​និង​មន្ត្រី​ឃុំ​ជៀប​មិន​អាច​ទាក់​ទ​ង​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍