
រថយន្តដឹកឈើក្នុងព្រៃខេត្តពោធិ៍សាត់ពីថ្ងៃ ២ ឧសភា ។ រូបថត សកម្មជនបរិស្ថាន
ពោធិ៍សាត់ៈ សកម្មជនការពារព្រៃឈើបានអះអាងថា ពួកគេបានរកឃើញទីតាំងកាប់បំផ្លាញព្រៃឈើចំនួន ២ កន្លែងនៅខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ និងនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បន្ទាប់ពីចុះល្បាតពីថ្ងៃទី ២៨ ខែមេសាដល់ថ្ងៃទី ៤ ខែឧសភា ។ ក៏ប៉ុន្តែមន្ត្រីបរិស្ថានបញ្ជាក់ថា ករណីនេះមន្ត្រីកំពុងចុះស្រាវជ្រាវ។
លោក ហេង ស្រស់ ដែលអះអាងថា បានចុះទៅឃើញផ្ទាល់អំពីបទល្មើសព្រៃឈើនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ទីតាំងកាប់ឈើទាំង ២ កន្លែងនេះគឺស្ថិតនៅតំបន់ក្រចុះព្រះក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់វាលថ្មធំក្នុងជួរភ្នំក្រវាញក្នុងនោះឃើញមានឈើដែលគេកាប់ផ្ដួល អារច្រៀកនិងខ្លះជាឈើរាជកុលដែលជាប្រភេទឈើដ៏ល្អជាងគេ។
លោកបន្តថា តំបន់ទាំង ២ នេះគឺឃើញមានរថយន្តប៉ាកុងប្រហែល ១៥ គ្រឿង រួមទាំងគោយន្តរាប់រយគ្រឿងផ្សេងៗទៀតដែលក្រុមកម្មករស៊ីឈ្នួលកាប់ឈើបានប្រើប្រាស់សម្រាប់ដឹកឈើដែលអារច្រៀករួចយកទៅលក់ឱ្យមេការឈ្មោះ កោះ សុភី ហៅ ហ៊ុំ ហយ ដែលគេស្គាល់ថាជាទាហានផ្កាយ ២ និងឈ្មោះហាយ ថុង ហៅថា តាថុង ដែលជាអ្នករកស៊ីឈើដ៏ល្បីនៅខេត្តពោធិ៍សាត់។
លោកថា៖ «ក្រុមកម្មករត្រូវបានគេជួលឱ្យកាប់ ហើយអារច្រៀកដើម្បីដឹកយកទៅឱ្យគេគឺក្នុង ១ ម៉ែត្រគុប គេឱ្យថ្លៃឈ្នួល ៤០ ម៉ឺនរៀល ហើយប្រសិនបើកម្មករមានម៉ាស៊ីន ប្រេង និងបាយទឹកលើគេគឺក្នុង ១ ម៉ែត្រគុបបានថ្លៃឈ្នួលតែ ១៥ម៉ឺនរៀលទេ។ អ្នកជួលកម្មករហ្នឹងគឺឈ្មោះ តាថុង និងមួយទៀតឈ្មោះ កោះ សុភី។ ពួកគេទាំង ២ នេះថែមទាំងបានអះអាងប្រាប់ខ្ញុំទៀតថា គាត់បានបង់លុយទៅថ្នាក់ខេត្តរាប់ម៉ឺនដុល្លារដើម្បីជាថ្នូររកស៊ីកាប់ និងដឹកជញ្ជូនឈើ»។
យ៉ាងណាក្ដីលោក ហាយថុង ហៅ តាថុង បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា លោកបានឈប់រកស៊ីកាប់ឈើយូរឆ្នាំមកហើយ។ លោកបន្តថា កន្លងមកគឺលោកធ្លាប់ចូលទៅកាប់ឈើដឹកតាមម៉ូតូមកឱ្យក្រុមហ៊ុនទ្រីភាព ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនបិទមកលោកបានផ្អាកពីមុខរបរនេះ។
លោកថា៖ «ខ្ញុំអត់មានដេប៉ូទិញឈើអីផង ហើយរាល់ថ្ងៃ ខ្ញុំនៅតែផ្ទះចិញ្ចឹមក្របី អត់មានធ្វើអីផង អ្នកនិយាយចេះតែនិយាយបង្កាច់ វាពិបាកអ៊ីចឹង។ ប៉ុន្តែកាលមុនខ្ញុំធ្លាប់ធ្វើការជាមួយក្រុមហ៊ុនទ្រីភាពយូរហើយដល់ពេលក្រុមហ៊ុនបិទទៅ ខ្ញុំក៏លែងរកស៊ី នៅតែផ្ទះ ទៅចងក្របីអ៊ីចឹងទៅ»។
ចំណែកលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានបដិសេធចំពោះការចោទប្រកាន់ដែលថា មន្ត្រីបានទទួលសំណូកសូកប៉ាន់ពីក្រុមជនល្មើសព្រៃឈើ។ ប៉ុន្តែលោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ភ្លាម គឺលោកបានចាត់មន្ត្រីឱ្យចុះទៅពិនិត្យទីតាំងទាំងនេះតាំងពីល្ងាចថ្ងៃទី ៥ ខែឧសភា។
លោកថា៖ «ឥឡូវយើងអត់ទាន់បានដឹង ហើយឥឡូវយើងបានចុះទៅមើល តើមានករណីកាប់ឈើហ្នឹងអត់ ព្រោះកន្លងមកធ្លាប់មានការចោទអ៊ីចឹងដែរ ប៉ុន្តែការពិតអត់មានទេ ដោយសារយករឿងចាស់មកចោទប្រកាន់។ ទីតាំងដែលគាត់រាយការណ៍ថាកាប់ឈើហ្នឹងគឺស្ថិតនៅក្នុងតំបន់ព្រៃជ្រៅៗណាស់ជិតដល់ខេត្តកោះកុង សូម្បីខ្ញុំក៏មិនដែលបានទៅដល់ ព្រោះត្រូវធ្វើដំណើរឆ្លងជ្រលងភ្នំ ហើយត្រូវធ្វើដំណើរដេកតាមផ្លូវ ២-៣ យប់»។
លោកបានបន្ថែមថា ខាងមន្ត្រីបរិស្ថានមិនអាចឆ្លៀតពេលទៅឃុបឃិតជាមួយក្រុមជនល្មើសដើម្បីបើកដៃឱ្យកាប់ឈើបែបនេះទេ ពីព្រោះក្រុមមន្ត្រីបរិស្ថានបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិនៅក្នុងតំបន់ជួរភ្នំក្រវាញ។
លោកបញ្ជាក់ថា លោកនឹងរាយការណ៍ទៅក្រសួងបរិស្ថាននាពេលខាងមុខក្រោយពីទទួលបានព័ត៌មានច្បាស់ពីក្រុមមន្ត្រី ២ ទៅ ៣ ក្រុមដែលបានចុះទៅស្រាវជ្រាវអំពីការចោទប្រកាន់នេះ នៅពេលពួកគេត្រឡប់ចេញពីព្រៃវិញ៕