ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​ភាគី​កម្មករនិយោជិត​សណ្ឋាគារ​ ដឺ ហ្គ្រេដឌ្យូក ភ្នំពេញ (The Great Duke Phnom Penh) ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​រង់ចាំ​ដំណោះស្រាយ​ដែល​កើតចេញពី​ការចរចា​ដោយ​សន្តិវិធី ខណៈ​ភាគី​ក្រុមហ៊ុន​ប្រកាស​ជំហរ​ក្នុងការ​ទូទាត់​ប្រាក់​សម្រាប់​ការរំលាយ​កិច្ចសន្យា​ការងារ​ដល់​បុគ្គលិក ស្រប​តាមច្បាប់​ជា​ធរមាន ដោយ​ស្នើសុំ​បង់ប្រាក់​ជា​ ៣ ​ដំណាក់កាល​ស្មើៗ​គ្នា​ចាប់ពី​ខែ​កុម្ភៈ​ដល់​ខែ​មេសា ឆ្នាំ​ ២០២០​។

បុគ្គលិក​សណ្ឋាគារ​ប្រមាណ​ជា​ ១០០ ​នាក់​ បាន​ប្រមូលផ្តុំ​តវ៉ា​ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃ​ចន្ទ និង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​លើក​បដា​នៅមុខ​សណ្ឋាគារ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់ ដោយ​អះអាង​ថា ភាគី​ក្រុមហ៊ុន​មិន​បាន​គោរព​ទៅតាម​ច្បាប់​ក្នុង​ការទូទាត់​សំណង​ជូន​ពួកគាត់ បន្ទាប់ពី​បាន​ប្រកាស​បិទទ្វារ​កាល​ពី​អំឡុង​ខែធ្នូ​។

ក្នុងអំឡុង​ការតវ៉ា​នេះ​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ការងារ​ក៏​បាន​កោះហៅ​តំណាង​ភាគី​ទាំង​សងខាង ដើម្បី​ធ្វើការ​ចរចា​ដោយ​ក្នុង​នោះ​លោក ទេស រុក្ខាផល អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមរយៈ​ការចរចា​នេះ​ភាគី​ទាំង​សងខាង សុទ្ធតែ​ប្រកាន់​ជំហរ​ក្នុងការ​អនុវត្ត​ទៅតាម​ច្បាប់​។

ខណៈ​ដែល​វិវាទ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការចរចា លោក​ស្នើ​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ទាំងអស់​គួរតែ​រក្សា​ភាពស្ងៀមស្ងាត់​សិន​ដើម្បី​រង់ចាំ​ដំណោះស្រាយ​នៃ​ការចរចា ព្រោះ​បើ​បុគ្គលិក​ទាំងអស់​បន្ត​ធ្វើ​បាតុកម្ម​នោះ គឺជា​ទង្វើ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការតវ៉ា​របស់គាត់​ (​ថ្ងៃ​ចន្ទ​) ​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ​ព្រោះ​គាត់​ទើប​តែ​ដាក់ពាក្យ​មក សុំច្បាប់​ភ្លាម​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ផង គាត់​ធ្វើ​ការតវ៉ា​។ បើ​គាត់​ (​បុគ្គលិក​) ប្រកាស​ធ្វើ​ការតវ៉ា​ទៀត​បើ​សកម្មភាព​ក្លាយ​ទៅ​ជា​បាតុកម្ម គឺ​ខុសច្បាប់​ហើយ​។ ដូច្នេះ​យើង​សុំ​ឲ្យ​មាន​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ យើង​នឹង​បន្ត​ផ្សះផ្សា​បើសិនជា​ជំហរ​មើល​ទៅ​រឹង​ដាក់គ្នា យើង​នឹង​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ដោះស្រាយ​បន្តទៀត​»​។

សណ្ឋាគារ​ ដឺ ហ្គ្រេដឌ្យូក ​ភ្នំពេញ ដែល​មាន​ឈ្មោះ​ដើម​ថា​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ (InterContinental) បាន​ចាប់​បើក​ដំណើរការ​អាជីវកម្ម​តាំងពី​ឆ្នាំ​ ១៩៩៦ ហើយ​មាន​ក្រុមហ៊ុន Regency Company Limited ជា​ម្ចាស់​កម្មសិទ្ធិ​។ សណ្ឋាគារ​នេះ​បាន​ប្រកាស​បិទ​ប្រតិបត្តិការ​អាជីវកម្ម​ក្រោម​ហេតុផល​បណ្តាល​មកពី​មូលហេតុ​សេដ្ឋកិច្ច​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ទទួល​ការខាតបង់​ប្រាក់​ចំណូល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​។ ក្រុមហ៊ុន​បានប្រគល់​សិទ្ធិ​ឲ្យ​ការិយាល័យ​មេធាវី (HBS) ជា​តំណាង និង​ចូលរួម​ដោះស្រាយ​ការទូទាត់​អត្ថប្រយោជន៍​នានា​ជូន​កម្មករ និង​ដំណើរការ​នៃ​ការបិទ​សណ្ឋាគារ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។

តាម​ការទាមទារ​របស់​កម្មករ​មាន​ចំនួន​ ៤ ​ចំណុច​មានដូចជា ទាមទារ​សំណង​អតីតភាព​ការងារ​មុន​ឆ្នាំ​ ២០១៩ ការទាមទារ​សំណង​ជំងឺ​ចិត្ត ការទាមទារ​ឲ្យ​ផ្តល់នូវ​ប្រាក់​ជូនដំណឹង និង​ស្នើសុំ​ឲ្យ​ផ្តល់ប្រាក់​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សេសសល់​។

តាម​មាត្រា ៩១ ថ្មី​នៃ​ច្បាប់​ស្តីពី​ការងារ​បាន​ចែង​យ៉ាងច្បាស់​ថា ការរំលាយ​កិច្ចសន្យា​ការងារ​តាម​ឆន្ទៈ​ផ្ទាល់​នៃ​ភាគី​ណាមួយ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ នោះ​អាច​បើក​សិទ្ធិ​ឲ្យ​ភាគី​ម្ខាង​ទៀត​ទាមទារ​សង​សោហ៊ុយ​ជំងឺ​ចិត្តបាន​។ មាត្រា​ ៩៤ ​នៃ​ច្បាប់​ដដែល​ក៏បាន​ចែងថា ប្រាក់​ជំងឺ​ចិត្ត​ក្នុង​ករណី​ផ្តាច់​កិច្ចសន្យាការងារ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ត្រូវ​សម្រេច​ដោយ​តុលាការ​មាន​សមត្ថកិច្ច​។

មេធាវី​ក្រុមហ៊ុន​មេធាវី​អេចប៊ីអេស​ (HBSLaw) ​ដែល​តំណាង​ឲ្យ​និយោជក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ភាគី​ក្រុមហ៊ុន​មាន​ជំហរ​ផ្តល់ជូន​កម្មករ​ទាំងអស់​នូវ​ប្រាក់​សម្រាប់​ការរំលាយ​កិច្ចសន្យាការងារ និង​អត្ថប្រយោជន៍​ទាំងអស់​ជូន​កម្មករ​និយោជិត​ទៅ​តាមច្បាប់​ជា​ធរមាន​។

ក៏ប៉ុន្តែ​មេធាវី​បាន​អះអាងថា ការបិទ​សហគ្រាស​ដោយ​​មូលហេតុ​សេដ្ឋកិច្ច​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់ចំណូល​ច្រើន និង​មិនអាច​បន្ត​អាជីវកម្ម​បាន គឺជា​មូលហេតុ​ត្រឹមត្រូវ​​ដែល​មានចែង​ក្នុង​មាត្រា ៩០ ​ថ្មី ៩១ ​ថ្មី និង​ ៩៤ ​ថ្មី​នៃ​ច្បាប់​ស្តីពី​​ការងារ​។ ក្នុង​ករណី​នេះ​និយោជក​មិន​គួរ​ត្រូវមាន​កាតព្វកិច្ច​ត្រូវ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ជូន​កម្មករនិយោជិត​ដូចដែល​ពួកគេ​បានទាមទារ​នេះ​ទេ ហើយ​បើ​កម្មករនិយោជិត​នៅតែ​បន្ត​ទាមទារ​សំណង​នេះ មាន​តែ​តុលាការ​មាន​សមត្ថកិច្ច​ទេ ដែល​ត្រូវ​សម្រេច​ថា តើ​និយោជក​ត្រូវ​បង់​តាម​ការទាមទារ​របស់​កម្មករនិយោជិត​ដែរឬទេ​?​។

ការចរចា​រក​ដំណោះស្រាយ​ការទាមទារ​កន្លងមក​ភាគី​ក្រុមហ៊ុន​បាន​ចូលរួម​ជានិច្ច ដោយ​មិន​មាន​ការគេចវេះ​ទេ​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការដោះស្រាយ​ក្នុងករណី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្រាន់តែ​ការជជែក​គ្នា​មិន​ត្រូវ​គ្នា​លើ​ការទាមទារ​សំណង​ជំងឺ​ចិត្ត​រៀប​គណនា​ប្រាក់​អតីតភាព ការបង់ប្រាក់​ជួស​ការជូន​ដំណឹង​មុន និង​កម្មវិធី​បង់ប្រាក់​តែប៉ុណ្ណោះ​។

លោក​មេធាវី​យល់​ស្រប​តាម​ការលើកឡើង​របស់​លោក ទេស រុក្ខាផល ចំពោះ​នីតិវិធី​ដែល​ត្រូវ​ដោះស្រាយ​វិវាទ​នេះ​។ ការធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​ណាមួយ​ដោយ​កម្មករ​និយោជិត​មុន​ពេល​ដែល​វិវាទ​ត្រូវបាន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជាពិសេស​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ការងារ គឺជា​អំពើ​ខុសច្បាប់​ដែល​វា​អាច​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​សាធារណជន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ហើយ​វា​មិន​បាន​ផល​វិជ្ជមាន​ដល់​ការដោះស្រាយ​វិវាទ​នោះទេ​។ លោក​ស្នើ​ឲ្យ​កម្មករនិយោជិត​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងាត់ សហការ​ជាមួយ​និយោជក និង​បន្ត​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន ចៀសវាង​ការបង្ក​ឲ្យ​មាន​ការខូចខាត​ណាមួយ និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ភាគី​និយោជក​។

លោក ជា ចាន់ម៉ន បុគ្គលិក​សណ្ឋាគារ​ដែល​បន្ត​ការតវ៉ា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា កម្មករ​ទាំងអស់​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​របស់​ខ្លួន បើ​មិន​ទទួល​បាន​ដំណោះស្រាយ​ដូច​អ្វីដែល​ខ្លួន​ទាមទារ​។ លោក​ចាត់ទុក​ថា​ការដែល​ក្រុមហ៊ុន​បដិសេធ​មិន​ផ្តល់​ជូន​កម្មករ​តាម​ការទាមទារ គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ​។ «​យើង​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការតវ៉ា និង​ការចរចា បើ​ក្រសួង​ធ្វើការ​កោះហៅ​យើង យើង​នឹង​ចូលរួម ព្រោះ​ក្រសួង​ការងារ​ដូចជា​ម៉ែ ជា​ឪ​យើង យើង​ត្រូវតែ​គោរព​តាម​។ ប៉ុន្តែ​យើង​សុំ​ឲ្យ​ពួកគេ​ទូទាត់​ឲ្យ​បាន​ត្រឹមត្រូវ​មក​ឲ្យ​ពួកយើង ដូច​ខ្ញុំ​ធ្វើការ​នៅក្នុង​សណ្ឋាគារ​នេះ​យូរ​ឆ្នាំ​ហើយ ហើយ​នេះ​ក៏​មាន​អាយុ​ច្រើន​ដែរ ដែល​ខ្ញុំ​មិន​អាច​ទៅ​ស្វែងរក​ការងារ​នៅ​កន្លែង​ថ្មី​បាន​ទេ​»៕