ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ជំរុញ​ឱ្យ​ម្ចាស់​រថយន្ត​ដែល​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម គួរ​ផ្លាស់ប្ដូរ​ទៅ​ប្រើ​ស្លាក​លេខ​ធម្មតា​វិញ ដើម្បី​ចៀសវាង​ការ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ក្រសួង ខណៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត ដែល​ពាក់​ស្លាក​លេខ​រដ្ឋ និង​ស្លាក​លេខ ខ.ម ត្រូវ​ចូល​ទៅ​បង់ពន្ធ​ជូន​រដ្ឋ។

លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ម្សិលមិញ​ថា ជា​ទូទៅ​រថយន្ត​ដែល​ជា​កម្មសិទ្ធិ​ឯកជន ទោះ​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម ស្លាក​លេខ រដ្ឋ ឬ​ស្លាក​លេខ​អ្វី​ក៏​ដោយ គឺ​មិន​អាច​គេចវេះ​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​បាន​ទេ ​បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​ប្រឈម​ការ​ពិន័យ​ទោសទណ្ឌ​ទៅ​តាម​ច្បាប់។

លោក សុជាត បញ្ជាក់​ថា៖ «ការ​បង់ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​តែ​រថយន្ត​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើភណ្ឌ​របស់​រដ្ឋ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ប៉ុណ្ណោះ។ ចំពោះ​រថយន្ត​កម្មសិទ្ធិ​ឯកជន ទោះ​ជ្រក​ក្រោម​ស្លាក​លេខ​អ្វី​ក៏​ដោយ គឺ​ត្រូវ​ទទួល​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ដោយ​សាមី​កម្មសិទ្ធិ​ផ្ទាល់»។

ជាមួយ​គ្នា​នេះ លោក សុជាត ​បាន​ជំរុញ​ឱ្យ​ម្ចាស់​រថយន្ត​កម្មសិទ្ធិ​ឯកជន​ដែល​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម រដ្ឋ និង​ស្លាកលេខ ន.ប គួរ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មក​ប្រើប្រាស់​ស្លាក​លេខ​ធម្មតា ឬ​ស្លាក​លេខ ពិសេស​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​វិញ ដើម្បី​ចៀសវាង​ការ​បង្ក​ឱ្យ​មាន​បាតុភាព​ផ្សេងៗ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ។

យោងតាម​លិខិត​ចុះ​ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ដែល​មាន​ត្រា និង​ហត្ថលេខា ​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា រថយន្ត​ពាក់​ស្លាក​លេខ ខ.ម ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ គ្រប់គ្រង​ដោយ​ក្រសួង​ការពារ​ជាតិ សរុប​ចំនួន ៦ ៣៧៤ គ្រឿង។

ក្នុង​នោះ រថយន្ត​ប្រភេទ​ទេសចរណ៍​សរុប​ចំនួន ៥ ៨៣៨ គ្រឿង [ពណ៌​ត្រេអ៊ី ចំនួន ៥ ២៩៣ គ្រឿង និង​ពណ៌​ចម្រុះ​ចំនួន ៥៤៥ គ្រឿង] រថយន្ត​ប្រភេទ​បែន ចំនួន ១២ គ្រឿង រថយន្ត​ប្រភេទ​ដឹក​ទំនិញ ចំនួន ១ គ្រឿង រថយន្ត​ប្រភេទ​ក្បាល​សណ្តោង​រ៉ឺម៉ក ចំនួន ៣ គ្រឿង និង​រថយន្ត​ជំនួយ​ពី​ប្រទេស​កូរ៉េ ប្រទេស​ចិន វៀតណាម និង​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន សរុប​ចំនួន ៥២០ គ្រឿង។

ជាមួយ​គ្នា​នេះ លោក​បាន​ជំរុញ​ឱ្យ​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ ប្រញាប់​ស្នើ​សុំ​លតាបត្រ​ពន្ធ សម្រាប់​ឆ្នាំ ២០២០ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​រថយន្ត​គ្រប់​ប្រភេទ ដែល​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង​ការពារ​ជាតិ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​បណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត ដើម្បី​យក​ទៅ​បិទ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​រថយន្ត​ទាំង​នោះ ចៀសវាង​កើត​មាន​នូវ​បាតុភាព​អសកម្ម​ណាមួយ។

លោក វិបុល បញ្ជាក់ ក្នុង​លិខិត​នោះ​ថា៖ «អនុលោម​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០... ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ចំពោះ​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ កងរាជ​អាវុធហត្ថ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ចការ​ការពារជាតិ​ជា​មធ្យោបាយ​ប្រើប្រាស់​ដឹក​ជញ្ជូន​សម្ភារ​ទ័ព ឬ​ដឹក​ជញ្ជូន​កងទ័ព​ក៏​ដូចជា​សម្រាប់​កិច្ចការ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​ស្រប​តាម​ប្រកាស​លេខ ៥៣១ សហវ.ប្រក ចុះ​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨»។

តាមរយៈ​លិខិត​នោះ រថយន្ត​ដែល​ជា​កម្មសិទ្ធិ​ឯកជន ជ្រក​ក្រោម​ស្លាក​លេខ ខ.ម ​ទាំង​អស់​ត្រូវ​បង់​ពន្ធ​ចាប់​ពី​ឆ្នាំ ២០២០ តទៅ ដោយ​បាន​លើកលែង​ប្រាក់​ពន្ធ​ត្រឹម​ឆ្នាំ ២០១៩ និង​លើកលែង​ពិន័យ​ទោសទណ្ឌ​ដល់​ឆ្នាំ ២០២០។ ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំង​នោះ ត្រូវ​ទៅ​ចុះ​បញ្ជី​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ លោក វិបុល បញ្ជាក់​ទៀត​ថា៖ «ម្ចាស់​រថយន្ត​ត្រូវ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ជា​សាច់​ប្រាក់​ផ្ទាល់​ខ្លួន»។

លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ មិន​អាច​ស្នើសុំ​ធ្វើ​អធិប្បាយ ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ ដោយ​លោក​បាន​ប្រាប់​ថា ​កំពុង​ជាប់រវល់​ប្រជុំ៕

វីដេអូ៖