ភ្នំពេញៈ ក្រសួងបរិស្ថានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ លានរៀល ទៅដល់មន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងដែលបានរៀបអាពាហ៍ពិពាហ៍ សម្រាលកូន និងទទួលមរណភាពចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ តទៅ ដើម្បីចូលរួមលើកកម្ពស់ស្ថានភាពជីវភាពរបស់ពួកគេ។
សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ១៧ ធ្នូ បានឲ្យដឹងថា ក្រសួងបរិស្ថានដែលមានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានទទួលអនុវត្តនូវគោលនយោបាយស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន» នឹងធ្វើការរៀបចំសម្របសម្រួលថវិកាឧបត្ថម្ភជូនដល់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជការនារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាពនូវថវិកា ៥ លានរៀល។
ក្រសួងបន្តថា៖ «គោលការណ៍នេះធ្វើឡើងដើម្បីចូលរួមលើកកម្ពស់ស្ថានភាពជីវភាពមន្ត្រីរាជការក្រសួងបរិស្ថានឲ្យកាន់តែមានភាពប្រសើរឡើង»។
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងពីម្សិលមិញថា ថវិកាឧបត្ថម្ភសម្រាប់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជការនារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាពត្រូវបានកែសម្រួលពីការផ្តល់ថវិកា ៣ លានរៀលកាលពីឆ្នាំ ២០១៩ រហូតដល់ ៥ លានរៀលចាប់ពីឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»។
លោកបន្តថា ថវិកាឧបត្ថម្ភសម្រាប់មន្ត្រីរាជការនេះ គឺជាការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខរបស់មន្ត្រីរាជការក៏ដូចជា ចូលរួមលើកទឹកចិត្ត និងជួយគាំទ្រដល់ជីវភាពរបស់មន្ត្រីរាជការ និងថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាបម្រើការជូនជាតិ និងប្រជាជនកម្ពុជា។
លោកបន្តថា៖ «រហូតមកទល់ពេលនេះមន្ត្រីរាជការជាច្រើនបានទទួលគោលនយោបាយស្តីពីកិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាននេះ។ ប៉ុន្តែខ្ញុំមិនទាន់មានទិន្នន័យជាក់លាក់នៅឡើយទេ។ ថវិកាសម្រាប់ការអនុវត្តគោលនយោបាយស្តីពីកិច្ចគាំពារមន្ត្រីរាជការក្រសួង បរិស្ថាននេះទទួលបានមកពីមូលនិធិបរិស្ថាន និងសង្គម»។
យោងតាមសារាចរណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចឆ្នាំ ២០១៣ ចែងថា ក្រសួង ស្ថាប័ន អាចធ្វើការកាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់លើកទឹកចិត្តដោយកាត់យកពីប្រាក់ចំណូលដែលប្រមូលបានពីការបំពេញភារកិច្ចគ្រប់គ្រង ប្រមូលចំណូលផ្តល់សេវាសាធារណៈ និងការផាកពិន័យសម្រាប់ឧបត្ថម្ភជូនមន្ត្រីដែលបំពេញភារកិច្ចផ្ទាល់ និងមន្ត្រីផ្សេងៗទៀត។
សារាចរដដែលបន្តថា ប្រាក់រង្វាន់ដែលបានកាត់ទុកនេះត្រូវបានចាត់ទុកថាជាប្រាក់បុរេប្រទានដែលបានបើកផ្តល់ដោយថវិកាជាតិ និងត្រូវរក្សាទុកនៅក្នុងរជ្ជទេយ្យចំណូល ហើយវាក៏អាចប្រើប្រាស់សម្រាប់ពង្រឹងយន្តការប្រមូលចំណូលសម្រាប់ក្រសួងស្ថាប័នទាំងនោះផងដែរ។
លោក ជុត មន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងមុខងារសាធារណៈគាំទ្រចំពោះគោលនយោបាយលើកទឹកចិត្តដល់មន្ត្រីរាជការ ជាពិសេសចំពោះស្ត្រីដែលមានផ្ទៃពោះ ព្រោះវាជាការត្រឹមត្រូវដែលមិនខុសនឹងច្បាប់កម្ពុជានោះទេ។
លោកបន្តថា អ្វីដែលសំខាន់គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ស្ថាប័នដែលពាក់ព័ន្ធ ដែលមានលទ្ធភាពត្រូវលើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួនតាមរយៈថវិកាដែលក្រសួងរកចំណូលបាន។
លោកបញ្ជាក់ថា៖ «គោលការណ៍ទាំងនេះគឺអាស្រ័យទៅលើការដឹកនាំរបស់រដ្ឋមន្ត្រីនីមួយៗដែលគាត់មានប្រាក់រង្វាន់លើកទឹកចិត្ត ដែលជាប្រាក់អបហារដែលពួកគាត់ប្រឹងប្រែងធ្វើការបានពីរដ្ឋលើកទឹកចិត្ត។ ឧទាហរណ៍ដូចជាគាត់រកចំណូលរកអីបានច្រើនដែលយកប្រាក់អបហារនេះទៅលើកទឹកចិត្តដល់មន្ត្រីគេវិញ»។
លោក បន្តថាគោលនយោបាយរបស់ក្រសួងបរិស្ថាននៅពេលនេះសរបញ្ជាក់ឲ្យឃើញថា ក្រសួងមួយនេះរកចំណូលបានច្រើន ម្យ៉ាងមានការយកចិត្តទុកដាក់ចំពោះមន្ត្រីរបស់ខ្លួន ដែលបានផ្តល់ជាប្រាក់លើកទឹកចិត្តបន្ថែមទៀតពីលើការផ្តល់ជូនរបស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «ក្រសួងផ្សេងដទៃទៀតក៏គេអាចធ្វើអ៊ីចឹងបានដែរ គ្រាន់តែនេះជាលក្ខណៈការដឹកនាំឈ្លាសវ៉ៃរបស់ថ្នាក់ដឹកនាំហើយវាស្របទៅនឹងគោលនយោបាយលើកកម្ពស់ស្ត្រីដែលរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់គាំពារស្ត្រីដូចគ្នាអីហ្នឹង។ បើក្រសួងទាំងអស់ធ្វើបែបនេះបានទាំងអស់គ្នាក៏ល្អដែរ ប៉ុន្តែវាអាស្រ័យទៅលើក្រសួងនីមួយៗដែលរកចំណូលបានច្រើន ឬតិចពីព្រោះមិនអាចចាប់បង្ខំបានទេ»៕