ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​បាន​ប្រគល់​ឡដុត​សំរាម​ចំនួន​ ២៥ ​ឡ និង​ដំឡើង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សម្រាប់​យក​កាកសំណល់​កខ្វក់​ទៅ​ដុត​ដើម្បី​ដោះស្រាយ​រយៈពេល​ខ្លី និង​មធ្យម​ក្នុង​ការកាត់បន្ថយ​គំនរ​សំរាម​ដែល​មាន​ច្រើន​ហួសហេតុ​នៅ​តាម​ទីប្រជុំជន​នៅក្នុង​ខេត្ត​ ១៥​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្ដិ៍​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការផ្តល់​ឡ​ដុត​សំរាម​ដល់​អាជ្ញាធរ​ស្រុក​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​ ២០១៧ ហើយ​ឡ​ទាំងនោះ​មាន​បច្ចេកទេស​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​មាន​សមត្ថភាព​ដុត​សំណល់​សំរាម​ចន្លោះ​ពី ២ ទៅ ៧ តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា​៖ «​ការដំឡើង​ឡ​ដុត​សំរាម​នៅតាម​មូលដ្ឋាន​នេះ​ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ​ក្នុង​ការសម្អាត​អនាម័យ បរិស្ថាន និង​មិនចាំបាច់​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ និង​មិន​ធ្វើឱ្យ​កកស្ទះ​សំណល់​សំរាម​នៅ​នឹង​មូលដ្ឋាន​ផ្ទាល់​»​។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀតថា ក្រសួងបរិស្ថាន​បានផ្តល់​ម៉ូតូ​រ៉ឺម៉ក​ដឹក​សំរាម​ចំនួន​ ៥០ ​គ្រឿង​ដល់​អាជ្ញាធរ​ស្រុក​នានា​ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹក​សំរាម​ពី​មូលដ្ឋាន​នានា​មកកាន់​កន្លែង​ឡ​ដើម្បី​ដុត​សំរាម​។ ម៉ូតូ​រ៉ឺម៉ក​ទាំងនោះ​ជា​អំណោយ​របស់​ក្រុមហ៊ុន​ជីបម៉ុង​។

លោក លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីបម៉ុង​បាន​ឲ្យ​ដឹងថា ជំនួយ​នោះ​គឺជា​ការចូលរួមចំណែក​ដើម្បី​ធ្វើឱ្យ​មាន​សោភណភាព​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ក្រោយពី​កាត់បន្ថយ​កាកសំណល់​កខ្វក់​បាន​កាន់តែ​ច្រើន​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា​បញ្ហា​សំរាម​នៅ​កម្ពុជា​នេះ​បច្ចុប្បន្ន​មាន​បរិមាណ​សរុប​ជាង​ ១ ​ម៉ឺន​តោន​នៅក្នុង​ ១ ​ថ្ងៃ​ និង​ប្រមាណ​ជិត​ ៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​ដែល​ក្នុងនោះ​ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ​ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។

លោក​បានឱ្យ​ដឹងថា​ចំនួន​សំរាម​ទាំងនោះ​មាន​ត្រឹមតែ​ប្រមាណ​ ៥១ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ក្រៅ​នោះ​ត្រូវបាន​យកទៅ​បោះចោល​អនាធិបតេយ្យ​តាម​ដងផ្លូវ​ខ្លះ​បោះចោល​ក្នុង​ប្រភពទឹក និង​ខ្លះទៀត​ត្រូវ​បាន​ដុត​។ អាត្រា​កំណើន​នៃ​សំរាម​នៅ​កម្ពុជា​មាន​ប្រមាណ​ ១៥ ​ភាគ​ក្នុង​ ១ ​ឆ្នាំ​។

ការកើនឡើង​នៃ​បរិមាណ​សំរាម​គឺ​ដោយសារ​តែមាន​កំណើន​ប្រជា​ពលរដ្ឋ​កំណើន​នៃ​ការប្រើប្រាស់​ទំនិញ​ច្រើន​ឥរិយាបថ​នៃ​ការវេចខ្ចប់​​ទំនិញ​របស់​ប្រជាពលរដ្ឋ​មាន​ការផ្លាស់ប្តូរ​ការញែក​សំរាម​តាម​ប្រភេទ​នៅ​មាន​តិចតួច​នៅ​ឡើយ​ និង​ការកែច្នៃ​សំណល់​ឡើងវិញ​នៅមាន​កម្រិត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការកើន​ឡើង​នូវ​បរិមាណ​សំរាម​នេះ​សំណល់​រឹង​ពី ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​បាន​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​គុណភាព​បរិស្ថាន​សុខភាព​សាធារណៈ និង​ការបាត់បង់​សោភណភាព​ទីប្រជុំជន​រាជធានី-ក្រុង-ស្រុក​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ការអនុវត្ត​ជាក់ស្តែង​លើ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​កម្ពុជា​បច្ចុប្បន្ន​ជាទូទៅ​នៅ​ជួប​ឧបសគ្គ​ជាច្រើន​ដែល​អាច​បង្ក​ផលប៉ះពាល់​នាពេល​អនាគត​៕