ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ​អះអាង​ថា ការរីករាលដាន​នៃ​ជំងឺ​កូវីដ​១៩​នៅក្នុង​ប្រទេស​នឹង​ប៉ះពាល់​ដល់​ផែនការអភិវឌ្ឍន៍​ជាតិ​ដែល​ធ្វើឲ្យ​សកម្មភាព​ដែល​បានកំណត់​រួច​មួយចំនួន​នឹង​ទទួល​បរាជ័យ ខណៈ​លទ្ធផល​ជា​ផ្លូវការ​នៃ​ការធ្វើ​ជំរឿន​ទូទាំងប្រទេស​ដែល​គ្រោង​ប្រកាស​នៅ​ខែកក្កដា​ខាងមុខ​ក៏​នឹងត្រូវ​ពន្យារពេល​ដោយ​គ្មាន​កំណត់​ផងដែរ​។

ការអះអាង​បែបនេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ដោយ​លោក ថេង បញ្ញាធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ផែនការ និង​មន្ត្រី ១ ​រូប​ទៀត​ទទួលបន្ទុក​ស្ថិតិ​នៃ​ក្រសួងផែនការ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងផែនការ​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​ឱកាស​នោះ​លោក ថេង បញ្ញាធន បាន​លើកឡើង​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​គឺ​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផែនការអភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩ ដល់ ឆ្នាំ​ ២០២៣ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ ខណៈ​ក្នុងដំណាក់កាល​ដំបូង​នេះ ការប្រែប្រួល​ស្ថានភាព​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​សកម្មភាព​របស់​រដ្ឋ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​មាន​ការកើតឡើង​បន្ទាប់​ក្នុងករណី​កូវីដ​១៩ នេះ​អ៊ីចឹង​គឺ​រដ្ឋាភិបាល​បាន​រៀបចំ​ថវិកា​មួយចំណែក​សម្រាប់​អន្តរាគមន៍​បន្ទាន់​។ ប្រសិនបើ​ថវិកា​​របស់​យើង​មាន​កំណត់ ហើយ​មួយចំណែក​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អន្តរាគមន៍​បន្ទាន់​នេះ យើង​ឃើញ​ថា​ដំណាក់កាល​ទី​ ២ ​គឺជា​ការណែនាំ​របស់​សម្តេចតេជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ណែនាំ​ឲ្យ​យើង​ពិនិត្យ​រឿង​អាទិភាព​ណា ដែល​មិនទាន់​ចាំបាច់​ក្នុង​ពេលនេះ​ត្រូវ​ផ្អាក​សិន​។ ករណីនេះ​ព្រោះតែ​ថវិកា​មួយចំនួន​ហ្នឹង​ត្រូវ​បែងចែក​ទៅក្នុង​វិស័យ​សុខាភិបាល​ធ្វើ​ម៉េច​អន្តរាគមន៍​រឿង​កូវីដ​នេះ​ឲ្យ​ទាន់ពេល​សិន​»​។

លោក បញ្ញាធន បន្ថែមថា​ការអន្តរាគមន៍​ដំបូង​គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាប់ផ្តើម​បែងចែក​ ឬ​ក៏​វិភាជថវិកា​របស់​រដ្ឋាភិបាល ដើម្បី​អន្តរាគមន៍​​ទប់ស្កាត់​ជំងឺ​កូវីដ​ទូទាំងប្រទេស​ស្របពេល​ពេលដែល​ការអនុវត្ត​​ផែនការអភិវឌ្ឍន៍​ជាតិ​ជាទូទៅ​ក្នុង​ ១ ​ឆ្នាំ​គឺ​ត្រូវ​ធ្វើ​ការតាមដាន និង​វាយតម្លៃ​ពី​វឌ្ឍនភាព​ដែល​សម្រេចបាន​។ ដូច្នេះ​នៅពេល​ដែល​ធនធាន​ថវិកា​មួយចំនួន​មិន​បាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​តាម​ផែនការ ដោយសារ​តែ​យក​ទៅ​អន្តរាគមន៍​បន្ទាន់​នោះ ច្បាស់​ណាស់​ពិតជា​ប៉ះពាល់​ផែនការអភិវឌ្ឍន៍​ជាតិ​។

ចំណែក​លោកស្រី ហង់លីណា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ផ្នែក​ស្ថិតិ និង​ជា​អគ្គនាយិកា​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​ថ្លែង​ដែរ​ថា បញ្ហា​នៃ​កូ​វីដ​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការធ្វើជំរឿន​ផងដែរ​។ លោកស្រី​បន្ថែម​ថា​ពេល​ដែលមាន​បញ្ហា​កូវីដ​នេះ​មន្ត្រី និង​និស្សិត ដែល​ស្ម័គ្រចិត្ត​មួយចំនួន​ក៏​មិន​បានមក​ធ្វើការ​ដូចជា​ធម្មតា​ដែរ ស្របពេល​ក្រសួង​ផែនការ​ក៏បាន​ឈប់សម្រាក​ដែលជា​ហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​ផែនការ​នៃ​ការប្រកាស​លទ្ធផល​ជំរឿន​ជា​ផ្លូវការ​នេះ​។

លោកស្រី​បន្តថា​៖ «​នៅក្នុង​អំឡុងពេល​នេះ​នឹង​ប៉ះពាល់ ព្រោះ​ថា​ការងារ​មួយចំនួន​មិន​បាន​អនុវត្ត​ទៅតាម​ចំណុច​ដៅ​ដែល​បានកំណត់​នៅក្នុង​ផែនការ​នោះទេ​។ បើ​មិនបាន​សម្រេច​តាម​ការកំណត់​ដៅ​នេះ​ទេ ដែល​​ជា​លក្ខណៈ​បច្ចេកទេស យើង​ធ្វើការ​វិភាគ​ហើយ​ថា​វា​បណ្តាល​មកពី​មូលហេតុ​អ្វី ដើម្បី​ឈានទៅ​ធ្វើការ​កែសម្រួល​»​។

លោកស្រី ហង់ លីណា បាន​បញ្ជាក់ថា​ក្នុង​ដំណាក់កាល​រៀបចំ​របាយការណ៍​ជំរឿន​នេះ​គឺ​បន្ទាប់ពី​បាន​ប្រមូល​ទិន្នន័យ​បាន​មកពី​គ្រួសារ​ប្រមាណ​ជាង​ ៣ ​លាន ៣ ​សែន​គ្រួសារ​គឺ​ត្រូវ​ប្រើប្រាស់​មន្ត្រី​ប្រមាណ​ ១៥០ នាក់​សម្រាប់​កែ​ និង​ចុះ​លេខ​កូដ ហើយ​ ១៥០ នាក់​ទៀត​សម្រាប់​វាយ​បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​។

លោកស្រី​បាន​បន្ថែមថា ដូច្នេះ​ក្នុងការ​វាយ​បញ្ចូល​ទិន្នន័យ​ជាង​ ៣ ​លាន​គ្រួសារ​នេះ​យើង​តម្រូវ​ឲ្យ​ពួកគាត់​ក្នុង​ ១៥០ ​នាក់​ហ្នឹង​សម្រាប់​អ្នក​កែ​គឺ​ត្រូវ​កែ​ឲ្យ​បាន ៦ ​ពាន់​៥​រយ​គ្រួសារ​ក្នុង​ ១ ​ខែ​ទើប​យើង​បានបញ្ចប់​តាម​ផែនការ​ដែល​យើង​បានកំណត់ ហើយ​សម្រាប់​អ្នក​ចុះ​លេខ​កូដ​ម្នាក់​គឺ​ត្រូវ​ចុះ​ ៨ ​ពាន់​ ៥ ​រយ​គ្រួសារ​ក្នុង​ ១ ​ខែ​ទើប​អាច​បញ្ចប់​តាម​ផែនការ​បាន​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​បើ​ការវាយ​បញ្ចូល​អាច​ធ្វើ​តាម​ផែនការ​កំណត់ នោះ​ការងារ​ជំរឿន​នេះ​នឹង​អាច​បញ្ចប់​ក្នុង​ខែ​ ៣ ទៅ​ខែ​ ៤ ​ឲ្យ​ស្របតាម​ផែនការ​ដែល​អាច​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​វិភាគ​ដើម្បី​ចេញ​លទ្ធផល​ផ្លូវការ​នៅក្នុង​ខែ​ ៧ ​ខាងមុខ​ហើយ​បើ​ការងារ​នេះ​ធ្វើ​មិន​បាន​តាម​ការកំណត់​ដែល​បាន​ដាក់ចេញ​ទេ​គឺ​អត់​អាច​បញ្ចប់​បានទេ​»​។

យ៉ាងណាក្ដី​លោកស្រី​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា ការពន្យារពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នេះ​អាច​នឹង​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​ណា​ទេ ដោយ​លោកស្រី​គ្រាន់តែ​អះអាង​ថា បើ​បញ្ហា​ជំងឺ​នេះ​អូសបន្លាយ​ពេលវេលា​យូរ​នោះ​​ការប្រកាស​លទ្ធផល​ជំរឿន​ជាផ្លូវការ​ក៏​នឹង​ពន្យារពេល​ទៅតាម​នោះដែរ​៕