
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កាលពីម្សិលមិញបានជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍និងសង្គមស៊ីវិលប្រមាណ ៣០ នាក់ទាក់ទងនឹងការអនុវត្តការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដើម្បីដោះស្រាយបញ្ហានៅកម្ពុជាក្នុងនោះក៏បានផ្តោតលើភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។
កិច្ចពិភាក្សាគ្នានេះស្របពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធរួមគ្នាពន្លឿននីតិវិធីនៅតុលាការចំពោះអ្នកកំពុងជាប់ពន្ធនាគារ ដោយពុំទាន់ទទួលបានការកាត់ទោសដែលធ្វើឲ្យពន្ធនាគារមានភាពចង្អៀតណែន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយបញ្ចប់កិច្ចពិគ្រោះយោបល់នោះថា នេះជាកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ដែលបង្កើតឡើងដើម្បីធានាឲ្យមានយន្តការពិគ្រោះយោបល់គ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធវិស័យយុត្តិធម៌ ដោយពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រៀបចំធ្វើការកែប្រែប្រព័ន្ធយុត្តិធម៌កម្ពុជាឲ្យបានល្អប្រសើរ។
លោក ម៉ាលីន បន្តថា សូចនាករតាមដានរួមគ្នាសម្រាប់រយៈពេល ៤ ឆ្នាំ [JMIs] បានផ្តើមឲ្យមានកិច្ចពិភាក្សានេះដោយបានចាប់បង្កើតតាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៨ ហើយនឹងបន្តនៅឆ្នាំ ២០១៩ រហូតឆ្នាំ ២០២៣ ខាងមុខ។
លោកថា ក្នុង ១ ឆ្នាំៗ កិច្ចពិភាក្សានេះបានរួមគ្នាដោះស្រាយបញ្ហាជាអាទិភាពជាច្រើនពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នៅកម្ពុជា។
លោកបញ្ជាក់ថា៖ «កិច្ចពិភាក្សានេះ គឺធ្វើឡើងជារៀងរាល់ ៣ ខែម្តង ដើម្បីពិនិត្យមើល និងពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលប្រព័ន្ធយុត្តិធម៌ជួបប្រទះព្រោះដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលពិតជាបានចូលច្រើនជាមួយវិស័យនេះ មានជំនួយថវិកា បច្ចេកទេស ឬអ្នកជំនាញជាដើម»។
បន្ថែមពីនេះលោកបានអះអាងថា ក្នុងកិច្ចប្រជុំនោះក៏បានលើកយកពីបញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ និងការអនុវត្តទោសមិនមែនពន្ធនាគារផងដែរ ដែលបញ្ហានេះ ក្រសួង និងដៃគូអភិវឌ្ឍន៍ បានរួមគ្នាពិភាក្សាគ្នាជាយូរមកហើយ។
លោកបញ្ជាក់ថា៖ «យន្តការដោះស្រាយភាពចង្អៀតណែននេះនៅតែបន្តទៅមុខ ព្រោះយើងធ្វើមិនទាន់ចប់ទេ ព្រោះយើងមិនទាន់បានសម្រេចគោលដៅនោះទេ ដោយនឹងបន្តវាទៅដល់ឆ្នាំ ២០២៣ ទៀត។យន្តការដោះស្រាយដែលយើងបានជជែកគ្នាហ្នឹងគឺមានដំណាក់កាលបន្ទាន់ បឋម ហើយនិងអ្វីដែលយើងត្រូវធ្វើវែងឆ្ងាយទៀត»។
ចំពោះដំណាក់កាលបន្ទាន់ លោក ម៉ាលីន បានបញ្ជាក់បន្ថែមថាគឺត្រូវរួមគ្នាដើម្បីពន្លឿននីតិវិធីតុលាការដោយត្រូវពិនិត្យលើភាព ត្រឹមត្រូវរបស់ច្បាប់ដើម្បីចៀសវាងកើតមានភាពអយុត្តិធម៌ក្រោយមានការពន្លឿននីតិវិធីនេះ។ ម្យ៉ាងទៀតក៏ដើម្បីឈានទៅរកដំណាក់កាលវែងឆ្ងាយដែលអាចនឹងឈានទៅរកនីតិវិធីលើកលែងទោស និងនីតិវិធីនៃការអនុវត្តទោសមិនមែនពន្ធនាគារ។
បើតាមក្រសួងយុត្តិធម៌ ជាមួយនឹងការពិភាក្សានេះគេក៏រំពឹងដែរថា សាលាឧទ្ធរណ៍ថ្នាក់តំបន់ដែលកំពុងសាងសង់នៅខេត្តបាត់ដំបង និងត្បូងឃ្មុំ នឹងលេចជារូបរាងឡើងនៅឆ្នាំក្រោយក្នុងការជួយសម្រួលដំណើរការនីតិវិធីរបស់តុលាការ និងធ្វើឲ្យពន្ធនាគារមានភាពធូរស្រាល។
លោក Simon Walker តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា OHCHR បានថ្លែងថា កិច្ចពិភាក្សានេះគឺពិតជាមានអត្ថន័យដែលឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយហើយលោកសង្ឃឹមថា អ្វីដែលបានពិភាក្សាក្នុងកិច្ចប្រជុំនឹងត្រូវបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ និងឆាប់ដោះស្រាយ។
លោកបន្តថា៖ «យើងគាំទ្រចំពោះអ្វីដែលយើងបន្តធ្វើរួមគ្នា និងចំណុចដែលបន្ថែមខ្លះហើយវាជាក្របខ័ណ្ឌដ៏ត្រឹមត្រូវមួយ ដោយយើងនឹងពិចារណាទៅលើវិស័យមួយចំនួនដែលមិនទាន់មានការរីកចម្រើនដូចជាការសិក្សាអំពីសុចរិតភាពនៃប្រព័ន្ធតុលាការឲ្យស្របនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ ចំណែកការទទួលបានជំនួយផ្នែកច្បាប់មានការរីកចម្រើនល្អ តែត្រូវបន្តបន្ថែមទៀត ហើយនិងដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារជាដើម។
តាមលិខិតបទបង្ហាញ របស់ UN និង UNHR ដែលបានផ្សព្វផ្សាយក្នុងកិច្ចពិភាក្សានោះ បានឲ្យដឹងថា សមិទ្ធផលដែលបានដោះស្រាយនៅក្នុងឆ្នាំចាស់ក្រោមកិច្ចពិភាក្សានេះ គឺសិទ្ធិទទួលបានសេវាយុត្តិធម៌សម្រាប់ជនពិការត្រូវបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ជនពិការឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ និងក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីជនក្រីក្រហើយបានអះអាងថា ចំណេះដឹងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវី មានការកើនឡើងផងដែរ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានថ្លែងថា បើក្នុងករណីមានការពិភាក្សាដោយបើកទូលាយ និងស្មោះត្រង់ដើម្បីរួមគ្នាដោះស្រាយបញ្ហានៅក្នុងវិស័យយុត្តិធម៌នេះ លោកជឿជាក់ថានឹងត្រូវដោះស្រាយបាន។ ជាមួយគ្នានោះ លោកក៏រំពឹងផងដែរថា បញ្ហាដែលបានលើកយកមកពិភាក្សាគ្នា ជាពិសេសបញ្ហាភាពចង្អៀតណែននៅក្នុងពន្ធនាគារនឹងត្រូវបានចាត់ទុកជាអាទិភាពសម្រាប់ឲ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ៕