ភ្នំពេញៈ មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លើក​ឡើង​ថា​ ការ​គោរព​សិទ្ធិ​សេរីភាព​ជា​ទូទៅ​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ឆ្ងាយ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ​និង​ពិភ​ព​លោក​ ប៉ុន្តែ​ការ​ផ្ដល់​ចំណាត់​ថ្នាក់​កន្លង​មក​ឱ្យ​កម្ពុជា​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាតតារាង​ខាង​ផ្នែក​សិទ្ធិមនុស្ស​ ដោយ​សារ​ការ​សិក្សា​ទាំង​នោះ ​ធ្វើ​ឡើ​ង​បាន​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ និង​មិន​បាន​ពិ​ចារណា​ឱ្យ​គ្រប់​ទិដ្ឋ​ភាព​ជា​ទូទៅ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។​

​លោក ​ជិន​ ម៉ា​លីន​ រដ្ឋ​លេខា​ធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិល​មិញ​ដោយ​បង្ហាញ​ការ​ងឿ​ង​ឆ្ងល់​ថា ប្រទេស​មាន​បក្ស​តែ​មួយ​គ្មាន​ការ​បោះឆ្នោត​ ប្រទេស​ដឹក​នាំ​ដោយ​របប​យោធា​ គ្មាន​ការ​បោះ​ឆ្នោត​ និង​ប្រទេស​កំពុង​មាន​ការ​ច្បាំង​គ្នា​ធ្វើ​ឱ្យ​ពល​រដ្ឋ​គ្មាន​ឱកាសសូម្បី​​គោរព​តាម​ជំនឿ​ និង​វប្បធម៌ ​ប៉ុន្តែ​ប្រទេស​​ទាំង​នោះ​បែរជា​ត្រូវ​បានគេ​​ផ្ដល់​ចំណាត់​ថ្នាក់​ថា​មាន​ការ​គោរព​សិទ្ធិ​សេរី​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​កម្ពុជា​ទៅ​វិញ។​

​លោក​ ម៉ា​លីន​ ថ្លែង​​ថា​៖​ «​ស្ថាន​ភាព​របស់​យើង​មិន​អាក្រក់​ដូច​អ្វីដែល​គេ​ឱ្យ​ពិន្ទុ​យើង​ទេ បើ​ប្រៀបធៀប​ទៅ​បណ្ដា​​ប្រទេស​មួយ​ចំនួន​ ក្នុង​ពិភព​លោក​ យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ​ឆ្ងាយ​ណាស់ ​អាហ្នឹង​គឺ​ជា​​ចម្ងល់​​មួយ? ​បើ​យើង​ស្រាវជ្រាវ​អំពី​ទិ​ន្ន​ន័យ​ដែល​គេ​ប្រើ​ក្នុងការ​ស្រាវជ្រាវ​នេះ ​គឺ​យើង​ឃើញ​ហ្មង ​គឺ​គេ​ផ្ដោត​ទៅ​លើ​ព្រឹ​ត្ថិការណ៍​នយោបាយ​កម្ពុជា​ ហើយ​ភ្ជាប់​រឿងរ៉ាវ​នយោ​បាយ​នោះ​ទៅ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​នយោបាយ»។​

​លោក​បន្តថា​ ប៉ុន្តែ​បើ​ផ្ដោត​លើ​ការ​សិក្សា​ស្រាវជ្រាវ​តាមបែប​វិទ្យា​សាស្ដ្រ ​ដែល​អាច​វាយ​តម្លៃ​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រទេស​ណា​មួយ​បាន​ គឺ​គេ​ត្រូវ​មើល​ទៅ​លើ​ការគោរព​សិទ្ធិ​សេរីភាព​គ្រប់​ទិដ្ឋភាព​ទាំងអស់ ​ដែល​ត្រូវ​បាន​​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​តាម​គោល​ការណ៍​អន្តរ​ជាតិ​ ទី ១​ សិទ្ធិ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច ​និង​វប្បធម៌ ​ទី ២ សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​ និង​ទី៣​គឺ​សិទ្ធិ​របស់​ក្រុម​មនុស្ស​ពិសេស។

​​នៅ​ក្នុ​ង​បទ​បា​ឋក​ថា​សាធា​រ​ណៈ​ដែល​រៀប​ចំ​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន ​ពន្យល់​ប្រាប់​សិស្ស​និស្សិត​ចូលរួម​ប្រហែល​ ១០០ ​នាក់​ អំពី​សិទ្ធិ​ទាំង ៣ ​នោះ​ថា​ សិទ្ធិ​ទី ១ ​ស្ដីពី​សេដ្ឋ​កិច្ច ​សង្គមកិច្ច​ និង​វប្បធម៌​ គឺ​គេ​ត្រូវ​សិក្សា​ផ្ដោត​ទៅ​លើ​កម្រិត​ជីវភា​ព​ លំហូរ​ការ​វិនិយោ​គ​ សុខ​សន្ដិភាព​ ស្ថិរភាព​ សណ្ដាប់​ធ្នាប់​ ការ​អភិវឌ្ឍ ​អត្រា​ភាពក្រីក្រ ​អត្រា​គ្មាន​ការងារ​ធ្វើ សុខុ​មាលភាព​សង្គម​ ជំនឿ​សាសនា​ ប្រពៃណី។

​រីឯ​សិទ្ធិ​ទី ២ ​ស្ដីពី​ពលរដ្ឋ​ និង​នយោ​បាយ ​គឺ​គេ​ត្រូវ​សិក្សា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​បញ្ចេញ​មតិ ​សេរីភាព​សារព័ត៌​មាន​ សេរីភាព​ជួបជុំ​ សេរីភាព​បង្កើត​គណ​បក្ស​នយោបាយ​ និង​សិទ្ធិ​ទី ៣ ​របស់​ក្រុម​មនុស្ស​ពិសេស ​គឺ​គេ​ត្រូវ​សិក្សា​លើ​ការ​លើក​កម្ពស់​សិទ្ធិ​រប​ស់​ស្ដ្រី​ កុមារ​ ជន​ពិការ និង​ស្រឡាញ់​ភេទ​ដូចគ្នា។​

​លោក​អះអាង​ថា​ បើ​ការ​សិក្សា​នោះ​ធ្វើ​ឡើង​តាម​វិធីសាស្ដ្រ​បែប​នេះ​ នោះគេ​នឹង​អាច​វាយ​តម្លៃ​បាន​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​របស់​កម្ពុជា។​

លោក​បន្តថា​៖​ «​ប៉ុន្តែ​ការ​សិក្សា​ឱ្យ​ចំណាត់​ថ្នាក់​កម្ពុជា​ធ្លាក់​ស្ទើរ​ដល់​បាត​តារាង គឺ​ដោយ​សារ​គេ​ភ្ជាប់​ទៅ​នឹង​ព្រឹតិ្ត​ការណ៍​នយោបាយ​ ដែល​កើត​ឡើង​ទៅ​លើ​បក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ និង​សារព័ត៌​​មាន​ដែល​មិន​គាំទ្រ​រដ្ឋាភិ​បាល​ ថា​គឺ​ជា​រឹត​ត្បិត​សិទ្ធិពល​រដ្ឋ​ និង​នយោបាយ ​ហើយ​មិន​បាន​ពិចារ​ណា​ទៅ​លើ​សិទ្ធិជា​ទូ​ទៅ​ទាំង​អស់​នោះ​ទេ»។​

​​លោក ​ជិន​ ម៉ា​លីន​ អះ​អាង​ថា​ផ្ទុយ​ទៅ​វិញ​ព្រឹ​ត្ថិការណ៍​កើត​ឡើង​លើ​បក្ស​ប្រឆាំង​ទាំង​នោះ ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ និង​ជា​ការ​គោរព​ទៅ​តាម​ច្បាប់​រដ្ឋ​ធ​ម្ម​នុញ្ញ​របស់​ប្រទេស​កម្ពុជា។

​​​អង្គការ​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ (World Justice Project)​ កាល​ពី​ថ្ងៃទី​ ២៨​ កុម្ភៈ ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀង​ទី​ ១២៥ ​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​១២៦ ​ប្រទេស​ ថា​ គ្មាន​នីតិរដ្ឋ។

​លោក ​សុឹង​ សែន​ករុណា ​មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដ​ហុក​បាន​អះ​អាង​ថា​ កម្ពុជា​គឺ​មាន​បរិបទ​ខុស​ពី​បណ្ដា​ប្រទេស​ទាំងអស់​នោះ​ ព្រោះ​កម្ពុ​ជាមាន​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារី​ស​ ២៣​ តុលា​ ឆ្នាំ​១៩៩១​ដើម្បី​បញ្ឈប់​សង្គ្រាម ​និង​បាន​ជ្រើស​យក​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ ​ការគោរព​សិទ្ធិ​មនុស្ស​ និង​ការ​ព្រម​ព្រៀង​ទទួល​យក​បទដ្ឋាន​គតិ​យុត្ត​ពី​អន្តរជាតិ​ជាច្រើន​ទៀត។

លោក​ថា៖​ «​ការ​វាយ​តម្លៃ​ទាំង​អស់​នេះ ​គឺ​គេ​អាច​ផ្ដោត​លើ​ឧបករណ៍​ទាំង​អស់​ហ្នឹង​ ហើយ​មាន​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​យើង​បាន​ផ្ដល់​សច្ចាប័ន​ ហើយ​ក្នុង​នោះ​យើង​អត់​បាន​គោរព​ទៅ​តាម​ហ្នឹង។​ បើ​ប្រៀប​​ធៀប​ទៅ​ប្រទេស​ផ្សេងទៀត​ គេ​មាន​ផ្ដល់​សច្ចាប័ន​ដូច​កម្ពុជា​ដែរ​ទេ? ​កម្ពុជា​យើង​ផ្ដល់​សច្ចាប័ន​យក​បទដ្ឋាន​គតិ​យុត្តជា​ច្រើន​មក​អនុវត្ត​ ហើយ​យើង​អត់​មាន​បំពេញ​តួ​នាទី​ឱ្យ​ឆ្លើយ​តប​តាម​កិច្ច​ព្រម​ព្រៀង​ ដូច្នោះ​គេ​ធ្វើការ​ឆ្លុះ​បញ្ចាំង ​ដើម្បី​ឱ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​អ្វី​ដែល​ជា​ការ​ព្រម​ព្រៀងរ​បស់​យើង»៕