ភ្នំពេញ៖ អនុ​ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក អ៊ុយ សុវណ្ណារិទ្ធ បាន​ទទួល​មរណភាព​នៅ​ម៉ោង ១១:៣០ នាទី​ថ្ងៃទី ១៨ មេសា​នេះ ដោយសារ​ជំងឺ​កូវីដ ១៩។ រីឯ​អ្នក​ចាក់​វ៉ាកសាំង​នៅ​ក្រសួង​វប្បធម៌​ម្នាក់​ទើប​បាន​រក​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទាំង ២ នៅ​ថ្ងៃ​នេះ។

កាល​ពី​ល្ងាច​ថ្ងៃទី ១៤ ខែ​មេសា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មន្ដ្រី​ចំនួន ៣ រូប ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​នោះ​មាន​លោក អ៊ុយ សុវណ្ណារិទ្ធ លោកស្រី គង់ ចន្ធូ អនុ​ប្រធានកា​រិយាល័យ​នៃ​នាយកដ្ឋាន​រដ្ឋបាល និង​លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយ​ការ​របស់​អនុរដ្ឋលេខាធិការ​មួយ​រូប​នៃ​ក្រសួង​នេះ។

គួរ​បញ្ជាក់​ថា លោកស្រី គង់ ចន្ធូ និង​លោក អ៊ុយ សុវណ្ណារ៉ុង គឺ​ជា​ភរិយា និង​ជា​កូន​ប្រុស​របស់​អ្នក​ជំងឺ​កូវីដ ១៩ ដែល​បាន​ទទួល​មរណភាព​នេះ។ ពួក​គាត់​ទាំង ២ នេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩​ នៅ​មន្ទីរពេទ្យ។

ដោយ​ឡែក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ១ ករណី ក្នុង​ចំណោម​អ្នក​ដែល​បាន​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ទីស្តី​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មេសា​នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ឈ្មោះ ជី ទេពី ភេទ​ស្រី អាយុ ១៩ ឆ្នាំ រស់នៅ​សង្កាត់​ផ្សារចាស់ ខណ្ឌ​ដូនពេញ។

បើ​តាម​ក្រសួង​នេះ អ្នក​ជំងឺ​រូប​នេះ មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ចាស់ និង​ត្រូវ​ជា​សាច់​ញាតិ​មន្ត្រី​រាជ​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហើយ​អ្នក​ជំងឺ​នេះ បាន​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ទីស្តីការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នា​រសៀល​ថ្ងៃទី ៥ ខែ​មេសា និង​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ កាល​ពី​ថ្ងៃ ទី១៣ ខែ មេសា ឆ្នាំ ២០២១។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រកាស​ដល់​មន្រ្តី និង​បុគ្គលិក​របស់​ក្រសួង​ ក្នុង​ករណី​ដែល​មាន​អាការ​គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺ​បំពង់​ក ឬ​ដក​ដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩។

កន្លែង​ធ្វើ​តេស្ត​នេះ មាន​ទីតាំង​នៅ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹងត្របែក, មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម, មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត, សាលា​បឋមសិក្សា​សុភមង្គល (ក្រោយ​ផ្សារ​ស៊ិនជូរី បណ្តោះអាសន្ន), វិហារ​ព្រះយ៉េស៊ូ​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ, ផ្លូវ​ឌួងងៀប​ជិត​រោងចក្រ ឌីន ហាន, ដីឡូត៍​ខាង​ក្រោយ​ផ្សារ​ឯករាជ្យ ៣, មណ្ឌល​ថែទាំ​ជីវិត (ទីតាំង​ចាក់​សំរាម​ចាស់​ស្ទឹងមានជ័យ)។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អំពាវ​ដល់​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ឱ្យ​ប្រញាប់​ទៅ​យក​សំណាក​ធ្វើ​តេស្ត​នៅ​កន្លែង​ទាំង​នេះ ហើយ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​នៅ​ផ្ទះ ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល៕