ភ្នំពេញៈ ជា​ការគិត និង​ការប៉ាន់​ស្មាន​ទុកជាមុន​របស់​អ្នក​បច្ចេកទេស​នៃ​អង្គការ​សុខភាព​ពិភពលោក​គឺ​ក្នុង​រង្វង់​ប្រហែល​ជា​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ​ប្រហែល​នឹង​អាចមាន​វ៉ាក់សាំង​មួយចំនួន​ក្នុង​ចំណោម​វ៉ាក់សាំង​ពី​ ៨ ទៅ​ ៩ ដែល​អាច​យកមកប្រើ​ប្រាស់​បាន​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​​ ឱ វណ្ណឌីន​។

បើ​តាម​លោកស្រី អង្គការ​សុខភាព​ពិភពលោក​ (WHO) អង្គការ ហ្គាវី (GAVI) ​និង​កម្មវិធី​ជាតិ​ចាក់ថ្នាំ​បង្ការ​របស់​ក្រសួង​សុខាភិបាល​បាន​មូលមតិ​គ្នា ដើម្បី​រៀបចំ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​នូវ​ផែនការ​មួយ​ដែល​ហៅថា Deployment Plan សម្រាប់​ធ្វើការ​ពិនិត្យមើល គ្រប់គ្រង ការបែងចែក​រួមគ្នា និង​ការមើល​ថា​តើ​ក្រុម​ណា​ដែល​ត្រូវ​ទទួល​នូវ​វ៉ាក់សាំង​មុនគេ​។

នៅពេល​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​ពី​ម្សិលមិញ លោកស្រី​ថ្លែង​ថា​៖ «​យើង​ត្រូវ​គិតថា តើ​ប្រភេទ​វ៉ាក់សាំង​ណា​ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​។ ដូចនេះ​ហើយ​បានជា​យើង​ត្រូវមាន​ផែនការ​មួយ​ច្បាស់លាស់​»​។

លោកស្រី​បន្ថែមថា​៖ «​ហើយ​នៅក្នុង​ថ្នាក់​អន្តរជាតិ គេ​គិត​រួចហើយ​គឺ​វ៉ាក់សាំង​ដែល​ទទួល​បាន​មក​ដែល​គេ​ហៅថា COVAC Facility អ្នក​ដែល​សម្របសម្រួល​ទទួល​ខុសត្រូវ​លើ​វ៉ាក់សាំង​នេះ គឺ​សម្រាប់​ប្រទេស​កម្ពុជា​ យើង គឺ​ប្រហែល​ជា​អាច​ត្រូវបាន​គេ​ផ្តល់​ជូន​ក្នុង​រង្វង់​ ៣ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​។ ដូចនេះ​ប្រទេស​កម្ពុជា​យើង​បាន​ខ្ទង់​ប្រមាណ​ជាជាង​ ៣ ​លាន​នាក់​»​។

អ្នកនាំពាក្យ​រូបនេះ​បន្តទៀតថា អ្វីដែល​គេ​គិត​ជាបឋម​ទៀត គេ​ត្រូវ​គិត​នៅក្នុង​ចំណោម​ ៣ ​ភាគរយ ​ដែល​នឹង​អាច​ទទួល​បាន​មកនេះ មិន​អាច​មក​ម្តង​ទាំង​ ៣ ​ភាគរយ​នោះទេ​។ ប៉ុន្តែ​អាច​នឹងមាន​ការបែងចែក​ជា​ដំណាក់ៗ ដោយសារ​ផលិតភាព​នៃ​វ៉ាក់សាំង​នេះ​ក៏មាន​កម្រិត​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​វា​មិនមែន​តែ​សម្រាប់​បែងចែក​តែ​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ តែ​ត្រូវ​បែងចែក​នៅ​ទូទាំង​សកលលោក​។ អ៊ីចឹង វា​ត្រូវ​មាន​ការបែងចែក​មួយ​ដែល​គេ​ហៅថា ការបែងចែក​ដោយ​ស្មើភាព​គ្នា ហើយ​មាន​សិទ្ធិ​ស្មើគ្នា​នៅក្នុង​ការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ​»​។

ស្ថិត​ក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ទឹកជំនន់​នេះដែរ ប្តី​ប្រពន្ធ​ ១ ​គូ ​ដែល​ជា​ជនជាតិខ្មែរ​ត្រូវ​បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ បន្ទាប់ពី​ពួកគាត់​បាន​វិលត្រឡប់​មកពី​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​ ១៨ តុលា​។ ចំណែក​កូន​អាយុ​ ៣ ​ឆ្នាំ​របស់គាត់​ម្នាក់​ត្រូវ​បាន​បុគ្គលិក​សុខាភិបាល​កំពុង​ធ្វើការ​តាមដាន​សុខភាព​បន្ត ក្រោយពី​ការធ្វើ​តេស្ត​លើក​ទី​ ១ ​របស់​គាត់​អវិជ្ជមាន​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​ឱ្យដឹងថា បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៣៣ ​ឆ្នាំ​ ដែល​ជា​ស្វាមី និង​ប្រពន្ធ​របស់គាត់​អាយុ​ ៣២ ​ឆ្នាំ​ដែល​មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យលាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​អ៊ីរ៉ាក់​ដោយ​បាន​ឆ្លងកាត់​ទីក្រុង​ដូហា និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១៨ ​តុលា​។

ក្រសួង​បញ្ជាក់ថា​៖ «​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ជា​ស្វាមី និង​ភរិយា​ទាំង​ ២ ​នាក់​ខាងលើ គឺ វិជ្ជមាន​វីរុស​កូវីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​​ ២ ​នាក់​ត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​»​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​ប្តី​ប្រពន្ធ​ ២ ​នាក់​នេះ​ចំនួន​ ១០៩ ​នាក់​ (​ស្រី​ ៣៤ ​នាក់ កុមារ​ ៣ ​នាក់ និង​ទារក​ម្នាក់​)​។ រីឯ​អ្នកដំណើរ​ចំនួន ​១០៦ ​នាក់​ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នៅ​សណ្ឋាគារ​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកដំណើរ​ចំនួន​ ៦៩ ​នាក់​ បានធ្វើ​ចត្តាឡីស័ក​នៅក្នុង​សណ្ឋាគារ​ ៥ ​ផ្សេងគ្នា​។ ឯ​អ្នកដំណើរ​ចំនួន​ ៣៧ ​នាក់​ផ្សេង​ទៀត​ ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស​។

លោកស្រី​ ឱ វណ្ណឌីន ប្រាប់​ពី​ម្សិលមិញ​ថា ២ ​នាក់​ប្តី​ប្រពន្ ធ​ដែលមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ មានកូន​អាយុ​ ៣ ​ឆ្នាំ ប៉ុន្តែ​កូន​របស់គាត់​លទ្ធផល​តេស្ត​ឃើញ​អវិជ្ជមាន​។

លោកស្រី​ថ្លែងថា​៖ «​យើង​នៅ​បន្ត​តាមដាន​សុខភាព​របស់​កូន​នេះ​ថា តើ​គាត់​អាច​ឆ្លង​ពី​ឪពុកម្តាយ​របស់គាត់​ដែរ​ឬ​អត់ តែ​លទ្ធភាព​នៃ​ការចម្លង​គឺ​ខ្ពស់​។ ប៉ុន្តែ​យើង​កំពុង​ធ្វើការ​តាមដាន​ថា តើ​អាច​ឆ្លង​ឬ​យ៉ាងណា​ដោយ​ការធ្វើ​តេស្ត លើក​ទី​ ១ ​របស់គាត់​គឺ​អវិជ្ជមាន​»​។

បើតាម​លោកស្រី​ដោយសារ​កូន​របស់​អ្នកជំងឺ​ប្តី​ប្រពន្ធ​នេះ​មិន​មាន​អ្នក​មើលថែ ដូចនេះ​កូន​គាត់​ត្រូវ​ដាក់​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​ជាមួយ​ឪពុកម្តាយ​របស់គាត់​។ ក្រសួង​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការពិនិត្យ​ព្យាបាល​ជូន​ពួកគាត់ ហើយ​ក៏​ដូចជា​តាមដាន​សុខភាព​ឱ្យ​បាន​ដិតដល់​សម្រាប់​កូន​របស់គាត់​អាយុ​ ៣ ​ឆ្នាំ​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ម៉ោង​ ៧ ​ព្រឹក​ថ្ងៃទី​ ២០ ខែ​តុលា ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៨០ ​នាក់​ (​ស្មើនឹង​ ៩៨,២៥ ​ភាគរយ​ធៀប​នឹង​ចំនួន​អ្នកមាន​កូវីដ​-១៩​ទាំងអស់​) ​ដែល​នៅក្នុង​ចំនួន​នោះ​មាន​ស្រី​ចំនួន​ ៥៦ ​នាក់ និង​បុរស​ចំនួន​ ២២៤ ​នាក់​។

អ្នកមាន​កូវីដ​១៩​មាន​ចំនួន​សរុប​ ២៨៥ ​នាក់​ (​ស្ត្រី​ ៥៨ ​នាក់​ និង​បុរស​ចំនួន​ ២២៧ ​នាក់​)​។ រីឯ​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៥ ​នាក់​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ ១ ​នាក់ បុរស​ជនជាតិខ្មែរ​ ២ ​នាក់ ស្ត្រីជន​ជាតិខ្មែរ​ ១ ​នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​ ១ ​នាក់​៕

វីដេអូ៖