
កងរាជអាវុធហត្ថឈរយាមនៅវិមានឈ្នះឈ្នះ កាលពីម្សិលមិញ ខណៈក្រសួង អំពាវនាវឲ្យក្រុមហ៊ុនសន្តិសុខឯកជន ចូលរួមការពារ នៅថ្ងៃសម្ពោធ។ ហេង ជីវ័ន
ភ្នំពេញៈ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក លឹម សុខារស្មី បានអំពាវនាវឲ្យក្រុមហ៊ុនសន្ដិសុខឯកជនបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីជាជំនួយក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងវិធីសម្ពោធវិមានឈ្នះឈ្នះចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ ខណៈក្រសួងមហាផ្ទៃត្រៀមកម្លាំងចម្រុះជាង ១ ម៉ឺននាក់រួចហើយ។
លោក លឹម សុខារស្មី បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា សន្តិសុខឯកជនមិនគ្រាន់តែបម្រើឲ្យការងារឯកជនប៉ុណ្ណោះទេ តែក៏អាចចូលរួមជាមួយសមត្ថកិច្ចរបស់រដ្ឋដើម្បីធ្វើការលើផ្នែកផ្សេងផងដែរពិសេសពេលមានពិធីធំៗដូចជា បុណ្យអុំទូកកន្លងមកជាដើមគឺមានក្រុមហ៊ុនសន្ដិសុខឯកជនជាច្រើនបានចូលរួមជួយការពារសន្ដិសុខសណ្ដាប់ធ្នាប់។
លោកបានប្រាប់ថា៖ «យើងមានកម្លាំងសមត្ថកិច្ចចម្រុះជាង ១ ម៉ឺននាក់រួចហើយសម្រាប់ការពារសន្ដិសុខក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះ នៅចុងឆ្នាំនេះចំណែកការអំពាវនាវឲ្យសន្ដិសុខឯកជនចូលរួមនេះ ព្រោះក្រុមហ៊ុនសន្ដិសុខឯកជនមិនត្រឹមតែការពារទ្រព្យសម្បត្ដិឯកជនប៉ុណ្ណោះទេ ប៉ុន្ដែក៏មានតួនាទីជួយថែរក្សាការពារសណ្ដាប់ធ្នាប់ សន្ដិសុខសង្គមទាំងមូលផងដែរ»។ «ខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនសន្ដិសុខឯកជនបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីចូលរួមការពារសន្ដិសុខជាមួយកម្លាំងសមត្ថកិច្ចនៅថ្ងៃសម្ពោធវិមានឈ្នះឈ្នះនៅចុងឆ្នាំនេះ...»។
យ៉ាងណាក្ដីលោក សុខារស្មី បានបញ្ជាក់ថាភ្នាក់ងារសន្ដិសុខឯកជនគឺគ្រាន់តែជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយពលរដ្ឋប៉ុណ្ណោះ ហើយប្រសិនបើពួកគាត់មានវិជ្ជាជីវៈច្បាស់លាស់នោះនឹងធ្វើឲ្យប្រសើរឡើងនូវការចូលរួមថែរក្សាសន្ដិសុខបានយ៉ាងល្អប្រសើរ។
ទាក់ទងនឹងការបំពេញការងារនេះលោក លឹម សុខារស្មី បានពន្យល់ថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននូវរាល់គ្រប់បទល្មើសដែលកើតមានឡើងតាមគោលដៅដែលខ្លួនកំពុងយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូនព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ។
លោក លឹម សុខារស្មី បានបញ្ជាក់បន្ថែមថា៖ «ពាក្យថាកម្លាំងជំនួយគឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយហើយត្រូវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា»។
លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខលីប្រាកាលពីម្សិលមិញបានសម្ដែងការស្វាគមន៍ចំពោះការអំពាវនាវនេះដោយលោកបានចាត់ទុកថា ជាការផ្ដល់ទំនុកចិត្តចំពោះប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុនឯកជនរបស់លោក និងបានឆ្លើយតបថានឹងបញ្ជូនភ្នាក់ងារទៅចូលរួមបំពេញការងារដែលជាបេសកកម្មដ៏មានសារៈសំខាន់ដើម្បីចូលរួមជួយសង្គម។
លោកបានបន្ដថា៖ «ជាឆន្ទៈក្រុមហ៊ុនយើងឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវនានាដែលជាតម្រូវការរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាលព្រោះការអំពាវនាវនេះបានបង្ហាញពីទំនុកទុកចិត្ដពីខាងក្រសួងដែលជាអាណាព្យាបាលមកលើក្រុមហ៊ុន និងមួយទៀតជាមោទនភាព ដែលយើងជាកូនខ្មែរ ហើយបានចូលរួមក្នុងកិច្ចការងារថែរក្សាសន្ដិសុខ សុវត្ថិភាពសម្រាប់សង្គមរបស់យើង កិច្ចការទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុនក្នុងការថែរក្សាសន្ដិសុខសុវត្ថិភាពទៅដល់អតិថិជនរបស់យើង»។
លោក ម៉េងហូ បានឲ្យដឹងទៀតថានាពេលកន្លងមករាល់ការស្នើសុំពីអាជ្ញាធរឲ្យចូលរួមក្នុងការថែរក្សាសន្ដិសុខក្នុងពិធីបុណ្យផ្សេងៗក្រុមហ៊ុនលោកតែងតែចូលរួមទាំងកម្លាំងក៏ដូចជាថវិកាជាដើម។
លោកបន្ដថា៖ «កន្លងមកយើងបានចូលរួមតាមរយៈការបញ្ជូនកម្លាំងក្នុងការជួយធ្វើការងារមួយចំនួនទៅតាមតម្រូវការរបស់ខាងក្រសួង ហើយការចូលរួមនេះយើងបានចូលរួមដោយផ្ទាល់ និងដោយមិនផ្ទាល់។ ការចូលរួមដោយផ្ទាល់គឺការបញ្ចូនកម្លាំងទៅថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ចំណែកមិនផ្ទាល់គឺក្រុមហ៊ុនរបស់យើងបានជ្រើសរើស និងបង្វឹកមន្ដ្រីសន្ដិសុខនេះគឺសុទ្ធតែមនុស្សល្អ និងមានសមត្ថភាព»៕