ភ្នំពេញៈ អភិបាល​រាជធានី-ភ្នំពេញ​លោក ឃួង ស្រេង ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ មកនេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​កាយ​ប្រឡាយ និង​តភ្ជាប់​បណ្ដាញ​លូបេតុង​ធំៗ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​​កាំបូល រាជធានី​ភ្នំពេញ​ដែល​​រង​ការជន់លិច​ពី​ទឹកភ្លៀង​ស្របពេល​ក្រសួង​ធនធានទឹក​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ទឹកជំនន់​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ ៥ ​តុលា​ ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ អាកាសធាតុ​មិន​អំណោយផល​ដោយ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ធ្វើឱ្យ​ជន់លិច​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ខ្នង និង​កំណាត់​ផ្លូវ​មួយចំនួន​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​​ក្នុងនោះ​ក៏មាន​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ​ផងដែរ​។

លោក​បាន​បន្តថា ដោយ​ពិនិត្យឃើញ​បញ្ហា​ទាំងនេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ធ្វើការ​ជីកកាយ​បើកមុខ​ទឹក​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២ ខែ ​តុលា ឆ្នាំ​ ២០២០​។

លោក ភក្ដី បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការចុះពិនិត្យ​ភាពជាក់ស្ដែង ទីតាំង​ដែល​ទទួលរង​​ការលិច​ខ្លាំង​ដោយ​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ស្ថិត​ក្នុង​សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ​។ ប៉ុន្តែ​ឥឡូវនេះ​បាន​ថមថយ​ទៅ​វិញ​ហើយ​ បន្ទាប់ពី​មន្ត្រី​ប្រើ​គ្រឿងចក្រ​កាយ​បើកមុខ​ទឹក​ ២ ​កន្លែង​អម​ផ្លូវ​រថភ្លើង ដើម្បី​នាំ​ទឹក​ទៅ​ប្រឡាយ​ត្រពាំងក្រសាំង​ធ្លាក់​ទៅ​​ស្ថានីយ​បូមទឹក​ទួលសំពៅ​»​។

បើ​តាម​លោក ភក្ដី ការជន់លិច​ភូមិ និង​ផ្លូវ​ក្នុង​តំបន់​នេះ​បង្កឡើង​ពី​កត្តា​មួយ​ចំនួន​រួមមាន ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​កម្រិត​ចន្លោះ​​ពី​ ១៥០ ​ម.ម​ដល់​ ១៩០ ​ម.ម ក្នុង​ ១ ​វិនាទី ការចាក់ដី​រំលោភ​យក​ដី​ចំណី​ប្រឡាយ ការសាងសង់​សំណង់​លំនៅឋាន​រំលោភ​លើ​ប្រព័ន្ធ​ប្រឡាយ និង​ការចោល​សំរាម​ពាសវាល​ពាសកាល​នាំ​ឱ្យ​ស្ទះ​មាត់​លូ​ជាដើម​។

លោក​ថា​៖ «​យើង​មិនអាច​ទប់ស្កាត់​គ្រោះធម្មជាតិ​មិនឱ្យ​កើតមាន​នោះទេ ប៉ុន្តែ​យើង​អាច​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​ដែល​បង្កឡើង​ពី​គ្រោះធម្មជាតិ​នោះបាន​តាមរយៈ​ការបញ្ឈប់​សកម្មភាព​ដែល​បង្ក​មហន្តរាយ​ដល់​សង្គម និង​បរិស្ថាន​»​។

ជាមួយ​គ្នា​នេះ​លោក​ ភក្ដី បាន​សុំ​ការយោគយល់​ពី​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​មេ​មួយ​ក្នុង​ខណ្ឌ​កំបូល ដែល​នឹងត្រូវ​ជីក​ស្ដារ​តភ្ជាប់​ទៅ​បឹង​តាមោក និង​ចូល​ទន្លេសាប ដើម្បី​កាត់បន្ថយ​ការលិចលង់​។

ជុំវិញ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះដែរ​លោក​ លឹម គានហោ រដ្ឋមន្ត្រី​​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្ដី​ជូន​ដំណឹង​​កាល​ថ្ងៃទី​ ៥ ខែតុលា ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ទីប្រជុំជន ទី​ទំនាប​ក្បែរផ្លូវ​ទឹក បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​​ចំពោះ​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​នឹង​កើតមាន​ចាប់ពី​ពាក់កណ្ដាល​នៃ​សប្ដាហ៍​នេះ​ទៅ​។

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ពេលនេះ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​ឆ្លងកាត់​កម្ពុជា​ដោយ​ភ្ជាប់​នឹង​វិសម្ពាធ​ទាប​លើ​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថានភាព​បែប​​នេះ​នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ផ្នែក​មួយចំនួន​នៃ​បណ្ដា​រាជធានី-ខេត្ត​នៅ​ភាគខាងត្បូង និង​ខាងកើត​ជាប់​ព្រំដែន​វៀតណាម និង​ខេត្ត​ជាប់មាត់​សមុទ្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃ​ទី​ ៧ ដល់​ថ្ងៃទី​ ៩ ខែ តុលា ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​នៅ​តាម​តំបន់​ដែល​ស្ថិតនៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់ភ្នំ និង​តំបន់​ជួរ​ភ្នំក្រវាញ​នឹង​មាន​បញ្ហា​ប្រឈម​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង ​រលក​សមុទ្រ និង​ខ្យល់​បោកបក់​ខ្លាំង​»៕