កោះ​កុងៈ អភិ​បាល​​ខេត្ដ​កោះ​កុង លោក​ស្រី មិថុនា ភូថង បាន​អះ​អាង​ថា​មាន​ពល​រដ្ឋ​​ជាង​ ១​ ០០០​ គ្រួសារ​ ដែល​វិវាទ​ដីធ្លី​ត្រូវ​បាន​អាជ្ញាធ​រដោះ​ស្រាយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ ​មក​ ខណៈ​នៅមា​ន​សំណុំ​រឿង​វិវាទ​ដីធ្លី​​ ៩ ករណី​ទៀត ​កំពុង​បន្ត​ពន្លឿន​ការ​ដោះ​ស្រាយ​ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ថានឹង​បញ្ចប់​ការ​ងារ​នេះឱ្យ​រួច​រាល់​ក្នុង​ឆ្នាំ​ ២០២០នេះ​​។

​ការ​អះ​អាង​របស់​លោក​ស្រី​ មិថុនា ភូថ​ង បែប​នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​ឆ្លើយ​តប​នឹង​សំណួរ​ភ្នំពេញ​ប៉ុស្ដិ៍​នៅឯសន្និ​សីទ​សារ​ព័ត៌​មាន​ស្តី​ពី «វឌ្ឍនភាពនិង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​កោះ​កុង​»​ ដែលរៀប​​ចំដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល​នៅ​ថ្ងៃទី​ ១១​ មិថុនា​ នេះ នៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​។

លោក​ស្រី​អភិបាល​ខេត្ដ​បានថ្លែង​ថា ​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​កោះ​កុង​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨​ មកទល់​បច្ចុប្បន្ន រដ្ឋ​បាល​ខេត្ដ​បាន​ដោះ​ស្រាយជូន​ពលរដ្ឋ​បាន​ជាង​ ១ ០០០ ​គ្រួសារ​រួច​ហើយ។ ប៉ុន្តែ​នៅមា​នក​រ​ណីខ្លះ​មិ​ន​ទា​ន់​បា​ន​បញ្ច​ប់​ដែលភាគច្រើ​ន​ជា​ករណី​វិវាទដីធ្លី​ជាប់​ពាក់​ព័ន្ធ​​ទៅលើ​​ដី​អភិ​រក្ស ដី​បរិ​ស្ថាន និង​ដីគ​ម្រប​ព្រៃឈើ​ជាដើម។

លោក​ស្រី​ថ្លែង​ថា​៖ «នៅ​មាន​ចំនួន​បញ្ហា​វិវាទ​ដីធ្លី​នេះតិច​តួច​ទៀតដែល​រដ្ឋ​បាល​ខេត្ដ​បាន ​និងកំពុង​​ខិត​ខំ​បន្តការ​​ដោះ​ស្រាយ​បញ្ចប់​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ឆ្នាំ​ ២០២០​ នេះ»។

ដោយ​ឡែក​ចំពោះ​ការ​ចុះ​បញ្ជី​ក្បាល​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ លោក​ស្រី មិថុនា ភូថង​ បា​នឲ្យដឹង​ថា រដ្ឋ​បាល​ខេត្ដ​ក៏​កំពុង​ពន្លឿន​រៀប​ចំ​ឲ្យ​ឆាប់​ចប់​នៅ​ក្នុង​ឆ្នាំ​ ២០២១​ ផង​ដែរ​ តាមរយៈ​ការ​​សហ​ការ​គ្នាជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​​​។

លោក រស់ វីរ៉ាវុធ ប្រធាន​ម​ន្ទីររៀ​បចំ​ដែន​ដី​ នគរូបនីយ​កម្ម សំណ​ង់ និង​សុរិយោដី ខេត្ដ​កោះ​កុង​ បាន​បញ្ជាក់​បន្ថែម​លើ​សំណួរ​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​កោះ​កុង​មាន ២ ​ប្រភេទ គឺ​វិវាទ​ដែល​ពល​រដ្ឋ​ដាក់​បណ្ដឹងមក​​តាម​រយៈ​​មន្ទីរពាក់ព័ន្ធ និង​វិវាទ​ដែល​ពល​រដ្ឋ​ប្ដឹង​ផ្ទាល់​នៅ​រដ្ឋ​បាលសាលា​​ខេត្ដកោះ​កុង​តែ​ម្ដង​​​។

លោក​ថ្លែង​ថា​៖ «​ដូច​ដែល​លោក​ជំទាវ​អភិ​បាល​ខេត្ដ​បាន​មាន​ប្រសា​សន៍​មុន​នេះ​ គឺ​យើង​បាន​ដោះ​ស្រាយ​មួយ​ចំនួន​ធំ​​នាពេល​កន្លង​មក​នៅ​សេស​សល់​មួយ​ចំនួន​តូច​ដែល​យើង​ត្រូវ​បន្ត​ដោះ​ស្រាយ​។ បច្ចុប្ប​ន្ន​ក្នុង​ខេត្ដមាន​បញ្ហា​វិវាទ​ចំនួន​ ១២ ក្នុង​នោះ​យើង​បាន​ដោះ​ស្រាយ​រួច​រាល់​ខ្លះ​ហើយ​នៅ​សល់​តែ​ ៩ ទៀត​ប៉ុណ្ណោះ​ ដែល​ត្រូវ​ប​ន្ត​ដោះ​ស្រាយ​»។

ក៏ប៉ុន្តែ លោក​ វីរ៉ាវុធ បញ្ជាក់ថា ​ការ​ចុះ​បញ្ជី​ក្បាល​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ខេត្ដ​កោះ​កុងអាច​ធ្វើ​បាន​តែត្រឹម​​ពាក់​កណ្ដាល​ឆ្នាំ​ប៉ុណ្ណោះ​ តែពេ​ល​ចូល​ដល់​រដូវ​វស្សា​មិនអាច​បន្ត​ធ្វើ​​បាន​ទេ ដោយសារមាន​ភ្លៀង​ជា​ប្រចាំ​ធ្វើ​ឲ្យ​ប៉ពាល់​ដល់​ទី​តាំង​​ភូមិ​សាស្រ្ដ​ស្រប​ពេលដែ​ល​​ចំនួន​មន្រ្ដី​បច្ចេក​ទេស​លើការ​​ងារ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​​​។

ទោះ​ជាយ៉ា​ងណា​ ​លោ​ក វីរ៉ាវុធ ​បាន​អំពាវ​នាវ​​ដល់​ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​ខេត្ដ​កោះ​កុង​ឲ្យចូ​លរួ​មចុះ​បញ្ជី​ក្បាល​ដី​ឱ្យ​បាន​គ្រប់​ៗគ្នា​ដើម្បី​ពន្លឿន​ការ​ងារ​ឲ្យ​ឆាប់​ច​ប់។

លោក សុខ សុទ្ធី អភិ​បាលរ​ងនិ​ង​ជាអ្នក​នាំពាក្យ​រដ្ឋ​បាល​សាលា​ខេត្ដ​កោះកុង​បាន​​បន្ថែម​ដែរ​ថា ករណី​វិវាទ​ដីធ្លី​ធំៗក្នុង​ខេត្ដ​ កោះ​កុង​មាន ​៣​ ក្នុង​នោះ​មាន​វិវាទ​រវាង​ពលរដ្ឋ​ក្នុង​ស្រុក​ស្រែ​អំបិល​ជាមួ​យ​ក្រុម​ហ៊ុន​ស្កអំពៅ​តែក​រណីនេះ​ដោះស្រា​យ​ជិត​ចប់​ ១០០​ ភាគ​រយហើ​យ ពោល​គឺនៅ​សេស​សល់​ ១ គ្រួសារ​ប៉ុណ្ណោះដែល​មិន​ព្រម​ទទួល​យក​បណ្ណ​កម្ម​សិទ្ធិ​។

ទី២​ គឺ​បញ្ហា​វិវាទ​ដីធ្លី​រវាង​ពល​រដ្ឋ​ជា​មួយ​ក្រុម​ហ៊ុន​អភិវ​ឌ្ឍន៍​ UnionDevelopment Group (UDG) នៅ​​ឃុំ​ព្រែក​ខ្សាច់​ស្រុក​គិរី​សា​គរ តែ​ដោះ​ស្រាយ​បាន​​ជាង​ ៨០​ ភាគ​រ​យហើយ​ ខណៈ​​ពល​រដ្ឋ​ជាង​ ១០ ភា​គរ​យ​ ចង់​រស់នៅ​ក្នុង​ទីតាំង​វិនិយោ​គ ប៉ុន្ដែ​ក្រុម​ហ៊ុន​ចង់​​រក​ទីតាំង​ថ្មី​ជូន។ ចំណែក​​វិវាទ​ដីធ្លី​មួយ​ទៀត​គឺករណី​​កន្លងមក​មាន​ពល​រដ្ឋ​រស់​​ក្នុង​ខេត្ដ​ដែល​ទទួល​បាន​គោល​នយោ​បាយ​បែង​ចែក​ដី​​រួច​ហើយប៉ុន្ដែ​ពួកគាត់​នៅ​ចង់​បាន​សំណង​គោ​លនយោ​បាយ​(ចង់​បាន​ដី​)បន្ថែម​ពីរាជ​រដ្ឋា​ភិបាល​។

លោក សុទ្ធី បាន​បញ្ជាក់​ថា​៖ «សរុប​មកវិញ​យន្តការ​ធំៗ​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​កោះ​កុង​សឹង​តែ​បញ្ចប់​អស់​ទៅហើយ​នៅ​មាន​មួយ​ចំនួនយើង​កំពុង​សិក្សា​គោល​នយោ​បាយ​បន្ថែម​ជូន​ពលរដ្ឋ​ក្នុង​ការ​ដោះ​ស្រាយ​។ពេល​នេះ យើង​បាន​សុំ​គោល​នយោបាយ​ទៅ​ថ្នាក់​ជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​កោះកុង​នេះឱ្យ​បាន​ចប់​នៅ​ក្នុង​ឆ្នាំ​ ២០២០ ឬ​យ៉ាង​យូរ​នៅ​ពាក់ក​ណ្ដាល​ឆ្នាំ​ ២០២១ ខាង​មុខ​»៕