ភ្នំពេញៈ រដ្ឋបាលខេត្ត​ក្រចេះ​អះអាង​កាលពី​ម្សិលមិញ​ថា​បញ្ហា​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​មាន​ការស្ងប់ស្ងាត់ និង​មាន​ភាពប្រសើរ ដោយសារ​តែ​ខេត្ត​បាន​អនុវត្ដ​បទបញ្ជា​លេខ​ ០១ ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ប្រទានកម្ម​ដីធ្លី និង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​បាន​ទាន់ពេល​ ខណៈ​គិត​ចាប់ពី​ឆ្នាំមុន​មក​ទល់​ពាក់កណ្ដាល​ឆ្នាំនេះ ខេត្ដ​បាន​ទទួល​សំណុំរឿង​វិវាទ​ដីធ្លី​ ១៤៨ ​ករណី តែ​ដោះស្រាយ​បាន​ ៨៣ ​ករណី​ហើយ​។

លោក វ៉ា ថន អភិបាលខេត្ដ​ក្រចេះ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​ក្រចេះ​» ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​កាលពី​ម្សិលមិញ​ថា វិស័យ​ដីធ្លី និង​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំង​។

ដោយឡែក​ចំពោះ​ខេត្ដ​ក្រចេះ​ទីផ្សារ​ដីធ្លី និង​ការសាងសង់​រីកដុះដាល​គ្រប់​ទីកន្លែង​ផងដែរ​។

លោក​បាន​បន្តថា ការងារ​រដ្ឋបាល​ដីធ្លី រដ្ឋបាល​ខេត្ដ​បាន​សហការ​ជាមួយ​មន្ដ្រី​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដោយ​​បាន​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅក្នុង​ ៤ ​ក្រុង​/​ស្រុក (​ក្រុង​ក្រចេះ ស្រុក​ចិត្របុរី ស្រុក​ព្រែកប្រសព្វ និង​ស្រុក​ឆ្លូង​) ​បាន​ចំនួន​ ១៥ ៩៨៨ បណ្ណ ក្នុង​នោះ​បណ្ណ​សម្បទាន​ដី​សង្គមកិច្ច​ចំនួន ២ ៤៩១ ​បណ្ណ​។ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​បាន ២ ​សហគមន៍​ស្ថិត​នៅ​ភូមិ​ស្រែឈូក ឃុំ​រលួសមានជ័យ និង​ភូមិ​ត្នោត ឃុំ​ស្រែជិះ ស្រុក​សំបូរ​។

លោក​បាន​បន្តថា ចំពោះ​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​បាន​ទទួល​ពាក្យបណ្ដឹង​សរុប​ ១៤៨ ​ករណី​ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន​ ៨៣ ​ករណី​ និង​កំពុង​ដោះស្រាយ​មួយចំនួន​។

ក៏ប៉ុន្តែ​ក្នុងនោះ​មាន​ពលរដ្ឋ​សុំ​ដក​ពាក្យបណ្ដឹង​ទៅវិញ​ចំនួន​ ៨ ​ករណី និង​បាន​រក្សាទុក​ដោះស្រាយ​​តាម​ផ្លូវ​តុលាការ​ចំនួន​ ៩ ​ករណី បន្ទាប់ពី​ស៊ើបអង្កេត​ទៅ​ខុស​នឹង​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ដ​។

លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ដ​ក្រចេះ​ថ្លែង​ក្នុង​សន្និសីទ​នេះដែរ​ថា ចាប់ពី​ឆ្នាំ​ ២០១៩ រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំនេះ រដ្ឋបាល​ខេត្ដ​បាន​បែងចែក​ដីសម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​បាន​ចំនួន ៣ ០៣៤ ​គ្រួសារ និង​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ដល់​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ​​ចូលនិវត្ដន៍​បាន​ ៣៦២ ​គ្រួសារ​។

លោក​ថ្លែងថា​៖ «​ការងារ​បែងចែក​ដី​នេះ​គឺ​ធ្វើ​ទៅតាម​បទបញ្ជា​លេខ​ ០១ របស់​រាជរដ្ឋាភិបាល​នេះ​បាន​ធ្វើឱ្យ​បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ដ​ក្រចេះ មាន​ភាពប្រសើរ​ឡើង​មាន​ភាពស្ងប់ស្ងាត់​ល្អ​រហូត​ដល់​បច្ចុប្បន្ននេះ​»​។ លោក​បន្តថា ការងារ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ធ្វើឱ្យ​ចំ​មុខសញ្ញា បែងចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ការខ្វះខាត​ដី គ្មាន​ដី​សម្រាប់​សង់​លំនៅឋាន និង​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ពិតប្រាកដ​មែន​។

បើ​តាម​លោក កៅ ម៉ាឌីឡែន ខេត្ដ​ក្រចេះ​បាន​ចាប់ផ្ដើម​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​តាំងពី​ឆ្នាំ​ ២០១០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​សរុប​បាន​ ១២ ០០០ ​គ្រួសារ​។ ចំពោះ​ដី​ប្រទានកម្ម (​ដី​ដែល​រាជរដ្ឋាភិបាល​បាន​ឃើញ​ពលរដ្ឋ​ប្រើប្រាស់​ដី​ជាក់ស្ដែង ហើយ​អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យឃើញ​ការប្រើប្រាស់​ដី​នោះ​មែន​ក៏​បាន​អនុវត្ដ​តាម​បទបញ្ជា​លេខ​ ០១ ​របស់​រាជរដ្ឋាភិបាល វាស់វែង និង​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​តែម្ដង​។

លោក​បាន​បន្ថែម​ថា ចំពោះ​ការធ្វើ​ប្រទានកម្ម​ដី​ដល់​ពលរដ្ឋ​គិត​ចាប់ពី​ឆ្នាំ​ ២០១២ មក រដ្ឋបាល​ខេត្ដ​បាន​បែងចែក​ជូន​ដល់​ពលរដ្ឋ​បាន​ចំនួន ២៨ ០០០ ​គ្រួសារ ​ស្មើនឹង ២៨ ០០០ ​ក្បាលដី​។ ប៉ុន្តែ​បើ​គិត​ជា​ក្បាលដី​ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​គឺ​ស្មើនឹង​ជិត​ ១៣ ​ម៉ឺន​ហិកតា​៕