
ផ្ទះប្រជាពលរដ្ឋតម្រូវអោយរុះរើចេញ ដោយសារប៉ះពាល់ដល់ចំណីមាត់ស្ទឹងសង្កែ។ រូបថត FN
បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបងណែនាំពលរដ្ឋប្រមាណ ២៣ គ្រួសារ ដែលកំពុងរស់នៅលើសំណង់បណ្តោះអាសន្ននៃចំណីមាត់ស្ទឹងសង្កែឲ្យរុះរើចេញ ដើម្បីអភិវឌ្ឍទីនោះឲ្យមានសោភណភាពដោយផ្អែកលើការស្ម័គ្រចិត្ត និងមិនបានបង្ខំពលរដ្ឋដូចការលើកឡើងរបស់អ្នកញុះញង់មួយចំនួននោះទេ។
លោក សឿម ប៊ុនរិទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ១៤ មករាថា ពលរដ្ឋភាគច្រើនបានយល់ព្រមរុះរើចេញពីទីនោះ ប៉ុន្តែមានពលរដ្ឋខ្លះមិនទាន់យល់ ព្រោះមានអ្នកទៅឃោសនាញុះញង់ក្នុងចេតនារារាំងមិនឲ្យខេត្តអភិវឌ្ឍទៅបាន។
លោក សឿម ប៊ុនរិទ្ធី ថ្លែងថា៖ «គាត់ឃោសនាទៅបំប៉ោងអីចេះ បំប៉ោងអីចុះទៅ ប៉ុន្តែគាត់អត់បានយល់ច្បាស់អំពីការងារហ្នឹង ហើយគាត់ចេះតែទាមទារអីតាមអំពើចិត្ត។ កាពិតគាត់រស់នៅលើដីចំណីស្ទឹងវាខុសច្បាប់មួយហើយ គាត់ទាមទារមើលតែរបស់ហ្នឹងជាកម្មសិទ្ធិរបស់គាត់»។
បើតាមលោក សឿម ប៊ុនរិទ្ធី ពាក់ព័ន្ធករណីនេះ គឺមានការជួបពិភាក្សាគ្នាត្រឹមត្រូវ ពោលគឺអាជ្ញាធរហៅអញ្ជើញគ្រួសារ ពលរដ្ឋទាំងនោះមកជួបជុំគ្នាដើម្បីពន្យល់ណែនាំ ដោយដោះដូរជូនពលរដ្ឋឱ្យទៅនៅលើគម្រោងដីសង្គមកិច្ចត្រឹមត្រូវ។
លោក ប៊ុនរិទ្ធី ថ្លែងថា៖ «ទំហំដីដែលយើងរៀបចំហ្នឹង នៅសង្កាត់ព្រែកព្រះស្តេច ម្តុំសួនច្បារក្រោយផ្សារ ១៣ មករា គឺទំហំ ៤ ម៉ែត្រកន្លះ គុណ ៨ ម៉ែត្រ...ទីនោះមានទឹកភ្លើងផ្លូវត្រឹមត្រូវ មានផ្តល់លំនៅឋាន ហើយជាក់ស្តែងទីតាំងនៅចំកណ្តាលក្រុងទៀតផង»។
បើតាមលោក ប៊ុនរិទ្ធី ជួនកាលពលរដ្ឋខ្លះជឿតាមការញុះញង់របស់ជនមួយចំនួនបង្កជាឧបសគ្គដល់ការអភិវឌ្ឍរបស់ខេត្ត ហេតុនេះអាជ្ញាធរខេត្តមិនអាចទទួលយកបានទេ ព្រោះការធ្វើកិច្ចអភិវឌ្ឍន៍នេះមិនធ្វើដើម្បីអ្នកណាម្នាក់ឡើយគឺដើម្បីតែប្រយោជន៍សាធារណៈប៉ុណ្ណោះ។
លោក ផេងសិទ្ធី អភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា ពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយលើមាត់ស្ទឹងសង្កែមានទាំងអស់ ២៣ គ្រួសារ ក្នុងនោះមានពលរដ្ឋមិនព្រមទទួលយកតាមការរៀបចំរបស់អាជ្ញាធរខេត្តហើយថែមទាំងដើរបបួលអ្នកផ្សេងកុំឲ្យរុះរើចេញទៀតផង។
លោកថា «ខ្ញុំនឹងធ្វើការងារហ្នឹងបន្តទៀតដោយសារតែមានម្នាក់ហ្នឹងដូចគាត់មិនព្រម គាត់ចេះតែដើបបួលគេឲ្យមានចលនា អីចឹងគាត់នៅលើដីហ្នឹងគឺខុសច្បាប់ទេ ហើយដីហ្នឹងជាប្រភេទដីមាត់ស្ទឹង ទឹកលិច អាចមានប្រឈមគ្រោះថ្នាក់ទៀតផង ពេលទឹកឡើង» ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកប្រភពពីពលរដ្ឋដែលមិនយល់ព្រមទាំងបានទេនៅថ្ងៃទី ១៤ មករានេះ ប៉ុន្តែបើតាមសារព័ត៌មាន freshnews ដែលបានស្រង់សម្ដីអ្នកស្រី ប៉ែន សុគន្ធា តំណាងពលរដ្ឋនៅទីនោះបានឲ្យដឹងថា អាជ្ញាធខេត្ត បាន ឱ្យពួកគាត់រុះរើផ្ទះសម្បែងឱ្យបានមុនឆ្នាំ ២០២១។
អ្នកស្រីបានសម្តែងការមិនពេញចិត្តចំពោះដំណោះស្រាយរបស់អាជ្ញាធរ ដោយសំអាងថា ផ្ទះដែលអាជ្ញាធរដោះដូរនោះ តូចជាងផ្ទះរបស់អ្នកស្រីបច្ចុប្បន្ន នៅមិនគ្រប់គ្នាសម្រាប់គ្រួសារអ្នកស្រីដែលមានសមាជិកច្រើន។
អ្នកស្រី ប៉ែន សុគន្ធា ថ្លែងថា៖ «ការគំរាមឱ្យរុះរើ និងផ្តល់សំណងដីដែលមានទំហំតូច និងយ៉ាងតត់ក្រហល់ដូចនេះ ពួកនាងខ្ញុំមិនអាចទទួលយកបានទេ ព្រោះថាសមាជិកគ្រួសារនីមួយៗច្រើន។ ការដោះដូរបែបនេះ វាហាក់ដូចជាការចាប់បង្ខំ គ្មានការដោះស្រាយសមស្របដូចខេត្តផ្សេងៗទៀត»។
យ៉ាងណាក្ដី លោក សឿម ប៊ុនរិទ្ធី បានថា មិនទាន់មានការកំណត់ពេលវេលាជាក់លាក់ណាមួយឲ្យពលរដ្ឋត្រូវតែចេញនោះទេ។ ពេលនេះគឺមានតែការចុះណែនាំឲ្យពលរដ្ឋយល់ដឹងពីបំណងអភិវឌ្ឍនិងឲ្យពលរដ្ឋព្រមរុះរើចេញដោយស្ម័គ្រចិត្តប៉ុណ្ណោះ។
លោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាហុកខេត្តបាត់ដំបងបានឲ្យដឹងថា មកដល់ថ្ងៃទី ១៤ ខែមករា នេះលោកមិនទាន់មានទទួលបានពាក្យបណ្តឹងណាមួយពីពលរដ្ឋជុំវិញបញ្ហានេះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនបានទទួលបណ្តឹង ឬក៏ទទួលព័ត៌មានអីច្បាស់លាស់ទេ គ្រាន់តែលឺលឺ តែវាអត់ច្បាស់លាស់ ពាក់ព័ន្ធបញ្ហាអស់ទាំងហ្នឹងបាទ។ គ្រាន់តែលឺថា មានការបណ្តេញនៅត្រើយខាងកើតរៀបចំអភិវឌ្ឍ ហើយអត់ដឹងពីប្រវត្តនៃការរស់នៅ ស្ថានភាពដីធ្លីអីហ្នឹងវាយ៉ាងមិច ព្រោះគាត់អត់មករកយើងផង» ៕