ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ និង​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ​ ៨៥ ​ភាគរយ ​គ្រោង​ប្ដឹង​ព្រះអង្គម្ចាស់​​នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ករណី​បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ទីស្នាក់ការ​គណបក្ស​នេះ​នៅ​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​ ៤ ​រូប​ ទើបត្រូវ​បាន​ដក​ចេញពី​គណបក្ស​នេះ​។

លោក ណុប សុធារិទ្ធិ អតីត​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ទើបត្រូវ​បាន​បញ្ចប់​ពី​សមាជិកភាព​ក្នុង​បក្ស​ជាមួយ​មន្ត្រី​ ៣ ​នាក់​ទៀត​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅមុខ​ស្នាក់ការ​ធំ​របស់​​បក្ស​កាលពី​ម្សិលមិញ​ថា ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុឌ្ឍ បាន​បញ្ជា​សមត្ថកិច្ច​ប្រមាណ​ជាង​​ ៣០ ​នាក់ ​ឲ្យ​ហ៊ុមព័ទ្ធ​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​សង្កាត់​ជ្រោយចង្វារ និង​បាន​យក​សេចក្ដី​ប្រកាស​បិទ​ទីស្នាក់ការ​មក​ចែកជូន​សមាជិក​គ្រប់ៗ​គ្នា ប៉ុន្ដែ​លោក​មិនដឹង​ពី​ចេតនា​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុឌ្ឍ នោះ​ទេ​។

លោក​បន្ត​ថា សមាជិក​បក្ស​ប្រមាណ​ ៨៥ ​ភាគរយ​ នឹង​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់​ដោយ​ប្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ពីព្រោះ​គណបក្ស​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ជូន​គឺ​ត្រូវ​ឆ្លងកាត់​ការចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​អាណាព្យាបាល​។ ដូច្នេះ​ពួកលោក​ជំទាស់​ចំពោះ​ការបិទ​ទីស្នាក់ការ​នេះ ហើយ​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​រក​មូលហេតុ និង​ជួយ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​យើងខ្ញុំ​នឹង​រៀបចំ​ពាក្យបណ្ដឹង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ពួក​ខ្ញុំ​រំពឹង​លទ្ធផល​ជា​វិជ្ជមាន ព្រោះ​ពួក​ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ពួក​ខ្ញុំ​មក​ប្រជុំ​នេះ មិនមែន​មក​តវ៉ា​រឿង​បង្រួបបង្រួម​គ្នា​ជាមួយ​លោក ញឹក ប៊ុនឆៃ ទេ គឺ​ប្រជុំ​រឿង​ប្រចាំឆមាស ប៉ុន្ដែ​ព្រះអង្គម្ចាស់​បែរ​ជា​ធ្វើឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ការប្រជុំ​ការងារ​បក្ស​នេះ ខ្ញុំ​យល់ថា ប្រហែល​ជា​ព្រះអង្គ​មាន​ព្រះទ័យ​បារម្ភ​រឿង​អ្វីមួយ តែ​ខ្ញុំ​មិនទាន់​ដឹង​យ៉ាងណាទេ​»​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការបិទ​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅឡើយ​។

ប៉ុន្តែ​តាម​លិខិត​សេចក្ដី​ជូនដំណឹង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ចុះហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​៖ «​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​សូម​ជម្រាបជូន​សមាជិក សមាជិកា គណបក្ស​ទាំងអស់ និង​សាធារណជន​មេត្តា​ជ្រាប​ថា ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ៥៩ ផ្លូវលំ​ក្រុម​ទី​ ១ ភូមិ​ ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ត្រូវបាន​ផ្អាក​សកម្មភាព​ការងារ និង​បិទទ្វារ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​»​។ ប៉ុន្ដែ​លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ​។

លោក ហួន ហ៊ួត សមាជិក​ក្រុម​ការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​កណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​មក​ចូលប្រជុំ​ប្រចាំឆមាស ប៉ុន្ដែ​ពេល​មកដល់​ទីស្នាក់ការ​បក្ស​ត្រូវ​បាន​មិន​ឲ្យ​ចូល​ដោយ​មិនដឹង​មូលហេតុ​ដែល​ធ្វើ​លោក​ខកចិត្ត​ជាខ្លាំង​។

លោក​បន្តថា លោក​ធ្លាប់​បានឮ​ពាក្យ​ចចាមអារ៉ាម​ពី​ការបង្រួបបង្រួម​ជាមួយ​គណបក្ស​លោក ញឹក ប៊ុនឆៃ ដែរ ប៉ុន្ដែ​លោក​មិន​ទាន់​មានមតិ​យោបល់​ពី​រឿងនេះ​ទេ តែ​លោក​ថា​នឹង​គាំទ្រ​មតិ​ភាគច្រើន​។

យ៉ាងណាក្ដី​លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​បង្រួបបង្រួម​គ្នា​នេះ​ខ្ញុំ​មាន​​ការបារម្ភ ព្រោះ​ការច្របាច់​បញ្ចូល​គ្នា​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​មិនបាន​ផលចំណេញ​ ឬ​ធ្វើឲ្យ​បក្ស​រីកចម្រើន​ទេ តែ​វា​ថែម​ទាំង​ធ្វើ​បក្ស​កាន់តែ​ជិត​រលាយ​ទៅវិញ​ធ្វើឲ្យ​បែកបាក់​ផ្ទៃក្នុង​។ ម្យ៉ាងទៀត​យើង​មិនគួរ​បង្រួបបង្រួម​ជាមួយ​អ្នក​ដែល​ធ្លាប់ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ស្ទើរ​រលាយ​កន្លងមក​នេះ​ទេ​»​។

បើតាម​លោក ណុប សុធារិទ្ធិ នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា គឺជា​ថ្ងៃ​ដែល​សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មកជួប​ប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៍​ស្ដីពី​ការវិវឌ្ឍ​នយោបាយ​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស​បន្ថែម និង​ការផ្លាស់ប្ដូរ​មតិយោបល់​ជុំវិញ​បញ្ហា​នានា​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​ប្រឈម​ដើម្បី​ដោះស្រាយ​ទាំងអស់​គ្នា​។

លោក ណុប សុធារិទិ្ធ បានបញ្ជាក់​ពី​ម្សិលមិញ​ថា​៖ «​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ ២៤ នេះ​» ។

យ៉ាងណា​ក៏ដោយ លោក ណុប សុធារិទិ្ធ ដែលជា​អគ្គលេខាធិការរង​ផង​នោះ រួមទាំង​មន្ត្រី​ ៣ ​នាក់​ទៀត​រួមមាន លោក ពេជ្រ សូជេថ្ថា អគ្គលេខាធិការ​, លោក រស់ សាផន អគ្គលេខាធិការរង និង​លោកស្រី កង បូរាណ នាយខុទ្ទកាល័យ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ សុទ្ធតែ​ត្រូវបាន​​បញ្ចប់​សមាជិកភាព​ពី​បក្ស​នេះ​ទាំងអស់​។

នេះ​បើតាម​សេចក្ដី​សម្រេច​ដែល​ចុះ​​ហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចុះ​ថ្ងៃ​ ១៦ វិច្ឆិកា ឆ្នាំនេះ​៕