ភ្នំពេញៈ លោកស្រី Federica Mogherini មន្ត្រី​គណៈកម្មការ​សហភាព​អឺរ៉ុប (EC) ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​បាន​លើក​ឡើង​ជា​ដដែលៗ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន CNRP និង​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កែប្រែ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ ប៉ុន្តែ​មន្ត្រី​កម្ពុជា​ថា​វា​មិន​អាច​ទេ​ខណៈ​ប្រជាធិប​តេយ្យ និង​នីតិរដ្ឋ​កំពុង​ដំណើរការ​ទៅ​មុខ។ នេះ​បើ​តាម​ការ​ឆ្លើយ​របស់​លោក​ស្រី​ពីថ្ងៃ​ទី ៣ ខែ​កក្កដា ទៅ​នឹង​សំណួរ​របស់​សភា​អឺរ៉ុប​ដែល​ត្រូវ​បាន​ឃើញ​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ។

ការសន្និដ្ឋាន​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​អាច​នឹង​ពិចារណា «វិធានការ​គោល​ដៅ​ជាក់​លាក់» ប្រសិន​បើ​ស្ថានភាព​នយោបាយ​មិន​មាន​លក្ខណៈ​ប្រសើរ​ឡើង។

លោកស្រី Mogherini បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ថា៖ «ក្រុមប្រឹក្សា​ក៏បាន​ចែង​ផងដែរ​ថា ដោយ​មើល​ឃើញ​ស្ថានភាព​នា​ពេល​ថ្មីៗ ក្រុម​ប្រឹក្សា​អាច​នឹង​ពិចារណា​វិធានការ​គោល​ដៅ​ជាក់​លាក់ ប្រសិន​បើ​ស្ថានភាព​មិន​មាន​លក្ខណៈ​ប្រសើរ​ឡើង។ ពេលវេលា​សម្រាប់​ការ​អនុម័ត​វិធានការ​គោលដៅ​ណាមួយ​នឹង​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ពិភាក្សា​នៅ​ក្នុង​ក្រុម​ប្រឹក្សា»។

លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ដោយ​ចោទ​ពីបទ​ក្បត់ជាតិ​ដោយ​ផ្អែកលើ​សុន្ទរកថា​ដែល លោក​បាន​ថ្លែង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​នោះ​លោក​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា លោក​បាន​ទទួល​ជំនួយ​ពី​អាមេរិក​នៅ​ក្នុង​ការ​ធ្វើ​ផែនការ​អាជីព​នយោបាយ​របស់​លោក។ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​វីដេអូ​នេះ​ជា​ភ័ស្តុតាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​បង្កើត​បដិវត្តន៍​ពណ៌​ដែល​គាំទ្រ​ដោយ​បរទេស។

លោកស្រី Mogherini បានថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​លោកស្រី​ថា មាន​សវនាការ​តុលាការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា និង​សមាជិក​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប និង​តំណាង​មន្ត្រី​ទូត​ដទៃៗ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​តុលា​សម្រាប់​សវនាការ​ទាំង​នោះ។

លោកស្រី​បាន​បន្តថា៖ «ការបន្ត​ឃុំខ្លួន​លោក កឹម សុខា ត្រូវបាន​លើកឡើង​ជាដដែលៗ​ដោយ​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប ការិយាល័យ​កិច្ចការ​បរទេស​របស់​អឺរ៉ុប និង​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ»។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា។ ក្រុមប្រឹក្សា​បាន​កត់សម្គាល់​ថា កម្ពុជាត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទីផ្សារ​អឺរ៉ុប​ក្រោម​គម្រោង «នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ»។

នៅក្នុង​បរិបទ ក្រុមប្រឹក្សា​រំឭកថា ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន រួមទាំង​សិទ្ធិ​ការងារ ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផងដែរ​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​និង​ជា​ចំណុច​សំខាន់​សម្រាប់​ការ​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប។

លោក ជិន ម៉ា​លីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បន្ថែមថា៖ «ទោះបី​មានការ​សម្រេច បែបណា​ក៏ដោយ​គឺជា​ការ​សម្រេច​ដែល​មាន​ផល​នយោបាយ។​ដាក់​ទណ្ឌកម្ម​កម្ពុជា​ក្រោម​រូបភាព​ណា​ក៏ដោយ​ឬ​យន្តការ​ណាមួយ​របស់​អឺរុប​ក៏ដោយ យើង​គិត​ថា​ជា​ការ​សម្រេច​មួយ​ដែល​មាន​ភាព​អយុតិ្តធម៌​និង​មាន​លក្ខណៈ​នយោបាយ​ដោយសារ​វា​មិន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​កម្ពុជា»។

លោក​បាន​បន្ថែមថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាព​ច្បាស់​លាស់​ហើយ​យក​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​ដោយសារ​រាជរដ្ឋាភិបាល​ចង់​រក្សា​ស្ថិរភាព​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សង្គម​ជាពិសេស​គឺ​ថែរក្សា​សន្តិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ហើយ​កម្ពុជា​ឈរ​លើ​គោល​ការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​ហើយ​ថា រដ្ឋាភិបាលនឹង​បន្ត​ធ្វើការ​ជាមួយ EU និង​នៅ​តែ​ពន្យល់​បកស្រាយ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ប៉ុណ្ណឹង​គឺ​មិន​មែន​ជា​ការ​គាប​សង្កត់​គណបក្ស​ប្រឆាំង និង​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នោះ​ទេ​តែ​វា​ជា យន្តការ​អនុវត្ត​ច្បាប់។

លោក​បាន​បន្តថា៖ «យើង​មាន​ការបារម្ភ​ប្រសិនបើ​មានការ​ដាក់ទណ្ឌកម្ម​ដោយសារ​វា​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ កម្មករ នយោជិត និង​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ»។

លោក​បានបញ្ជាក់​បន្ថែម​ថា​ការដែល​សុំ​ជួប​លោក​កឹម សុខា​នេះ​គឺ​វា​ខុស​នីតិវិធី​ច្បាប់ ទាំងស្រុង​តែ​ម្តង​ដោយ​សារ​ច្បាប់​អនុញ្ញាត​ឲ្យ​តែ​មេធាវី​និង​សាច់​ញាតិ​និង​មិន​អនុញ្ញាត​ឲ្យ​ពី​ណា​ជួប​បានទេ​ដោយសារ​វា​ស្ថិត​នៅ​ក្នុងដំណាក់កាល​នីតិវិធី និង​ថា «ការ​ដាក់​សម្ពាធ​នេះ​គឺជា​ការ​រំលោភ​ទៅ​លើ​អំណាច​តុលាការ​និង​ច្បាប់​កម្ពុជា»។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​ដែរ​ថា៖ «ចំពោះ​កម្ពុជា​មិន​ធ្វើ​តាម​បង្គាប់​នរណា​នោះ​ឡើយ​ទោះបី​ជា​ប្រទេស​នោះ​ជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​គ្នា​ក៏ដោយ​ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យ​និង​ឯករាជ្យ​ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ខ្លួន ដូច្នេះ​រាល់​គំនាប​គឺ​គិត​របស់​ដៃគូ​យើង។​យើង​មិន​អាច​កាត់​ក្បាល​ខ្លួន​យើង​តម្រូវ​មួក​នោះ​ទេ»។

ដោយឡែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណ​កប្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា៖ «ដំណើរការ វា​ទៅ​មុខ​រួច​ហើយ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ វា​ទាមទារ​នូវ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​លើ្មស​ច្បាប់ ដូច្នេះ​ការ​អនុវត្ត​នីតិរដ្ឋ​គឺជា​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​រាល់​ការ​ទាមទារ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​អំពី​នីតិរដ្ឋ​នៅ​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ កុំ​សង្ឃឹម​ថា និង​ត្រឡប់​ក្រោយ បែរ (ការ​រស់​រាន​ឡើង​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ) ទោះបី​ក្នុង​ស្ថានភាព​ណា​ក៏ដោយ»។

អ្នកសិក្សា​ពី​បញ្ហា​សង្គម​លោក មាស នី បាន​ថ្លែងថា៖ «អ្វីដែល​កើតមានឡើង​មក​ដល់​ពេល​នេះ​គឺជា​ការ​ដណ្តើម​អំណាចរ​វាង​អ្នកនយោបាយ ដូច្នេះ​គណបក្ស​ប្រជាជន​បាន​សម្រេច​បន្ត​ដំណើរ​ទៅមុខ ទោះបី​ជា​មាន​សម្ពាធ​ពី​អន្តរជាតិ​ក៏ដោយ។​ទន្ទឹម​នេះ​សហគមន៍​អន្តរជាតិ​ក៏​គេ​មាន វិធីសាស្ត្រ​របស់គេ​ដើម្បី​តបត​វិញ​ជាមួយ​រដ្ឋាភិបាល​ដែរ»។

លោក​បន្ថែមថា៖ «រាជ​រដ្ឋា​ភិបាល​គ្មាន​ជម្រើស​មានតែ​រុញ​ទៅមុខ​ដោយ​មិន​ដោះ​លែង​លោក កឹម សុខា និង​ធ្វើ​ឲ្យ​រស់​រាន​គណបក្ស​ប្រឆាំង ទោះបី​ជា​សម្ពាធ​អន្តរជាតិ​ក៏ដោយ»៕