កោះកុងៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា កំពុង​ចុះ​ស៊ើបអង្កេត​ករណី​បុគ្គល​ឈ្មោះ ហួរ ហាប់ ដែល​បាន​បំពាន​ចាក់ដី និង​ព័ទ្ធរបង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ជិត​ ២ ​គីឡូម៉ែត្រ​ប្រមាណ​ ១០ ​ហិកតា​ត្រង់​ចំណុច​ពយជិនទុង ភូមិ​ជ្រោយស្វាយ ឃុំ​ជ្រោយស្វាយ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​។ មន្ត្រី​អះអាង​ថា របាយការណ៍​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​។

លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​បាន​ចុះ​ស៊ើបអង្កេត​ករណី​នេះ​កាលពី​ ២ ​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពិតជា​រកឃើញ​មាន​ការចាក់ដី​លុប​សមុទ្រ​ក្នុង​តំបន់​នោះ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​តាមរយៈ​ការផ្ទៀងផ្ទាត់​ឯកសារ​នៅមាន​មន្ទិលសង្ស័យ​ខ្លះៗ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក​បន្តថា​៖ «​ក្រុមការងារ​កំពុង​បន្ត​ការស៊ើបអង្កេត ដើម្បី​បិទ​បញ្ចប់​របាយការណ៍ និង​ដើម្បី​ដាក់ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ធ្វើការ​ពិនិត្យ និង​សម្រេច​»​។

លោក នី ផល្លី បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​បន្តថា​៖ «​ជាក់ស្តែង​យើង​បានឃើញ​មាន​ការចាក់​ចូល (​សមុទ្រ​) ​អ៊ីចឹង​មែន ប៉ុន្តែ​យើង​ឃើញ​មាន​សំណើ​ពី​សហគមន៍​នេសាទ និង​សហគមន៍​ការពារ​បរិស្ថាន​ដែល​នៅ​ទីតាំង​ហ្នឹង​បាន​ស្នើសុំ​ដើម្បី​ធ្វើជា​ចំណត​សម្រាប់​ចតទូក​របស់​សហគមន៍​ផង និង​ជា​កន្លែង​ទីស្នាក់ការ​ផង​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ត្រូវ​លម្អិត​បន្ថែមទៀត​ថា តើ​ការចាក់ដី​ចូល​នេះ​ក្នុង​គោលបំណង​ឯកជន ឬ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​»​។

លោក នី ផល្លី បាន​អះអាង​ថា នៅ​ចំពោះមុខ​អាជ្ញាធរ​បាន​ផ្អាក​រាល់​សកម្មភាព​បំពាន​ទាំងឡាយ​ដោយ​រង់ចាំ​ការសម្រេច​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្រោយ​បញ្ចប់​ការស៊ើបអង្កេត​នៅ​សប្តាហ៍​ក្រោយ​។

ប្រជាសហគមន៍​ការពារ​បរិស្ថាន និង​សហគមន៍​នេសាទ​រួមទាំង​បុគ្គល​ដែលមាន​ឈ្មោះថា ហួរ ហាប់ ដែល​រង​ការចោទប្រកាន់​ថា​បំពាន​ចាក់ដី​ចូល​សមុទ្រ ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ស្វែងរក​ប្រភព​ដើម្បី​ទាក់ទង​បានទេ​។

លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា​ការចាក់​លុប​សមុទ្រ​ក្នុង​តំបន់​នេះ​គឺ​បាន​កើតឡើង​រយៈពេល ៣ ​ឆ្នាំ​មកហើយ​។ លោក​ថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មាធិការ​នេះដែរ​។ សម្រាប់​យើង មាន​តែ​របាយការណ៍​ថា ពិតជា​មានការ​ចាក់​រំលោភ​ពិតមែន សម្រាប់​បុគ្គល​ក៏​យើង​រាយការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ដែរ ដែល​ទុក​ឲ្យ​សមត្ថកិច្ច​គណៈកម្មធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​លោក​ធ្វើការ​»៕

វីដេអូ៖