The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ចង់​ស្រាវជ្រាវ​សត្វ​បង្កួយ​ស្លា​បក​លឿង​ បន្ទាប់ពី​ឃើញ​ងាប់​ជាប់​នឹង​ដើមឈើ




មន្ត្រី​ចង់​ស្រាវជ្រាវ​សត្វ​បង្កួយ​ស្លា​បក​លឿង​ បន្ទាប់ពី​ឃើញ​ងាប់​ជាប់​នឹង​ដើមឈើ

Content image - Phnom Penh Post
បង្កួយ​ស្លាប​ក​លឿង​ដែល​ប្រទះឃើញ​ងាប់ ពី​ខែកុម្ភៈ​។ រូបថត ក្រសួង​បរិស្ថាន

មន្ត្រី​ចង់​ស្រាវជ្រាវ​សត្វ​បង្កួយ​ស្លា​បក​លឿង​ បន្ទាប់ពី​ឃើញ​ងាប់​ជាប់​នឹង​ដើមឈើ

ស្ទឹងត្រែងៈ ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​ពី​បំណង​ចង់​ចុះ​សិក្សា​ស្រាវជ្រាវ​​សត្វ​បង្កួយ​ស្លាប​ក​លឿង Flyinglizard (Dracomaculatus) ​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្តស្ទឹងត្រែង បន្ទាប់ពី​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ប្រទះឃើញ​សត្វ​ប្រភេទ​នេះ ១ ​ក្បាល ងាប់​ជាប់​នឹង​ដើមឈើ​។

លោក អេង ភីរុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រទះឃើញ​នេះ​លោក​ក៏បាន​បញ្ជូន​របាយកាណ៍​ទៅ​ក្រសួងបរិស្ថាន​ដើម្បី​សុំ​ការអនុញ្ញាត​ចុះ​ស្រាវជ្រាវ​បន្ថែម ប៉ុន្តែ​ការសម្រេច​មិនទាន់​ដឹង​ទេ​។

លោក អេង ភីរុង ថ្លែងថា៖ «​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង​បាន​ប្រទះឃើញ​សត្វ​បង្កួយ​ស្លាប​ក​លឿង​នេះ វា​ងាប់​រួចហើយ មន្ត្រី​ឧទ្យានុរក្ស​យើង​ក៏​មិនដែល​ប្រទះឃើញ​សត្វ​ ១ ​ប្រភេទ​នេះដែរ ទើប​តែ​ឃើញ​ ១ ​ហ្នឹង​ទេ​»​។

លោក​ ភីរុង បាន​សន្និដ្ឋានថា ក្នុង​ដែនជម្រក​សត្វព្រៃឡង់​អាច​មាន​សត្វ​ប្រភេទ​នេះ​ច្រើន ដូច្នេះ​ទើប​មន្ទីរ​គ្រោង​សហការ​ជាមួយ​នឹង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ចុះ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឱ្យដឹងថា សត្វ​ប្រភេទ​នេះ​មាន​ច្រើន​ ឬ​ក៏​មិនសូវមាន​។

ទោះជា​យ៉ាងណា​លោក អេងភីរុង មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ចុះ​ស្រាវជ្រាវ​ជ្រាវ​បាន​ទេ ព្រោះ​ទើបតែ​ដាក់ពាក្យ និង​របាយការណ៍​ជូនទៅ​ក្រសួង​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ ។

លោក​ សុខ ប្លោក សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​នៅ​ខេត្តកំពង់ធំ បានឱ្យ​ដឹងថា ក្នុង​ដែន​ជម្រក​សត្វ បង្កួយ​មាន​ស្លាប​ប្រភេទ​តូចៗ គឺ​មាន​ច្រើន ប៉ុន្តែ​បង្កួយ​មាន​ស្លាប​ក​លឿង​ដូច​ក្រសួងបរិស្ថាន​បាន​ផូស្ត​គឺ​លោក​មិន​ធ្លាប់​ឃើញ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​ធ្លាប់​ដើរ​ព្រៃឡង់​តាំងពី​មិនទាន់​ដាក់ចិត្ត​ថា​ជា​អ្នក​អភិរក្ស​ព្រៃ រហូត​ដល់​ខ្ញុំ​ដើរ​អភិរក្សព្រៃ​ព្រៃឡង់​នេះ​អស់​ជាច្រើន​ឆ្នាំ​ដែរ ប៉ុន្តែ​អត់​ដែល​ជួប​ទេ អាសត្វ​បង្កួយ​ស្លាប​ប្រភេទ​នេះ​ប្រហែល​មាន​សត្វ​បង្កួយ​ស្លាប​ច្រើន​ប្រភេទ​ហើយ »​។

យ៉ាងណាក្ដី​លោក សុខ ប្លោក ​បាន​ស្វាគមន៍ និង​គាំទ្រ​មន្ត្រី​ក្រសួងបរិស្ថាន​ក្នុង​ការចុះ​ស្រាវជ្រាវ​លើ​សត្វ​បង្កួយ​មាន​ស្លាប​ក​លឿង​នេះ ដែល​ជា​សត្វ​កម្រ​ដើម្បី​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​គង់វង្ស​បានយូរ​ទុកឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ស្គាល់​។

លោក​ នេត្រ ភក្ត្រា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មិនអាច​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅពេល​ភ្នំពេញ-ប៉ុស្ដិ៍​ទាក់ទង​តាម​តេឡេក្រាម​ពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ៣ ខែមីនា ក្រសួងបរិស្ថាន​បាន​បង្ហោះ​​លើ​ហ្វេសប៊ុក​ផ្លូវការ​ថា មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ថត​បាន​នៅ​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្មីៗ​នេះ​ក្នុង​ពេល​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​វត្តមាន​សត្វ​ទោច​។

យោងតាម​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ឱ្យ​ដឹងថា តាម​រូបភាព​វា​ជា​បង្កួយ​ឈ្មោល​ដោយសារ​មាន​បួរក (dewlap) ​វែង ប្រសិនបើ​ញី​មាន dewlap ​នេះ​ខ្លី​។ សត្វ​ប្រភេទ​នេះ រស់នៅ​តំបន់​ក្នុង​ព្រៃ​ស្រោង ពាក់កណ្តាល​ស្រោង​ និង​ព្រៃស្រោង​ចម្រុះ​ភាគ​ខាងលិច​ទន្លេមេគង្គ ដូចជា​តំបន់​ជួរ​ភ្នំក្រវាញ និង​ព្រៃឡង់​។

បើតាម​អគ្គនាយកដ្ឋាន​ដដែល​សត្វ​នេះ​វា​ស៊ី​សត្វល្អិត​ដូចជា ស្រមោច កណ្តៀរ និង​មេភ្លៀង​ជាដើម​។ ជាទូទៅ​វា​រស់​នៅតាម​ដើមឈើ ហើយ​អាច​ហោះ​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត វា​អាច​ហោះ​តែ​ពី​ទីតាំង​ដែល​ខ្ពស់​ទៅកាន់​ទីតាំង​ទាប​ជាង​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍