ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ចង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង ១៦៨ ចូលរួម​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​វិធានការ​ការពារ និង​អភិរក្ស​​ធនធាន​ធម្មជាតិ​ ខណៈ​ដែល​ប្រជាសហគមន៍​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ និង​អត្ថប្រយោជន៍​នៃ​ព្រៃឈើ​ឲ្យ​បាន​ច្រើន​។

នៅក្នុង​សន្និបាត​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​ ១ ឆ្នាំ​ ២០១៩ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​អង្គារ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ ៥០០ ​នាក់​ ថា​ទន្ទឹមនឹង​លទ្ធផល​ដែល​ទទួល​បាន​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ ដែល​លោកស្រី​ជឿជាក់​ថា​បញ្ហា​ប្រឈម​នេះ​គឺ​អាច​ដោះស្រាយ​បាន ដរាប​ណា​អ្នកពាក់ព័ន្ធ​លើកយក​បញ្ហា​ទាំង​នោះ​មក​ដាក់​លើ​តុ ហើយ​រួមគ្នា​រក​វិធី​ដោះស្រាយ​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​គួរតែ​យក​ឱកាស​នេះ ជជែក​គ្នា​ឱ្យ​ស៊ីជម្រៅ​អំពី​តួនាទី និង​ភារកិច្ច​របស់​បណ្តាញ​នៅ​គ្រប់​កម្រិត​ហើយ​និង​ការផ្សារភ្ជាប់​រចនាសម្ព័ន្ធ​យ៉ាងម៉េច​យន្តការ​យ៉ាងម៉េច ដែល​យើង​ត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឹង​ការងារ​បណ្តាញ​របស់​យើង​»​។

លោកស្រី ម៉ុម ថានី លើកឡើង​ថា ការ​បង្កើតជា​បណ្តាញ​គឺ​មិនមែន​គ្រាន់តែ​បង្កើត​ឱ្យតែ​បាន​នោះទេ គឺ​ត្រូវ​ឱ្យមាន​ដំណើរការ ហើយ​អាចជួយ​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ​ទិសដៅ​ចុងក្រោយ​គឺ​សម្រេច​បាន​នូវ​ការការពារ អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ធនធាន​ធម្មជាតិ​នៅ​គង់វង្ស​។ លើសពី​នេះ​ការប្រើប្រាស់​ផល និង​អនុផល​ព្រៃឈើ​គឺ​ត្រូវបាន​ធ្វើឡើង​ដោយមាន​និរន្តរភាព ហើយ​អ្វីដែល​សំខាន់​លទ្ធផល​ចុងក្រោយ​គឺ​ជីវភាព​របស់​ប្រជាសហគមន៍​មាន​ភាពល្អប្រសើរ​ជាង​មុន​។

លោកស្រី​បញ្ជាក់ថា​ការជជែក​គ្នា​នេះ​គួរតែ​រកឱ្យឃើញ​នូវ​អ្វី​ដែលជា​តម្រូវ​ការចាំបាច់​របស់​បណ្តាញ​នៅ​គ្រប់​កម្រិត​ដែល​ត្រូវឱ្យ​នាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​យកទៅ​ពិភាក្សា​គ្នា​បន្តទៀត​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ផែនការ​សកម្មភាព ដើម្បី​ពង្រឹងសមត្ថភាព ប្រសិទ្ធភាព​ក៏ដូចជា​ដំណើរការ​របស់​បណ្តាញ​ឱ្យមាន​ប្រសិទ្ធភាព​។

លោកស្រី ថានី នី​បញ្ជាក់ថា​៖ «​តែ​ខ្ញុំ​ជឿជាក់​ថា ប្រសិនបើ​អគ្គនាយកដ្ឋាន [​សហគមន៍​មូលដ្ឋាន​] ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ទាំង​ ១៦៨ អ៊ីចឹង​សមិទ្ធផល ឬក៏​លទ្ធផល​ដែល​យើង​នឹង​ទទួលបាន​យើង​ត្រូវ​គុណ​នឹង​ ១០ គុណ​នឹង​ ២០ ​ហ្នឹង​ទៅទៀត ព្រោះ​អីយើង​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​បងប្អូន​ដែលជា​សហគមន៍​តំបន់​ការពារធម្មជាតិ ព្រោះ​អស់លោក​ទាំងអស់​គ្នា​ស្ថិតនៅ​ជាមួយ​នឹង​សហគមន៍​ស្ថិត​នៅ​ជាមួយ​នឹង​ធនធានធម្មជាតិ​»​។

បើតាម​ឯកសារ​ទស្សនទាន ក្រសួងបរិស្ថាន គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន​បាន​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចំនួន ១៦៨ ​សហគមន៍ ហើយ​សហគមន៍​ទាំងអស់​នេះ​ត្រូវ​ចងក្រង និង​បង្កើត​ទៅជា​បណ្តាញ​ចំនួន ៣៥ ក្នុង​តំបន់​ការពារធម្មជាតិ​ចំនួន​ ២៤ ​ក្នុង​ខេត្ត​ចំនួន​ ១៧​។

លោក​ រ៉ាត់ រឿយ ​ប្រធាន​បណ្តាញ​សហគមន៍​មូលដ្ឋាន​ព្រះជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប​ដែល​បាន​ចូលរួម​សន្និបាត​នេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា បច្ចុប្បន្ន​លោក​មាន​តួនាទី​គ្រប់គ្រង​សហគមន៍​ចំនួន ៥ និង​ដឹកនាំ​ប្រធាន និង​សមាជិក​សហគមន៍​ទាំងអស់ ដើម្បី​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​នៅក្នុង​មូលដ្ឋាន​។

លោក​ថា​កាលពីមុន​មិនមាន​ការចូលរួម​ច្រើន​ពី​សហគមន៍ ដើម្បី​ចូលរួម​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ​នោះទេ ព្រោះ​តំបន់​នោះ​សម្បូរ​ទៅដោយ​ជនក្រីក្រ ហើយ​ពួកគាត់​រវល់​តែ​ជីវភាព​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ឥឡូវ​ពួកគាត់​មាន​ទឹកចិត្ត​ចូលរួម​ចំណែក​ការពារ​ច្រើន​នៅក្នុង​តំបន់​ដែលជា​សក្តានុពល​អេកូ​ទេសចរណ៍ ហើយ​ពួកគាត់​មាន​ចំណាប់​អារម្មណ៍​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ​។

លោក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការកាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​នៅ​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ​ដល់​ឆ្នាំ​ ២០១៧ ដែល​សកម្មភាព​បែបនេះ​កើត​មាន​ច្រើន​ពីព្រោះ​កាលនោះ​អ្នក​ដែល​កាប់​រុករាន​ដីព្រៃ មិនទាន់​មាន​ការយល់​ដឹង​ពី​សារៈប្រយោជន៍​ព្រៃឈើ​ដែលជា​សក្តានុពល​របស់​អេកូ​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ទៅលើ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែល​គាត់​នៅមាន​កម្រិត​តោកយ៉ាក​ខ្លាំង ហើយ​ខ្ញុំ​ចង់ឱ្យ​មាន​ការផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​នឹង​ការកាប់​ព្រៃ​ហ្នឹង និង​អត្ថប្រយោជន៍​របស់​ព្រៃឈើ​យើង​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​មូលដ្ឋាន​»៕