ភ្នំពេញ: នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ និង​មក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឲ្យ​បើកបរ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ចូលរួម​ទប់ស្កាត់​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

កម្មវិធី​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា យុទ្ធនាការ​នេះ​មាន​ការអប់រំ​ណែនាំ​ដល់​អ្នក​បើកបរ​យានយន្ត​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដាច់ខាត​។

លោកស្រី​បន្ត​ថា អ្នកបើកបរ​ត្រូវ​ចេះ​គោរព​សិទ្ធិ​អាទិភាព និង​មានការ​អធ្យាស្រ័យ​ខ្ពស់​រាល់ពេល​បើកបរ​ធ្វើ​យ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក៏ដូចជា​ព្រឹត្តិការណ៍​បុណ្យជាតិ​សំខាន់ៗ​ដទៃ​ទៀត​ដោយ​បាន​ចែកជូន​ឯកសារ​ពាក់ព័ន្ធ និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​រៀបចំ​កម្មវិធី​សួរ និង​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទទួល​បាន​មួក​សុវត្ថិភាព​។

លោកស្រី មាណវី បញ្ជាក់​ថា​ឯកសារ​មួយ​ចំនួន​ត្រូវបាន​ចែក​ដូចជា​ចែក​មួក​សុវត្ថិភាព​ចំនួន ២០០ ​មួក សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ១០០ ​ក្បាល សៀវភៅ​អ្វីដែល​អ្នកបើកបរ​ទោចក្រយានយន្ត​គួរ​យល់ដឹង​ចំនួន ១០០ ​ក្បាល ខិត្តប័ណ្ណ​ជំនួយ​ស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចំនួន ៦០០ ​សន្លឹក ស្ទិកឃ័រ​ចំណាំង​ប្លាត​ចំនួន ៥០០ ​សន្លឹក ស្ទិកឃ័រ​ និង​ផ្ទាំង​ស្ទិកឃ័រ​ចំណាំង​ប្លាត (​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​) ចំនួន ៣០ ​ផ្ទាំង​។

លោក ឡុង ធូ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​ថ្លែង​ទៅកាន់ Fresh News ថា សមត្ថកិច្ច​នឹងធ្វើ​តាម​ផែនការ​ធំ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​មុន និង​ក្រោយ​គឺ​ត្រូវ​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ត្រឡប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ​។

លោក​បញ្ជាក់ថា​៖ «​គោលការណ៍​រឹតបន្តឹង​គឺ​យើង​មិន​អនុគ្រោះ​រាល់​ការមិន​ពាក់មួក​គឺ​ត្រូវ​ពិន័យ ហើយ​ឲ្យ​គាត់​យក​មួក​មក​ពាក់ ហើយ​រឹតបន្តឹង​អ្នកបើកបរ​យានយន្ត​ដែល​មិន​ពាក់​ខ្សែក្រវាត់​គឺ​យើង​មាន​កម្លាំង​ត្រួតពិនិត្យ​ល្បឿន​នៅ​ផ្លូវជាតិ​លេខ​ ៤ លេខ​ ៥ និង​ផ្លូវជាតិ​សំខាន់​ផ្សេងៗ​ទៀត​»​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ស្ថានភាព​ចរាចរណ៍​ផ្លូវគោក​មាន​ភាព​មមាញឹក​ដោយ​កំណើន​ខ្ពស់​នៃ​យានយន្ត ហើយ​ដែល​តែងតែ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក៏ដូចជា​បុណ្យជាតិ​នានា​។ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​នៅក្នុង​រដូវ​បុណ្យជាតិ​ធំៗ​បែបនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តែងតែ​ធ្វើការ​អប់រំ​ជា​ហូរហែ​។

លោក គង់ រតនៈ នាយក​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការផ្សព្វផ្សាយ​នេះ ប៉ុន្ដែ​ក៏ត្រូវ​បន្ថែម​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង​ផងដែរ លើស​ពី​នេះ​ក៏​មាន​អ្នក​សេពគ្រឿង​ស្រវឹង គ្រឿងញៀន និង​អ្នក​ដែល​រំលោភ​លើផ្លូវ​អាទិភាព​របស់​អ្នកដទៃ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ៣៣ ​នាក់​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ ១០​ នាក់​។ ក្នុង​រយៈពេល​ ២៥ ​ថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១៣៥ ​នាក់ បង្ក​របួសធ្ងន់-ស្រាល​ចំនួន ៣៣៦ ​នាក់​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​ ២៥៧ ​លើក​៕