ភ្នំពេញៈ លោក ឡាំង ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​ពី​ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និង​អាជ្ញាធរខេត្ត​ដែល​ជាប់មាត់​សមុទ្រ​បាន​ពិភាក្សាគ្នា​ដើម្បី​ព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឡាំង ជា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៦ ខែមករា​ កន្លងមកនេះ​ថា ក្រសួង​មហាផ្ទៃ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឯកភាព​គ្នា​ពី​ការកំណត់​នូវ​សមត្ថកិច្ច​ចូល​បន្ថែម​នៅក្នុង​ផែន​ការពារជាតិ ដោយ​មាន​ការផ្ដល់​យោបល់​ពី​តំណាង​ខេត្ត​ទាំង ៤ ​ដែល​ជាប់​សមុទ្រ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ធានាបាន​នូវ​ការ​ទប់ស្កាត់បាន​ទាំងស្រុង​នូវ​បទល្មើស​នេសាទ​ធនធានធម្មជាតិ​ក្នុង​ដែនសមុទ្រ​។

លោក ជា បាន​ឲ្យ​ដឹងថា​៖ «​ពេលខ្លះ​អាជ្ញាធរ​លោក​មាន​ការពិបាក​ពិនិត្យមើល​ទាំងយប់​ទាំង​ថ្ងៃ ២៤ ​ម៉ោង​នៅលើ​សមុទ្រ ដូច្នេះ​ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការនេសាទ និង​ការគ្រប់គ្រង​ជលផល​នៅក្នុង​លម្ហ​សមុទ្រ និង​ទី​ ២ ដើម្បី​កិច្ចសហប្រតិបត្តិការ​ទាំង​ថ្នាក់​តំបន់​ និង​អន្តរជាតិ ហើយ​គោលការណ៍​តំបន់​និង​អន្តរជាតិ​គឺ​គេ​ចង់​ឲ្យ​រដ្ឋ​ជាប់​សមុទ្រ​ជាពិសេស​ក្នុង​តំបន់​ឲ្យ​មាន​ការសហការ​គ្នា​ល្អ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការនេសាទ​ខុសច្បាប់​»​។

លោក​បាន​ថ្លែងបន្ត​ថា​៖ «​ឈាន​ចេញពី​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ហ្នឹង គឺ​ក្រសួង​កសិកម្ម មាន​គំនិត​ផ្តួចផ្តើម​គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល​។ ទី ​២ អាច​រៀបចំ​ជា​សេចក្តី​ព្រាង​អនុក្រឹត្យ​ដើម្បី​រៀបចំ​ធ្វើ​ម៉េច​ពង្រឹង​សមត្ថកិច្ច​ទាំងអស់​គឺ​ដើម្បី​សហការ​គ្នា​ក្នុង​បង្ក្រាប​បទល្មើស នេសាទ​ដែល​ខុសច្បាប់ គ្មាន​ការអនុញ្ញាត យ៉ាង​ហោចណាស់​វា​មិន​បាន​ ១០០ ​ភាគរយ យ៉ាង​ហោចណាស់​វា​មាន​ប្រសិទ្ធភាព​ដែល​អាច​ទទួល​យក​បាន​ដែរ​»​។

បើ​យោងតាម​គេហទំព័រ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ​នេះ​បាន​ឲ្យ​ដឹងថា​ផែនការ​សកម្មភាព​ជាតិ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដែលមាន​សកម្មភាព​សំខាន់ៗ​ដូចជា​៖ ការកែសម្រួល ប្រព័ន្ធ​ច្បាប់ សេចក្តីព្រាង និង​ការអនុម័ត​ផែនការ​ជាតិ​ត្រួតពិនិត្យ និង​អធិការកិច្ច ការបណ្តុះបណ្តាល​អ្នក​អង្កេតការណ៍​កម្ពុជា និង​មន្ត្រី​អធិការកិច្ច​កំពង់ផែ​នេសាទ កាតព្វកិច្ច​ធ្វើ​របាយការណ៍ និង​ការកត់ត្រា​ប្រព័ន្ធ​តាមដាន​នាវា​នេសាទ​នៅ​កម្ពុជា​។

ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុប​បំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​ត្រូវ​បាន​រៀបចំ​ឡើង​ផ្អែកលើ​ផែនការ​សកម្មភាព​អន្តរជាតិ ផែនការ​សកម្មភាព​ថ្នាក់​តំបន់ និង​គោលការណ៍​ណែនាំ​របស់​អាស៊ាន​លេខាធិការដ្ឋាន​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍​ស្ដីពី​ការបង្ការ​ការនាំចូល​ផល ផលិតផល​ជលផល​ពី​សកម្មភាព​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​ចូល​ទៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម​។

គេហទំព័រ​នេះ​បាន​បន្តថា​៖ «​ផែនការ​សកម្មភាព​ជាតិ​មាន​គោលបំណង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង គ្មាន​ការអនុញ្ញាត​ដោយ​អនុវត្ត​វិធានការ​ដ៏ទូលំទូលាយ មាន​ប្រសិទ្ធភាព និង​តម្លាភាព និង​ដើម្បី​ផ្តល់​ប្រសិទ្ធភាព​ពេញលេញ​នូវ​ការអនុវត្ត​បទប្បញ្ញត្តិ​ដែលជា​ផ្នែក​សំខាន់​នៃ​កម្មវិធី​គ្រប់គ្រង​ជលផល​»​។

លោក​ វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​ខណៈ​ពេល​ដែល​លោក ស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះទេ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​។

លោក ប៉ិល កុសល អភិបាលរង​ខេត្តកំពត​ដែល​បាន​ចូលរួម​នៅក្នុង​​កិច្ចប្រជុំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​កាលពី​ថ្ងៃទី ១៦ ខែ​ មករា ឆ្នាំ ២០២០ ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ពី​កិច្ចប្រជុំ​នោះ​។ លោក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​៕