កំពង់ស្ពឺៈ មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​របស់​លោក ជា ហ៊ាន រួមគ្នា​ចុះ​រុះរើ​ខ្ទម​អនាធិបតេយ្យ​ជាង​ ១០ ​ខ្ទម​នៅ​ថ្ងៃ​នេះ ដែល​គេ​លួច​សាងសង់​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិតក្នុង​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​ដាក់​ឱសានវាទ​ ១០ ​ថ្ងៃ​ឲ្យ​រុះរើ​ចេញ​។

លោក​ ហ៊ុល ម៉ារ៉ា អនុប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្រុក​ឱរ៉ាល់​ថ្លែង​នៅ​ថ្ងៃទី​ ២៣ សីហា ថា សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​ឱរ៉ាល់​នឹង​ចុះទៅ​រុះរើ​ខ្ទម​ជាង​ ១០ ​របស់​ជនខិលខូច​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ថ្ងៃទី​ ២៥ ខែសីហា​នេះ​។ ពួក​ជនខិលខូច​បាន​នាំគ្នា​ទៅ​សាងសង់ រំលោភ​យក​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រមាណ​ជាង​ ៤០០ ​ហិកតា​នៅ​ទីតាំង​ខាងលើ​នេះ​។

លោក​បន្តថា ពួកគេ​បាន​នាំគ្នា​ធ្វើ​ខ្ទម​តូច​ក្បែរៗ​គ្នា ហើយ​កាប់​ឆ្ការព្រៃ​របោះ​តូចៗ និង​កាប់​ដើមឈើ​មួយចំនួន​ចោល ដើម្បី​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។ បន្ទាប់ពី​កាប់​ឆ្ការ​រួចរាល់​ពួកគេ​បាន​យក​ដើម​ចេក ដំឡូងមី ស្វាយ ស្វាយចន្ទី ដូង​ និង​ដំណាំ​រួមផ្សំ​មួយចំនួន​ទៀត​ទៅ​ដាំ​នៅលើ​ដី​នោះ​។

លោក​ ម៉ារ៉ា ​បញ្ជាក់​ថា​៖ «​យើង​បានដាក់​ឱសានវាទ​ឲ្យ​ពួកគាត់​រយៈពេល​ ១០ ​ថ្ងៃ​ចាប់​គិតពី​ថ្ងៃទី​ ១៤ ខែសីហា រហូតមក​។ ប៉ុន្ដែ​យើង​សង្កេត​មើលទៅ​គឺ​ពួកគាត់​នៅ​មិនទាន់​នាំគ្នា​ទៅ​រុះរើ​ខ្ទម​ទាំងអស់​ហ្នឹង​ចេញ​ទេ​។ អ៊ីចឹង​នៅ​ថ្ងៃទី​ ២៥ ខែ​សីហា​នេះ​យើង​នឹង​ចុះទៅ​រុះរើ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត និង​ស្រុក​ឱរ៉ាល់ ហើយ​នឹង​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ​ផងដែរ​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ ACNCIPO ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ សីហា ថា លោក និង មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង រួចហើយ​ដោយ​មាន​ជនខិលខូច​មិន​ស្គាល់​អត្តសញ្ញាណ ១​ ក្រុម​បាននាំគ្នា​ទៅ​កាប់ឆ្ការ ទន្ទ្រាន​ដីព្រៃ​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក​ថា ដី​ដែល​ពួកគេ​ឈូសឆាយ​រួច​មួយចំនួន​បាន​យក​ដំណាំ​ចេក ដូង ស្វាយ ខ្នុរ និង​ដំណាំ​ផ្សេងៗ​ទៀត​មក​ដាំ​លើដី​នេះ​។ លោក​សង្ស័យ​ថា មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ការរំលោភបំពាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​។

លោក​ប្រាប់ថា​៖ «​សកម្មភាព​កាប់ឆ្ការ​ហ្នឹង គឺ​គាត់​អត់​ប្រើប្រាស់​ត្រាក់ទ័រ​ទេ គឺ​គាត់​ប្រើប្រាស់​កាំបិទ ពូថៅ និង​ចបកាប់ ដើម្បី​ឲ្យ​មន្ត្រី​យើង​មើលឃើញ​ថា​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​។ ប៉ុន្ដែ​បើ​គាត់​ដាក់​គ្រឿងចក្រ​មក​ឈូសឆាយ គឺ​គេ​មើលឃើញ​ថា​ជា​ទ្រង់ទ្រាយ​ឈ្មួញ​ធំ​។ អ៊ីចឹង​គាត់​បង្វែរ​សកម្មភាព​នេះ គឺ​ចង់​បន្លំ​ភ្នែក​អាជ្ញាធរ​។ យើង​នៅ​មាន​ការសង្ស័យ​ច្រើន​ចំពោះ​អ្នក​នៅ​ពី​ក្រោយខ្នង គឺ​អាច​នឹងមាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ អ៊ីចឹង​នឹង​បន្ត​ស៊ើបអង្កេត​ករណី​នេះ​ទៀត​»​។

តាម​សេចក្ដី​ជូនដំណឹង​របស់​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចុះ​ថ្ងៃទី​ ១៤ សីហា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ការកាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ទីតាំង​ខាងលើ​នេះ​ជា​អំពើ​ល្មើស​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦២ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​តាម​ព្រះរាជក្រម​ចុះ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​​ ២០០៨​។

សេចក្ដី​ជូនដំណឹង​បន្តថា ជន​ទាំងឡាយណា​ដែល​ល្មើស​មាត្រា​ ៦២ ​នេះ​នឹងត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៤ (​ទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី​ ១៥ ​លាន​រៀល​ទៅ​ ១៥០ ​លាន​រៀល​។ ករណី​បុគ្គល​ប្រព្រឹត្តល្មើស​ជា​នីតិបុគ្គល​នោះ​ទោសពិន័យ​ជា​ទឹកប្រាក់​ពី​ ១៥០ ​លាន​រៀល ដល់​ ២៥០ ​លាន​រៀល​) និង​ត្រូវ​រឹបអូស​វត្ថុតាង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​៕