ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ចាត់ទុក​ការចល័ត​កម្លាំង​ប្រដាប់​អាវុធ ការហ្វឹកហ្វឺន​តាម​បណ្តោយ​ព្រំដែន និង​វិធានការ​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ជុំវិញ​គម្រោង​វិលត្រឡប់​របស់​មេដឹកនាំ​អតីត​គណបក្សប្រឆាំង រួមទាំង លោក​ សម រង្ស៊ី នា​ថ្ងៃទី​ ៩ វិច្ឆិកា​នោះ​ថា​ជា​វិធានការ​ដើម្បី​ការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម​។

មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​បែប​នេះ​បន្ទាប់ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​ ២ ខែ​វិច្ឆិកា បាន​ថ្កោលទោស​ និង​ចោទ​រដ្ឋាភិបាល​ថា​កំពុង​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ​រួមទាំង អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ផង ដើម្បី​រារាំង និង​ទប់ស្កាត់​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នា​ថ្ងៃទី​ ៩ ខែវិច្ឆិកា​។ ប៉ុន្តែ​ក្រុម​ប្រឆាំង​អះអាង​ថា ទោះបី​មាន​ការគំរាម​កំហែង ការរារាំង​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ​យ៉ាងណា​ក៏ដោយ ក៏​លោក​ សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​នៅតែ​ប្រកាន់​ជំហរ​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដដែល​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា​ជា​កាតព្វកិច្ច​សមត្ថកិច្ច​ត្រូវការពារ​អ្នកដំណើរ និង​ស្ថិរភាព សន្តិសុខ​នៅ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា​៖ «​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​គឺ​មាន​កាតព្វកិច្ច​ដែលមាន​ចែង​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​គឺ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​និរន្តរភាព​ការងារ​រដ្ឋ​។ កងកម្លាំង​ប្រដាប់អាវុធ​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ណាមួយ​មក​ធ្វើ​រដ្ឋប្រហារ​ទៅលើ​រាជរដ្ឋាភិបាល ដែល​កើតចេញ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះទេ​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​កងកម្លាំង​ប្រដាប់​អាវុធ​មាន​ភារកិច្ច​បង្ក្រាប ឬ​កម្ទេច ដោយ​ពុំមាន​លក្ខខណ្ឌ​ណាមួយ​។ ដូច្នេះ​ការចល័ត​កងទ័ព​គឺជា​កាតព្វកិច្ច​របស់​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​ការការពារ​សណ្តាប់​ធា្នប់​សាធារណៈ និង​នីត្យានុកូលភាព​របស់​រដ្ឋាភិបាល​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កងកម្លាំង​ប្រដាប់អាវុធ​»​។

ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​អាកាសចរ​ស៊ីវិល​កម្ពុជា​ដែល​បាន​ហាម​ក្រុមហ៊ុន​ហោះហើរ​ដឹក​លោក​ សម រង្ស៊ី និង​បក្ខពួក​ចូល​កម្ពុជា​លោក​ ផៃ ស៊ីផាន បាន​បញ្ជាក់ថា​៖ «​តាម​ខ្ញុំ​ដឹង​គេ​អត់​មាន​ហាម​ទេ​គ្រាន់តែ​គេ​ជូនដំណឹង​ថា ជន​នោះ​គឺជា​ជន​ក្បត់ជាតិ និង​រៀបចំ​រដ្ឋប្រហារ​។ និយាយ​ឱ្យចំ​រាជរដ្ឋាភិបាល​គ្មាន​សិទ្ធិ​ទៅ​ត្រួតត្រា​ទៅលើ​វិស័យ​ឯកជន​ទេ​ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ថា​ជន​ណា​ដែល​អាជ្ញាធរ​កំពុង​តាមរក​ចាប់​»​។

លោក​ ផៃ ស៊ីផាន បញ្ជាក់​ថា​រដ្ឋាភិបាល​ផ្តោត​អាទិភាព​លើ​ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​។ ក្រុមប្រឆាំង​រៀបចំ​សកម្មភាព​ធ្វើ​រដ្ឋប្រហារ​ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​។

លោក​ថា​៖ «​ហើយ​វា​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​។ រីឯ​ការចាប់​ខ្លួន​នាំខ្លួន​ហ្នឹង​គឺជា​កាតព្វកិច្ច​ដែល​យើង​ទទួល​បាន​ពី​ស្ថាប័ន​តុលាការ​ដែល​បង្គាប់​ឲ្យ​យើង​នាំខ្លួន​ទណ្ឌិត​ សម រង្ស៊ី ​ហ្នឹង​យក​ទៅ​តុលាការ​»​។

លោក​បន្តថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ជាដាច់ខាត​នូវ​ទង្វើ​ណា​ដែល​ចង់​ធ្វើការ​ផ្តួលរំលំ​ឱ្យ​កើតមាន​ឡើយ​ហើយ​ថា​អាជ្ញាធរ​បង្ក្រាប​ចលនា​ទាំងនោះ​។ លោក​អះអាង​ថា​ «​មិនមាន​ន័យថា​រដ្ឋាភិបាល​ខ្លាច​ សម រង្ស៊ី ​នោះ​ទេ​តែ​រាជរដ្ឋាភិបាល​មាន​កាតកិច្ចការពារ​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ធ្វើការ​ឆ្លើយតប​។ ដូច្នេះ​ពុំ​មាន​ការរារាំង ឬ​បង្ក​ឧបសគ្គ​សម្រាប់​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី ​នោះ​ទេ​»​។

លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរណ៍​ស៊ីវិល​បាន​អះអាង​ថា ការវិល​មកកាន់​ប្រទេស​កម្ពុជា​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​នេះ គឺ​មក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ ដូច្នេះ​លោក​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ហោះហើរ​ណាមួយ​ដឹក​លោក​ សម រង្ស៊ី ​មក​កម្ពុជា​ទេ​។ បើ​ក្រុមហ៊ុន​ហោះហើរ ឬ​អ្នកបើក​យន្តហោះ​ដែល​ហ៊ាន​ដឹក​លោក​ សម រង្ស៊ី មក​នោះ​នឹងត្រូវ​មាន​ទោស​ពី​បទ​រួមគំនិត​ក្បត់​ជាមួយ​លោក​ សម រង្ស៊ី​។ នេះ​បើ​យោងតាម​ការស្រង់​សម្តី​ដោយ​ទូរទស្សន៍​បាយ័ន​កាលពី​ថ្ងៃទី​ ៣១ ​ខែ​តុលា​។

លោក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​យើង​រៀបចំ​ធ្វើឲ្យ​បាន​មុន​ថ្ងៃ​ ៩ ​ដែល​ជា​ថ្ងៃ​ទណ្ឌិត​ សម រង្ស៊ី ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ អ៊ីចឹង​តាម​ផ្លូវ​អាកាស​នេះ យើង​បាន​រៀបចំ​ក្រុម​ការងារ សុទ្ធតែ​ជា​អ្នកជំនាញ​ និង​បច្ចេកទេស​សំខាន់​។ យើង​បាន​ត្រៀម​លក្ខណៈ​រួចស្រេច ហើយ​ទោះបី​ជា​ (​គាត់​) ​មក​ច្រក​ណា ក៏​យើង​បាន​ដឹង​ជា​មុន​ដែរ​ជាពិសេស​យើង​បាន​សហការ​ខ្លាំង​ជាមួយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវអាកាស​ដែល​បាន​ព័ត៌មាន​ពី​អ៊ែរឡាញ​ទាំងអស់ និង​ព្រលានយន្តហោះ​ទាំង​ ៣ ហើយ​ក៏​យើង​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​អេឡិចត្រូនិក គ្រាន់តែ​គាត់ check-in ហើយ​រៀប​ឡើង​យន្តហោះ យើង​ដឹង​ភ្លាម​»​។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​លោក​ ជា អូន ថ្លែង​បដិសេធ​ថា​ខាង​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ពុំ​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៤៧ ​មិន​ឱ្យ​យន្ដហោះ​ទាំងនោះ​ដឹក​លោក​ សម រង្ស៊ី នោះទេ​។ គ្រាន់តែ​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​ដឹង​ជា​មុន​ថា​ការ​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី គឺ​មក​ធ្វើ​រដ្ឋប្រហារ ដូច្នេះ​ក្រុមហ៊ុន​យន្តហោះ​ដឹង​ហើយ​គាត់​នឹង​មិន​ហ៊ាន​ដឹក​ពួកគេ​ចុះចត​នោះទេ​។

លោក​ ជា អូន បញ្ជាក់​ថា​៖ «​យើង​គ្រាន់តែ​ស្នើថា គាត់​មិនមែន​ជន​ក្បត់ជាតិ ដែល​មាន​ត្រឹម​តែ​មាន​សាលក្រម​ពី​តុលាការ​នោះទេ​។ គាត់​មក​ក្នុង​គោលដៅ​ធ្វើ​រដ្ឋប្រហារ​នៅពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ដឹងថា ជន​ហ្នឹង​មក​បង្ក​ឲ្យ​ប្រជាជន​បះបោរ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រាជរដ្ឋាភិបាល​គាត់​មិន​ហ៊ាន​ដឹក​ទេ​។ ទោះជា​យើង​មិន​ប្រាប់​គេ ក៏​គេ​មិន​ហ៊ាន​ដឹក​ដែរ​។ វា​មិនមែន​ជា​រឿង​គំរាម​អី​ទេ​។ យើង​គ្រាន់តែ​ជូនដំណឹង​ឲ្យ​គាត់​យល់ ហើយ​បើ​គាត់​ដឹក គាត់​នឹង​ខុស​»​។

កាលពី​ថ្ងៃទី​​ ១ ខែ​វិច្ឆិកា​កម្លាំង​ដែល​រួមមាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​ដែល​សុទ្ធតែ​បំពាក់​ទៅ​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រប់​ធុន​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើការ​ចល័ត​ពង្រាយ ហ្វឹកហ្វឺន និង​ត្រៀម​ជើងការ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ​។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ ថា ការហ្វឹកហ្វឺន និង​ការពង្រាយ​កងកម្លាំង​ដែល​រួមមាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​នៅតាម​បណ្តោយ​ព្រំដែន​គឺជា​ការត្រៀម​ចាប់ខ្លួន​លោក សម រង្ស៊ី យក​ទៅ​ដាក់គុក ហើយ​រាល់​វិធានការ​របស់​កងកម្លាំង​សមត្ថកិច្ច​គឺ​ធ្វើទៅ​តាមច្បាប់​។

លោក​បញ្ចាក់​ថា​៖ «​យើង​រង់ចាំ​តែ​សំពង​ក្បាល ហើយ​ចាប់​ដាក់គុក​មេៗ​វា​។ យើង​មិន​មាន​អី​ត្រូវ​ឆ្លើយតប​ទេ​។ យើង​មានតែ​អនុវត្ត​ច្បាប់ តែ​ប៉ុណ្ណឹង​។ យើង​ស្វាគមន៍​នៅពេល​ដែល​ (​សម រង្ស៊ី​) មក​យើង​នឹង​ចាប់​»​។

លោក​បន្តថា​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​សមត្ថកិច្ច​នឹង​ធ្វើការ​ចាប់​មេខ្លោង​ដែល​មាន​បំណង​ធ្វើ​រដ្ឋប្រហារ​។ រដ្ឋាភិបាល​ត្រូវតែ​ការពារ​សុខ សន្តិភាព និង​ការអភិវឌ្ឍ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​នាពេល​បច្ចុប្បន្ន​នេះហើយ​មិន​ចង់​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​កលយុគ​ដូច​ប្រទេស ស៊ីរី និង​លីប៊ី​នោះឡើយ​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីតបក្ស​សង្គ្រោះជាតិ​លោក​ អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា​វិធានការ​របស់​រដ្ឋាភិបាល​គឺ​ដើម្បី​រារាំង​គ្រប់​មធ្យោបាយ​ និង​គ្រប់រូបភាព​មិន​ឲ្យ​លោក​ សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​តាម​ការគ្រោងទុក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​មើលឃើញ​ថា លោក​ សម រង្ស៊ី មិនមាន​លទ្ធភាព​ចូល​មក​ក្នុង​ប្រទេស​វិញ​ទេ​ហើយ​វិធានការ​របស់​រាជរដ្ឋាភិបាល​ជា​ការឆ្លើយតប​លើស​ពី​អ្វីដែល​អាច​កើតឡើង​បើសិន​ជា​រាជរដ្ឋាភិបាល​ចង់​ចាប់​លោក​ប្រធាន សម រង្ស៊ី មែន លោក​មិន​ចាំបាច់​ប្រកាស​ឲ្យ​អាកាសចរណ៍ មិន​ដឹក​លោក ទុក​ឲ្យ​គាត់​ចូល​មក​ទទួលទោស​។ តាមមើល​ទៅ​នេះ​ជា​ចេតនា​របស់​រាជរដ្ឋាភិបាល​មិន​ចង់​ចាប់​លោក​ប្រធាន​លោក​ សម រង្ស៊ី ដូចដែល​យើង​បាន​ឃើញ​ការដាក់​កម្លាំង​ទ័ព និង​ការ​ចល័ត​ទ័ព​»​។

លោក​បន្ថែមថា រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំង​បាននិង​កំពុង​តែ​រុញច្រាន​ស្ថានភាពរ​នយោបាយ​ឲ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដែល​នឹងមិន​ចំណេញ​ដល់​ប្រទេស​កម្ពុជា​។ ភាគី​ទាំង​ ២ ​គួរតែ​ព្យាយាម​កាត់បន្ថយ​ភាពតានតឹង​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​។

លោក​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​ថ្លែងថា វិធានការ​ប្រឆាំង​លោក សម រង្សី មិន​សមាមាត្រ​គ្នា​ទេ​ដោយសារ​តែ​មាន​កងកម្លាំង​សន្តិសុខ​ទាំងមូល​កំពុង​ត្រូវបាន​ពង្រាយ​ ដើម្បី​ចាត់ការ​លោក​ សម រង្សី​។ លោក​លើកឡើង​ថា​រាជរដ្ឋាភិបាល​ហាក់​ព្យាយាម​រារាំង​លោក​ សម រង្ស៊ី ​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

លោក​បន្ថែមថា​៖ «​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ក្តាប់​តូច​អាច​ចាប់ខ្លួន​លោក​ សម រង្សី យ៉ាង​ងាយស្រួល នៅពេល​លោក​ រង្ស៊ី ​ត្រឡប់​មកវិញ​។ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​លោក​ សម រង្សី ឲ្យ​បង្ហាញខ្លួន​នៅ​តុលាការ ដើម្បី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​លើ​រូបលោក​។ ទោះបី​យ៉ាង​នេះ​ក្តី អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បាន​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​លោក​ សម រង្សី មកកាន់​ (​ស្រុក​កំណើត​) ​របស់​គាត់​វិញ​។ ទាំងនេះ​ចម្លែក​បន្តិច ហើយ​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​ចង់​ចាប់​រូបលោក​ សម រង្ស៊ី ឬ​រារាំង​លោក​មិន​ឲ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ​»​។

សេចក្តី​ប្រកាស​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​៖ «​ការរារាំង និង​ការទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ពី​សំណាក់​របប​ក្រុងភ្នំពេញ​នាពេល​នេះ​គឺជា​ទង្វើ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​មាត្រា​ ៣១ មាត្រា​ ៣៣ និង​មាត្រា​ ៤០ ​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។ ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នា​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ គឺជា​មធ្យោបាយ​តែមួយ​គត់​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដែល​កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ ដោយ​រួមការ​សង្គ្រោះ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ពី​សហភាព​អឺរ៉ុប និង​ GSP ពី​សហរដ្ឋអាមេរិក​»៕

វីដេអូ៖