ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ​ដែលដាក់​ពិន្ទុថា ​សេរីភាព​​នៅកម្ពុជា «មិនសេរី»​ នោះ ​ថា​ជា​ការ​លើកឡើង​មាន​ចរិត​នយោ​បាយ ​និង​មិន​ឆ្លុះបញ្ចាំង​លើ​ទិដ្ឋភាព​រួម​ ខណៈ​សង្គម​ស៊ីវិល​យល់​ថា ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។

លោក ជិន​ ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​និយាយ​ថា ​របាយការណ៍​របស់​ Freedom House មិន​ឆ្លុះ​បញ្ចាំង​លើ​ទិដ្ឋភាព​រួម​នៃ​សេរីភាព​របស់​ពលរដ្ឋ​​ទេ គឺ​ផ្ដោត​ទៅ​លើ​តែ​មួយ​ផ្នែក​ គឺ​សិទ្ធិ​នយោបាយប៉ុណ្ណោះ។ ប៉ុន្តែ​សេរី​ភាព​ជា​ទូទៅ​ សម្រាប់​ពលរដ្ឋ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។

លោក​មានប្រសាសន៍​ថា​៖ «បើ​និយាយ​​ពី​ទិដ្ឋភាពរួម​នៃ​សិទ្ធិ​សេរីភាព​វា​ពាក់​ព័ន្ធ​លើ​គ្រប់​វិស័យ​ទាំង​អស់​រួម​មាន​សិទ្ធិ​សេដ្ឋ​កិច្ច សង្គម​កិច្ច ​វប្បធម៌ ​ពលរដ្ឋ​ នយោបាយ ​និង​សិទ្ធិ​របស់​ក្រុម​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​កុមារ ស្ត្រី ជន​ពិការ ជន​ជាតិ​ភាគតិច ជន​ភៀស​ខ្លួន​ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា»។

លោក​បន្ត​ថា៖ «បើ​យើង​មើល​ជា​រួម​ នៃ​ទិដ្ឋភាព​បច្ចេកទេស ​នៃ​សិទ្ធិ​សេរីភាព​លើ​គ្រប់​វិស័យ​ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ តាម​រយៈ​សុខសន្តិភាព កម្រិត​នៃ​ការ​អភិវឌ្ឍ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​កំណើន​សេដ្ឋកិច្ច​អី​ជា​ដើម។ របាយ​ការណ៍​នេះ​មាន​ចរិត​ជា​នយោបាយ​ច្រើន​ជាង​ដោយ​ផ្ដោត​ទៅ​លើ​តែ​ទិដ្ឋភាព​នយោបាយ គឺ​មាន​ការ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​សង្គម​ស៊ីវិល​ អនុវត្ត​ច្បាប់​ទៅ​លើ​បណ្ដាញ​សារព័ត៌មាន ការ​អនុវត្ត​ច្បាប់​ ទៅ​លើ​គណបក្ស​នយោ​​បាយដែល​បំពាន​ច្បាប់។ អ៊ីចឹង​ពេល​យើង​អនុវត្ត​ច្បាប់​លើ​ក្រម​ទាំងអស់​នេះ​គាត់ វាយ​តម្លៃ​ថា ​សេរីភាព​មាន​ការ​ធ្លាក់​ចុះ»។

អង្គការ​ឃ្លាំ​មើល​សេរីភាព​នៅ​ពិភព​​លោក Freedom House កាល​ពី​ថ្ងៃ​អង្គារ​បាន​ចេញ​របាយការណ៍​អំពី​កម្រិត​សេរីភាព​នៅ​លើ​ពិភពលោក ​ហើយ​បាន​រក​ឃើញ​ថា ​កម្ពុជា​ «មិនសេរី»។ របាយការណ៍​នេះ​គឺ​ជា​ការ​ឃ្លាំ​មើល​សិទ្ធិ​សេរី​ភាព​ក្នុង​ឆ្នាំ​ ២០១៨ គិត​ចាប់​ពី​ថ្ងៃ​ទី​ ១ មករា ដល់​ ៣១ ធ្នូ ដោយ​បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​ ២៦ ​លើ​ ១០០។ វិធី​សាស្ត្រ​កំណត់​សេរីភាព​បាន​កំណត់​ថា​ ប្រទេស​ដែល​បាន​ពិន្ទុ ០ មានន័យ​ថា ​«មិន​សេរី​ខ្លាំង» ហើយ​ពិន្ទុ​ ១០០ ជា​ប្រទេស​ដែល​មាន​សេរីភាព​ខ្លាំង។ កាល​ពី​ឆ្នាំ ​២០១៨ Freedom House ក៏​បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​ថា «មិន​សេរី»​ ដែរ ដោយ​ពិន្ទុ​ ៣០​ លើ​ ១០០ គឺ​ច្រើន​ជាង​ឆ្នាំ​នេះ​ ៤ ​ពិន្ទុ។

យោង​តាម​របាយការណ៍​បង្ហាញថា​ ការ​ធ្លាក់​ចុះ​ ៤ ​ពិន្ទុ​ គឺ​នៅ​ក្នុង​ផ្នែក​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ស៊ីវិល។ នៅ​ក្នុង​ផ្នែក​នេះ​របាយការណ៍​បាន​យោង​លើ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​ ២០១៨ ដោយ​លើក​ឡើង​ថា ​មិន​បាន​ផ្ដល់​ជម្រើស​​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក​បោះឆ្នោត បង្កើត​ឲ្យ​មាន​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​​ឯកបក្ស គណៈ​កម្មាធិការ​បោះ​ឆ្នោត​មាន​ទំនាក់​ទំនង​នឹង​បក្ស និង​ការ​មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​សំខាន់​ជាង​គេ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត។​

របាយការណ៍​ដដែល​ប​ន្តថា សេរីភាព​នៅ​លើ​ពិភពលោក​ ជា​ពិសេស​សិទ្ធិ​នយោ​បាយ​ និង​សេរីភាព​ស៊ីវិល​ បាន​បន្ត​ធ្លាក់​ចុះ​រយៈ​ពេល​ ១៣​ ឆ្នាំ​ជា​បន្ត​បន្ទាប់ គិត​ចាប់​ពី​ឆ្នាំ​ ២០០៥ ​មក។​ ប្រទេស​​ជិតខាង​របស់​កម្ពុជា​ក៏ ​​«មិន​សេរី»​ ដែរ ដោយ​ប្រទេស​ឡាវ​ទទួល​បាន​ពិន្ទុ ​១៤ លើ​១០០ វៀតណាម ២០ ​លើ ​១០០ និង​ថៃ ៣០ លើ ​១០០។ កម្ពុជា​ក៏​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​​ប្រទេស​ចំនួន​ ១០ ដែល​មាន​ការ​វិវឌ្ឍគួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​អំឡុង​នៃ​ការ​ឃ្លាំ​មើល​នេះ ដែល​ការ​វិវឌ្ឍ​នេះ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ហើយ​គួរ​តែ​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ឆ្នាំ ២០១៩។

របាយការណ៍​ថា​៖ «នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន សែន ​ការពារ​ការ​កាន់​អំណាច​ស្ទើរ​ទាំង​ស្រុង​ របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ផ្អៀង​ទៅ​ម្ខាង​ ដែល​ធ្វើ​ឡើង​ក្រោយ​ពេល​គណបក្ស​​ប្រឆាំង​សំខាន់​ជាង​គេ​ត្រូវ​បាន​រំលាយ ហើយ​សារព័ត៌មាន​ឯក​រាជ្យ​ត្រូវ​បាន​បិទ»។

លោក​ សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត្យសភា​​កម្ពុជា ថ្លែង​ថា​ លោក​បាន​មើល​របាយ​ការណ៍​នោះរួចហើយ​ ហើយ​ថា ​ការ​វាយ​តម្លៃធ្វើ​ឡើង​តាម​ក្បួន​ខ្នាត​របស់​គេ ​ដោយ​មិន​បាន​ផ្អែក​លើ​ច្បាប់​កម្ពុជា។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ប្រទេស​ថៃ​មាន​ពិន្ទុ​ល្អ​ជាង​កម្ពុជា ខណៈ​ដែល​ថៃ​កំពុង​គ្រប់​គ្រង​ដោយ​យោធា ហើយ​ការបោះ​ឆ្នោត​មិន​ដែល​ស្ថិត​ស្ថេរ​ដល់​ទី​បញ្ចប់។ ចំពោះ​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​ថា​ សារ​ព័ត៌មាន​​ខ្លះ​មិន​គោរព​វិជ្ជា​ជីវៈ​របស់​ខ្លួន​ ខណៈ​ដែល​សិទ្ធិ​បញ្ចេញ​មតិ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់។

លោក​ថ្លែង​ថា​៖ «អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក ​និង​ធ្វីធើរ កន្លង​មក​មិន​ដែល​មាន​ការ​ចាប់​ខ្លួន​ទេ។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ ដូច​ជា​សកម្មជន​ គណបក្ស​ប្រឆាំង​ដែល​និយាយ​ខុស​ពី​ការ​ពិត។ វា​ជា​ធម្មតា​ទេ​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ សេរីភាព​ត្រូវ​បាន​កម្រិត។ យើង​មិន​អាច​មាន​សេរី​ភាព​ហើយ​និយាយ​តាម​តែ​ចិត្ត​ចង់​ទេ។ អ្នក​ខ្លះ​នៅស្រុក​ខ្មែរ​ មិន​ទាំង​យល់​សេរីភាព​ផង គេ​ចាក់​បាស់​ខ្លាំងៗ​ហើយ​ថា​ ជា​សេរីភាព​របស់​គេ»។

លោក​ស្រី ចក់ សុភាព ​នាយិកា​ប្រតិ​​បត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​ បាន​ថ្លែង​តាម​អ៊ីមែល​ថា​ ការទទួល​បាន​ពិន្ទុ​ទាប​ខ្លាំង​នេះ​បង្ហាញ​ពី​ការធ្លាក់​ចុះ​សេរីភាព​មូលដ្ឋាន​ សេរីភាព​ផ្នែក​ស៊ីវិល​នៅ​កម្ពុជា ​ដែល​កាន់​តែ​អាក្រក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

លោក​ស្រី​ថ្លែង​ថា​៖​ «ការ​ដាក់​ចំណាត់​ថ្នាក់​ថា​ «មិនសេរី» បានបញ្ជាក់​ថា​ មាន​ការ​ធ្វើ​ឲ្យ​ខូច​ដល់​សេរីភាព​នៅ​ក្នុង​ប្រទេស​នេះ ក្រោយ​ពេល​បិទ​លម្ហសម្រាប់​សង្គម​ស៊ីវិល​ ការ​អនុម័ត​ច្បាប់​​ និង​បញ្ញត្តិ​ ដែល​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន ការ​រឹត​ត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ និង​បក្ស​ប្រឆាំង ការ​បៀតបៀន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ប្រព័ន្ធ​តុលាការ និងការ​កើន​ឡើង​នៃ​ការឃ្លាំ​មើល​លើ​ប្រព័ន្ធ​ឌីជីថល។ កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ខូច​ដល់​នីតិ​រដ្ឋ និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។

លោក​ស្រី​និយាយ​ថា​ ដើម្បី​ធ្វើ​ឲ្យ​សេរី​ភាព​មាន​ភាពប្រសើរ​ឡើង ​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព មាន​បរិយាកាស​ល្អ​ និង​គោរព​ដល់​សង្គម​ស៊ីវិល ដោយ​រួម​មាន​ការ​ដក​វិធានការ​ និង​គោល​ការណ៍​ច្បាប់​ ដែល​កម្រិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​​របស់​សមាគម និង​ការ​ជួបជុំ។

លោក​ស្រី​ថា៖ «ដើម្បី​ឲ្យ​មាន​សេរីភាព​ពិត​ប្រាកដ​នៅកម្ពុជា យើង​ត្រូវ​តែ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​អំពើ​អយុត្តិធម៌​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច»។

លោក សឹង​ សែន​ករុណា ​មន្ត្រី​ស៊ើប​​អង្កេត​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និយាយ​ថា​របាយការណ៍​ខាងលើ​ ឆ្លុះ​បញ្ចាំង​ពី​សេរីភាព​នៅ​កម្ពុជា។

លោក​ថា​៖ «យើង​ឃើញ​មាន​ការ​ចាត់​វិធានការលើ​អ្នកបញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់។ អ៊ីចឹង​អាច​ថា ​វា​ជា​ហេតុ​ផល​មួយ​នៃ​ការ​ទម្លាក់​ពិន្ទុ​ហ្នឹង​ដែរ»៕